ជាតិ
ខួប១០០ឆ្នាំនៃសារមន្ទីរជាតិ និងខួប៧៥ឆ្នាំនៃមរណភាពស្ថាបត្យករ George Groslier សារមន្ទីរជាតិ មានឈ្មោះដើមថា សារមន្ទីរ អាល់ប៊ែរ សារ៉ូ ដោយមានលោក George Groslier ជាស្ថាបត្យករ។ រូបថត ឯកសារ និង AFP
× ថ្ងៃទី១៣ខែមេសាឆ្នាំ១៩២០ សារមន្ទីរជាតិកម្ពុជាដែលពេលនោះឈ្មោះថា «សារមន្ទីរ អាល់ប៊ែរ សារ៉ូ» (Musee Albert Sarraut) ត្រូវបានសម្ពោធក្រោមព្រះរាជាធិបតីភាពនៃព្រះករុណា ព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ។ សារមន្ទីរជាតិត្រូវបានរចនា និងគូរប្លង់ដោយលោក ហ្សក គ្រោលីយេរ៍ (George Groslier) ដែលបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៤៥។ ក្នុងពេលកន្លងទៅនេះ ថ្នាក់ដឹកនាំសារមន្ទីរជាតិបច្ចុប្បន្ន បានរៀបចំពិធីសាសនាដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោក លោក ហ្គោលីយេរ៍ ដែលបានទទួលមរណភាព ៧៥ឆ្នាំ ហើយ។
ចាប់កំណើតនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ១៨៨៧នៅក្នុងប្រទេសកម្ពុជា លោក ហ្សក ហ្ក្រូសលីយេ ( George Groslier) គឺជាសិល្បករ អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញម្នាក់ ដែលបានចំណាយពេល វេលាពេញមួយជីវិតរបស់លោក ដើម្បីសិក្សាពីវប្បធម៌ និងអរិយធម៌ខ្មែរ។ មិនតែប៉ុណ្ណោះ លោក ហ្សក ហ្ក្រូសលីយេ ក៏ជាប្រវត្តិវិទូ បុរាណវិទូ និងជាអ្នកយល់ដឹងពិតប្រាកដអំពីរបាំព្រះរាជទ្រព្យផងដែរ។ លោកបានបង្កើតស្នាដៃជាច្រើនសម្រាប់ប្រទេសកម្ពុជា ហើយដែលស្នាដៃទាំងនោះបានក្លាយជាប្រភពនៃ ការស្រាវជ្រាវរបស់កូនខ្មែរសម័យក្រោយៗរៀងមក។
លោក ហ្សក ហ្ក្រូសលីយេ គឺជាស្ថាបត្យករនៅក្នុងការកសាងសារមន្ទីរជាតិ និងសាលាសិល្បៈកម្ពុជា។ អគារទាំងពីរនេះដែលនៅជាប់គ្នា គឺជាទីតាំងនិមិត្តរូបនៃការអភិរក្សបេតិកភណ្ឌខ្មែរ ក៏ដូចជាធានា នូវនិរន្តរភាពស្នាដៃដូនតាខ្មែរទាំងនោះសម្រាប់កូនខ្មែរជំនាន់ក្រោយ។ លោកបានដឹកនាំគ្រប់គ្រងសារមន្ទីរជាតិជិត៣០ឆ្នាំ មុននឹងលោកទទួលមរណភាពនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៤៥។
លោក ហ្សក គ្រោលីយេរ៍ និងសហការី ក្នុងឆ្នាំ១៩២៩។ រូបថត NMC
មួយឆ្នាំក្រោយមក ពោលគឺថ្ងៃទី៤ខែតុលាឆ្នាំ១៩៤៦ ផ្លូវនៅខាងមុខសារមន្ទីរនេះត្រូវបានប្រកាស ដាក់ឈ្មោះថា «វិថីGroslier» នៅក្នុងកម្មវិធីមួយក្រោមព្រះរាជអធិបតីភាពនៃព្រះករុណាព្រះបាទ ព្រះនរោត្តម សីហនុ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោក George Groslier។
នៅក្នុងពិធីនោះ មានវត្តមានឥស្សរជនជាន់ខ្ពស់ជាច្រើនដូចជា សម្តេច ប៉ែន នុត ដែលជា អភិបាលរាជធានីភ្នំពេញ, លោក Penavaire ដែលជាស្នងការនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។ ក៏មាន វត្តមានកូនប្រុសរបស់លោក ហ្សក ហ្ក្រូសលីយេ ដែរ គឺលោក Bernard Philippe Groslier ដែលបានដើរ តាមគន្លងអាជីពរបស់ឪពុក ហើយបានក្លាយជាបុរាណវិទូដ៏ល្បីឈ្មោះ និងមានតួនាទីជាអ្នកអភិរក្សប្រាសាទអង្គរពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧៥៕
© រក្សាសិទ្ធិដោយ thmeythmey.com