ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលបាន​កម្ចី​ជាង​២៥០​លាន​ដុល្លារ​ពី​ADB សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩
08, Jul 2020 , 9:39 pm        
រូបភាព
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។ រូបភាពផ្តល់ឱ្យ។
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។ រូបភាពផ្តល់ឱ្យ។
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ADB បានអនុម័ត​ផ្តល់​កម្ចី​ចំនួន​២៥០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។ ប្រាក់កម្ចី​នេះ នឹង​ជួយ​ដល់​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព​នៅ​កម្ពុជា បង្កើន​ជំនួយ​សង្គម​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ព្រមទាំង​ផ្តល់​ការគាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម ដែល​រួមមាន​សហគ្រាស​ខ្នាតតូច​និង​មធ្យម​(SME)​ផងដែរ​។​នេះ​បើតាម​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB នៅ​ថ្ងៃទី​៨​កក្កដា ឆ្នាំ​២០២០ ។​

 
​លោក Masatsugu Asakawa ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍​ថា ថវិកា​នេះ នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​សុខភាព សង្គម និង​សេដ្ឋកិច្ច​។ លោក​បាន​បន្ថែមថា កម្ពុជា​មានកំណត់​ត្រា​នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ​។ ប៉ុន្តែ ជំងឺ​កូ​វីដ​-១៩ បាន​គំរាម​ធ្វើឱ្យ​ថយចុះ​នូវ​ការរីកចម្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។ ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា​ស្ត្រី​និង​កម្មករ​ចំណាកស្រុក​។ 
 
​បើតាម​លោក Masatsugu Asakawa ថវិកា​កម្ចី​ខាងលើនេះ គឺជា​ផែនការ​ចូលរួម​រយៈពេល​វែង​របស់​ADB ដែល​ផ្តោតទៅលើ ការគាំទ្រ ការ​ស្ទុះ និង​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច និង​និរន្តរភាព​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​។ 
 
​កាលពី​ថ្ងៃទី​២២​មិថុនា​កន្លងមក ADB បាន​ព្យាករ​ថា ក្នុង​ឆ្នាំ​២០២០ សេដ្ឋកិច្ចកម្ពុជា​អាច​ធ្លាក់ចុះ​ក្នុង​រង្វង់ -៥,៥​ភាគរយ ដោយសារ​ការថយចុះ​នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ  រួមទាំង​ការចុះ​ថយ​នៃ​សកម្មភាព​សំណង់​។ ហានិភ័យ​នៃ ការធ្លាក់ចុះ​សកម្មភាព​សេដ្ឋកិច្ច​នេះ អាចឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ១,៣​លាន​នាក់ ទៀត​ធ្លាក់​ក្នុង​ភាពក្រីក្រ​។​
 
​មុននឹង​ADB ប្រកាស​លទ្ធផល​នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ​ក្នុង​កម្រិត​អាក្រក់​បំផុត​នេះ រដ្ឋាភិបាល​កម្ពុជា បានប្រកាស​ត្រៀម​ថវិកា​ប្រមាណ​២​ពាន់​លាន​ដុល្លារ ដើម្បី​ទុក​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​និង​បញ្ហា​ផ្សេងៗ​ទៀត នៅក្នុង​វិបត្តិ​កូ​វីដ​-១៩​។ ជាក់ស្តែង​កាលពី​ខែមីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ឱ្យ​ដំណើរការ​នូវ​កញ្ចប់​ថវិកា​ជំហាន​ដំបូង​សរុប​៨១៥,៧​លាន​ដុល្លារ​(​ស្មើនឹង​៣,២​ភាគរយ​) នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) រំពឹងទុក​សម្រាប់​ឆ្នាំ​២០២០​។​
 
​ក្នុងចំណោម​កញ្ចប់​ថវិកា​នេះ មាន​១០០​លាន​ដុល្លារ គាំទ្រ​ដល់​ប្រព័ន្ធ​សុខាភិបាល សម្រាប់​ត្រៀម​បង្ការ​ជំងឺ​កូ​វីដ​-១៩​។  ចំណែក​ទឹកប្រាក់​៣០០​លាន​ដុល្លារ សម្រាប់​ជា​ជំនួយ​គាំពារ​សង្គម​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ និង មាន​១៥០​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ផ្នែក​ដើមទុន​របស់​អាជីវក​ម្ម​ខ្នាតតូច​និង​មធ្យម តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​ធនាគារ​SME Bank​។ ដោយឡែក​ថវិកា​៦០​លាន​ដុល្លារ ទៀត សម្រាប់​ចំណាយ​ឧបត្ថម្ភ​កម្មករនិយោជិត ដែល​ត្រូវ​ព្យួរការងារ ដោយ​ម្នាក់ៗ ទទួលបាន​ប្រាក់​៤០​ដុល្លារ ក្នុង​មួយខែ​។  រដ្ឋាភិបាល ក៏បាន​បញ្ចេញ​សាច់ប្រាក់​ឧបត្ថម្ភ​ជាប្រចាំ​ខែ ដល់​អ្នក​ក្រី​ក្រី​និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩​ទៀតផង​៕
 

Tag:
 ABD
  COVID-19
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com