ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! ហេតុអ្វី​ទើប​មនុស្ស​ស្គម​ចាំបាច់​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ដែរ​?
08, Jul 2020 , 6:59 am        
រូបភាព
​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​មិនមែន​សម្រាប់តែ​អ្នក​ធាត់​ឡើយ ប៉ុន្តែ​គឺ​ចាំបាច់​ណាស់​ចំពោះ​អ្នក​គ្រប់គ្នា​ដើម្បី​អាច​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។ ការធ្វើ​លំ​ហាត់ប្រាណ​អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​។ មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​ដែល​អ្នក​ស្គម​ក៏​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ដែរ ៖

 
១. ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្វាហាប់​
 
​វា​ជាការ​សំខាន់​ណាស់​ក្នុង​ការធ្វើ​លំ​ហាត់ប្រាណ​ជាពិសេស​ប្រសិនបើ​អ្នករស់នៅ​ក្នុង​ជាមួយ​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​រវល់​ខ្លាំង​។ ប្រសិនបើ​អ្នក​ស្គម ហើយ​ងាយ​នឹង​អស់កម្លាំង​ការធ្វើ​លំ​ហាត់ប្រាណ​អាចជួយ​ផ្ដល់ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម ព្រមទាំង​ភាពស្វាហាប់​ដើម្បី​បំពេញ​សកម្មភាព​ផ្សេងៗ​ប្រចាំថ្ងៃ​។​
 
២. វា​ល្អ​ចំពោះ​សុខភាព​ស​សៃ​ឈាម​បេះដូង​
 
​ការធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់​ពី ៤ ទៅ ៥ ដង​ក្នុង​មួយ​សប្តាហ៍​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​បេះដូង​ផ្សេងៗ​ពិសេស​ជំងឺ​គាំងបេះដូង ជំងឺ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​គួរឱ្យកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​និង​គ្រប់គ្រង​សម្ពាធ​ឈាម​។​
 
៣. ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​អ្នក​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​បន្ថែម​ប្រសិនបើ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ហាក់ដូចជា​មិន​រឹងមាំ​សោះ​។ ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​រាងកាយ​ល្អប្រសើរ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ ឬ​កាឡូរី​ដែល​លើស​ចេញពី​រាងកាយ​ឡើយ ប៉ុន្តែ​ក៏​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេងៗ​ផងដែរ​។​
 
៤. វា​ជួយ​ទប់ទល់​នឹង​អាកា​រៈ​នៃ​បញ្ហា​ធ្លាក់​ទឹកចិត្ត​និង​ជំងឺ​ថប់​បារម្ភ​
 
​នោះ​ក៏​ព្រោះតែ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ទប់ទល់​បញ្ហា​ថប់​បារម្ភ​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​។ ការធ្វើ​លំ​ហាត់ប្រាណ​ពិតជា​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​រីករាយ​ដោយ​វា​មាន​ប្រសិទ្ធភាព​បង្កើន​ការផលិត​អ័រម៉ូន​រីករាយ endorphins​។​
 
៥. ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជួយ​ឱ្យ​អ្នក​គេង​លក់បាន​ស្កប់​
 
​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​គេង​មិន​លក់​មែន​ទេ​? កុំ​បារម្ភ​! ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​ហើ​ត​អ្នកនឹង​អាច​ឆាប់​គេង​លក់​និង​ថែមទាំង​គេង​លក់បាន​ស្កប់​ទៀតផង​។ ទោះជា​យ៉ាងណា​មិនគួរ​ធ្វើ​លំ​ហាត់ប្រាណ​រយៈពេល​ពី ២ ទៅ ៣ ម៉ោង​មុន​គេង​ឡើយ​។​
 
៦. ពង្រឹង​សុខភាព​សាច់ដុំ​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្កើត​និង​រក្សា​សាច់ដុំ​។ ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​នោះ​សាច់ដុំ​អាច​នឹង​ប្រែជា​ចុះខ្សោយ​ទៅៗ​។ ជាក់ស្ដែង​សាច់ដុំ​អាច​នឹង​រួម​តូច​ប្រសិនបើ​អ្នក​មិន​ប្រើប្រាស់​វា​សោះ​តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ​ផ្សេងទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com