អន្តរជាតិ
អាមេរិក បង្ហាញ​ក្ដីបារម្ភ ក្រោយ​វៀតណាម​កាត់ទោស​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឲ្យ​ជាប់គុក​៨​ឆ្នាំ​
09, Jul 2020 , 8:29 pm        
រូបភាព
ជនជាតិវៀតណាម Nguyen Quoc Duc Vuong ដែលត្រូវតុលាការកាត់ទោស៨ឆ្នាំ។ រូបភាពទីភ្នាក់ងារព័ត៌មានវៀតណាម
ជនជាតិវៀតណាម Nguyen Quoc Duc Vuong ដែលត្រូវតុលាការកាត់ទោស៨ឆ្នាំ។ រូបភាពទីភ្នាក់ងារព័ត៌មានវៀតណាម
​សហរដ្ឋអាមេរិក បានបង្ហាញ​ក្ដីបារម្ភ​របស់ខ្លួន​ទៅលើ​ករណី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ត្រូវបាន​តុលាការ​ប្រទេស​នេះ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៨​ឆ្នាំ បន្ទាប់ពី​រូបគេ​បង្ហាញ​គំនិត​គាំទ្រ​ប្រជាធិបតេយ្យ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ស្នើ​ឲ្យ​វៀតណាម បើកទូលាយ​សេរីភាព​បញ្ចេញមតិ​ក្នុងប្រទេស​។

 
Nguyen Quoc Duc Vuong អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​កាត់ទោស​ឲ្យ​ពន្ធនាគារ​ដល់​ទៅ​៨​ឆ្នាំ​នៅ​ថ្ងៃទី​៧ ខែកក្កដា ដោយ​តុលាការ​វៀតណាម​ដែល​ចោទ​រូបគេ​ថា មាក់ងាយ​មេដឹកនាំ​ប្រទេស​។ សំណុំរឿង​របស់ Nguyen Quoc Duc Vuong ធ្វើឡើង​យ៉ាង​លឿន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស (HRW) លើកឡើងថា បុរស​ម្នាក់នេះ តែង​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​បញ្ចេញយោបល់​គាំទ្រ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​វៀតណាម ដែល​សព្វថ្ងៃ​ស្ថិតក្រោម​ការគ្រប់គ្រង​បែប​កុម្មុយនីស្ត​។ រូបគេ ក៏បាន​ចែករំលែក​ព័ត៌មាន​ពី​ការតវ៉ា​នៅ​ទីក្រុង​ហុងកុង​នាពេល​កន្លងមក​ដែរ​។ 
 
​អាមេរិក​វិញ មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធ​រ​វៀតណាម​ដែល​ត្រូវបាន​មើលឃើញថា ជាការ​បំបិទ​សេរីភាព​បញ្ចេញមតិ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក និយាយថា អាមេរិក​មាន​ក្ដីបារម្ភ​ជ្រាលជ្រៅ​ចំពោះ​ព័ត៌មាន​ទាក់ទង​សកម្មជន Nguyen Quoc Duc Vuong ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៨​ឆ្នាំ​។​
 
«​ការផ្តន្ទាទោស​យូរ​បែបនេះ ជា​តួលេខ​មួយទៀត​នៃ​ការចាប់ខ្លួន និង​ការកាត់ទោស​អ្នកសារព័ត៌មាន និង​សកម្មជន​ក្នុង​គោលដៅ​ទាត់ចោល​សេរីភាព​បញ្ចេញមតិ​នៅ​វៀតណាម​។​» នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​អាមេរិក​ដែល​ផ្សាយ​ដោយ AFP ដែល​បន្តថា អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ធានាថា សកម្មភាព និង​ច្បាប់​របស់ខ្លួន​រាប់ទាំង​ក្រមព្រហ្មទណ្ឌ​ផង​នោះ អនុលោម​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​ចែង​ពី​សិទ្ធមនុស្ស ក៏ដូចជា​ការប្ដេជ្ញាចិត្ត និង​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​វៀតណាម​ផងដែរ​។​
 
Nguyen Quoc Duc Vuong ជា​សកម្មជន​ចុងក្រោយ​គេ​មួយ​ដែល​ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស ខណៈដែល​វៀតណាម​កំពុង​ត្រៀម​រៀបចំ​សមាជ​បក្ស​ដែល​ធ្វើ​រៀងរាល់​៥​ឆ្នាំ​ម្ដង នៅ​ខែមករា ឆ្នាំ​២០២១ ។ គេ​រំពឹងថា អ្នកប្រឆាំង​របប​ដឹកនាំ​ហាណូយ​មួយចំនួនទៀត​ដែល​បន្ត អាច​ត្រូវបាន​កាត់ទោស ឬ​ចាប់ខ្លួន​ផងដែរ​៕
 
 

Tag:
 អាមេរិក​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com