អន្តរជាតិ
ចិន ដកទ័ពខ្លះចេញពីតំបន់ព្រំដែនជម្លោះជាមួយឥណ្ឌា ក្រោយជំនួបមន្រ្តីជាន់ខ្ពស់
07, Jul 2020 , 3:43 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី (ពាក់ម៉ាស់ពណ៍ស) ធ្វើដំណើរទស្សនកិច្ចទៅមូលដ្ឋានយោធានៅក្នុងតំបន់ Ladakh។ រូបភាព៖ AP
លោកនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី (ពាក់ម៉ាស់ពណ៍ស) ធ្វើដំណើរទស្សនកិច្ចទៅមូលដ្ឋានយោធានៅក្នុងតំបន់ Ladakh។ រូបភាព៖ AP
ចិន បានរុះរើតង់ សំណង់យោធា និងដករថយន្តយោធា ចេញពីតំបន់ជម្លោះមួយចំនួន។ មន្រ្តីយោធាឥណ្ឌា បានលើកឡើងបែបនេះ នៅថ្ងៃទី៦ ខែកក្កដា។ ការដកកងទ័ពរបស់ចិន នៅតាមតំបន់ជម្លោះទាំងនេះ ធ្វើឡើងបន្ទាប់ពីជំនួបតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោកវ៉ាង យី ជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោកAjit Doval នាថ្ងៃទី៥ ខែកក្កដា។


កម្តៅនៅតាមព្រំដែនរវាងចិន និងឥណ្ឌា ហាក់ថមថយបន្តិច បន្ទាប់ពីជំនួបរវាងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និង លោកAjit Doval ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា តាមទូរស័ព្ទរយៈពេលពីរម៉ោង។ ភាគីទាំងពីរ បានយល់ព្រមដកទ័ពចេញតំបន់ព្រំដែនជម្លោះមួយចំនួន ដើម្បីស្តារសន្តិភាព និងភាពស្ងប់ស្ងាត់តាមព្រំដែនឡើងវិញ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានជជែកយ៉ាងស៊ីជម្រៅជុំវិញបញ្ហាព្រំដែននេះផងដែរ ហើយសន្យាថានឹងដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី និងតាមកិច្ចចរចា។ 
 
បន្ទាប់ពីជំនួបចរចានេះ ភាគីចិន បានចាប់ផ្តើមដកកងទ័ពមួយចំនួន នៅតាមតំបន់ព្រំដែនជម្លោះ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg មន្រ្តីយោធាឥណ្ឌា បានបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន បានរុះរើតង់ សំណង់យោធា និងដករថយន្តយោធា ចេញពីតំបន់ជម្លោះមួយចំនួនដូចជា ជ្រលង Galwan និងតំបន់ Hot Springs នៅភាគឦសាននៃតំបន់ Ladakh ជាដើម។
 
កាលពីពាក់កណ្ដាលខែមិថុនា ការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពចិន និងឥណ្ឌា នៅជ្រលង Galwan ក្នុងតំបន់ Ladakh បានបណ្តាលឲ្យកងទ័ពឥណ្ឌា ២០នាក់បាត់បង់ជីវិត និងរបួសជាច្រើននាក់ ខណៈចិនមានស្លាប់ និងរបួសដូចគ្នា ប៉ុន្តែនៅតែមិនទាន់បញ្ចេញតួលេខ។ ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងញូវដែលី កើនឡើងជាថ្មី។ មេបញ្ជាការយោធាប្រទេសទាំងពីរ បានជួបគ្នារហូតដល់ទៅ ៣ដង ដើម្បីបន្ធូរបន្ថយភាពតានតឹង។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី៦ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានលើកឡើងថា ជំនួបចរចាយោធាឥណ្ឌា-ចិនលើកទី៣ នាថ្ងៃទី៣០ ខែមិថុនា បានយល់ព្រមអនុវត្តកិច្ចព្រមព្រៀង នៃកិច្ចចរចាទាំងពីរលើកមុន ដើម្បីកាត់បន្ថយភាពតានតឹង និងដកទ័ពនៅតំបន់ជម្លោះព្រំដែនជួរមុខ។
 
សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងចិន និងឥណ្ឌា នាថ្ងៃទី១៥ ខែមិថុនាកន្លងទៅ ត្រូវបានភាគីចិន និងឥណ្ឌា ចោទគ្នាទៅវិញទៅមក។ បញ្ហាមួយដែលបណ្តាលឲ្យយក្សនុយក្លេអ៊ែរទាំងពីរប៉ះទង្គិចគ្នាបែបនេះ គឺអាចបណ្តាលមកពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ នៅតាមតំបន់ព្រំដែនដោយភាគីទាំងពីរ៕  
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com