ជាតិ
៤​ចំណុច​ដែល​ត្រូវ​យល់ដឹង​លើ​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ស្រុក​
11, Jul 2020 , 11:54 am        
រូបភាព
​ដោយ​៖ ង៉ា​យ ណៃ​
​ភ្នំពេញ​៖ ឃ្មុំ​គឺជា​សត្វល្អិត​មួយ​ប្រភេទ​ដែលមាន​ប្រយោជន៍ និង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រព័ន្ធ​បរិស្ថាន​។ ជាទូទៅ ឃ្មុំ​ចូលចិត្ត​រស់នៅ និង​ធ្វើ​សំបុក​នៅ​តំបន់​ដែលមាន​ព្រៃឈើ​ដុះ​ច្រើន ហើយ​សម្បូរ​ផ្កា ព្រោះ​អាច​បង្កលក្ខណៈ​ងាយស្រួល​នៅក្នុង​ការរស់នៅ​។

 
​ក្រៅពី​ការរស់នៅ​តាមបែប​ធម្ម​ជាតិ គេ​ក៏​អាចធ្វើ​ការចិញ្ចឹម​ឃ្មុំ​ដើម្បី​ប្រមូលយក​ទឹក​របស់​វា​មកប្រើប្រាស់​បានដែរ ដោយ​គ្រាន់តែ​ចាំបាច់​យល់ដឹង និង​អនុវត្តន៍​នូវ​ជំហាន​ដូចខាងក្រោម​៖
 
១ ការ​ជ្រើស​ពូជ​យកមក​ចិញ្ចឹម​
​ពូជ​ឃ្មុំ​ដែល​ត្រូវ​យកមក​ចិញ្ចឹម​អាច​ចាប់​ក្នុង​ធម្មជាតិ ឬ ទិញ​ពី​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​។ សំបុក​របស់​វា​ត្រូវមាន​យ៉ាងតិច ៣​បង្គង ហើយ​ត្រូវ​មានកូន​ច្រើន​គ្របដណ្ដប់​ទាំងសងខាង​ផ្លិត រីឯ​ស្ដេច​ឃ្មុំ​ត្រូវ​រក មេ​ឃ្មុំ​ដែល​ធំ វែង រហ័សរហួន និង​គ្មាន​ជម្ងឺ​។​
 
២ ជ្រើសរើស​ទីតាំង​សម្រាប់​ដាក់​ចិញ្ចឹម​ឃ្មុំ​

​ការជ្រើសរើស​ទីតាំង​ពិតជា​សំខាន់​នៅក្នុង​ការចិញ្ចឹម​ឃ្មុំ គេ​ត្រូវ​រើស​ទីតាំង​ណា​ដែល​នៅក្បែរ​ប្រភព​ទឹកដម​ផ្កា និង​មាន​លម្អង​ស្ងប់ស្ងាត់ ឆ្ងាយ​ពី​បឹង​ធំៗ និង​ប្រុងប្រយ័ត្ន​សត្រូវ​ឃ្មុំ​ដូចជា គីង​គក់ ស្រមោច និង​ជីងចក់ ជាដើម​។​
 
៣ ការ​បំបែកសំបុក​

​ការ​បំបែកសំបុក​នៅនឹងកន្លែង​៖ បំបែក​ចំនួន​បង្គងឃ្មុំ​ជា​ពីរ​ផ្នែក ដោយ​ដាក់ចូល​ទៅក្នុង​ធុង​ផ្សេងគ្នា​។ ដំបូង​ទិស បណ្ដោយ​ធុង​ត្រូវដាក់​ស្របគ្នា ក្រោយមក​បន្តិច​ម្ដងៗ​លើក សំបុក​ឃ្លាត​ពីគ្នា ហើយ​បង្វិល​ទិសដៅ​ឱ្យ​ផ្ទុយ​ពីគ្នា​។ នៅពេលដែល​ផ្ដាច់ បង្គង​ពីគ្នា ត្រូវ​លៃ​កូន​ឃ្មុំ​ឱ្យ​ស្មើគ្នា និង​ត្រូវ​បន្ថែម​ស្ដេច​ឃ្មុំ​ចំពោះ​សំបុក​ដែល​គ្មាន​ស្ដេច​។​
 
​ការ​បំបែកសំបុក​ផ្លាស់​ទី​៖ ការ​បំបែក​នេះ មាន​លក្ខណៈ​ទៅនឹង​របៀប​ខាងលើ​ដែរ ប៉ុន្តែ​ត្រូវយក​ធុង​ដាក់​ឆ្ងាយ​ពីគ្នា​ចម្ងាយ​ប្រមាណ​១.៥​គីឡូម៉ែត្រ​។​
 
៤ ការការពារ​ឃ្មុំ​ហើរ​ចាកចោល​សំបុក​

​ដើម្បី​ការពារ​កុំឱ្យ​ឃ្មុំ​ចាកចោល​សំបុក គេ​ត្រូវ​ផ្គត់ផ្គង់​ចំណីអាហារ​ឱ្យបាន​គ្រប់គ្រាន់ ការពារ​កុំឱ្យ​មាន​ជម្ងឺ​និង​សត្រូវ​យាយី​។ ក្រៅពីនេះ ត្រូវដាក់​នៅ​កន្លែង​ដែល​ឆ្ងាយ​ពី​មនុស្ស និង​មិនមាន​សម្លេង​អ៊ូរ​ច្រើន​៕
 
(​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​វេ​ប​សាយ​របស់​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ​)
​ព័ត៌មាន​ក្នុង ThmeyThmey25
 
 

© រក្សាសិទ្ធិដោយ thmeythmey.com