COVID-19
ជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា ឈប់​ឲ្យ​អ្នកវិនិយោគ​និង​អ្នកជំនាញ​បរទេស មាន​ធានារ៉ាប់រង​៥​ម៉ឺន​ដុល្លារ​និង​មិនបាច់​តម្កល់​៣​ពាន់​ដុល្លារ​ក្នុង​ធនាគារ​
11, Jul 2020 , 4:34 pm        
រូបភាព
​រដ្ឋាភិបាល​កម្ពុជា កំណត់ថា គ្រប់​ជនបរទេស ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព ដែលមាន​តម្លៃ​៥​ម៉ឺន​ដុល្លារ​ឡើងទៅ ទើប​អាច​ចូលមក​កម្ពុជា​បាន ហើយ​ពេលមកដល់ ត្រូវ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ​ទៀត ចូលទៅក្នុង​ធនាគារ​ភ្លាម សម្រាប់​ចំណាយ​ផ្សេងៗ ដូចជា ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ជាដើម​។

 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានពិចារណា​ឡើងវិញ ហើយ​យល់ឃើញថា វិធានការ​នេះ តឹងរឹង​ពេក និង​មាន​ហានិភ័យ​ខ្ពស់ សម្រាប់​សេដ្ឋកិច្ចកម្ពុជា ព្រោះ​វា បាន​ប៉ះពាល់​ដល់​អ្នកវិនិយោគ អ្នកជំនាញ និង អ្នកបច្ចេកទេស​បរទេស​។ តាមរយៈ​សំឡេងបែកធ្លាយ ដែល​ត្រូវបាន​ចែករំលែក​តៗ​គ្នា​តាម​បណ្តាញ​សង្គម គេ ឮ​សម្តេចនាយក​រដ្ឋមន្ត្រី ដាក់​បញ្ជា​ទៅ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ឲ្យ​ដឹកនាំ​បើក​កិច្ចប្រជុំ​មួយ​ជាបន្ទាន់ ដើម្បី​លុប​វិធានការ​នេះ ចេញពី​អ្នកវិនិយោគ អ្នកជំនាញ និង អ្នកបច្ចេកទេស​បរទេស​។ 
 
​សម្តេច មើលឃើញថា ការកំណត់​ឲ្យ​មាន​ធានារ៉ាប់រង​តម្លៃ​៥​ម៉ឺន​ដុល្លារ និង​ត្រូវ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ​ទៀត​ក្នុង​ធនាគារ គឺ​ធ្វើ​អ្នកវិនិយោគ អ្នកជំនាញ និង អ្នកបច្ចេកទេស​បរទេស ដែល​កំពុងមាន​វត្តមាន​និង​ធ្វើការ​នៅ​កម្ពុជា មិនអាច​ចេញពី​កម្ពុជា ទៅលេង​ប្រទេស​របស់​ពួកគេ ព្រោះ​បើ​ចាកចេញ គឺ​ពួកគេ ត្រូវមាន​ធានារ៉ាប់រង​តម្លៃ​៥​ម៉ឺន​ដុល្លារ និង​ត្រូវ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ ក្នុង​ធនាគារ ពេល​ត្រឡប់មក​កម្ពុជា​វិញ​។ 
 
​សម្តេច មើលឃើញ​ទៀតថា បើ​ពួកគេ ចេញពី​កម្ពុជា​មែន ពួកគេ អាច​នឹងមិន​វិលត្រឡប់​មកវិញ​តែម្តង ព្រោះ​ពួ​គេ មិន​ចង់​ឬ​មិនមាន​លទ្ធភាព ទិញ​ធានារ៉ាប់រង​តម្លៃ​៥​ម៉ឺន​ដុល្លារ និង​ត្រូវ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ ក្នុង​ធនាគារ​ថែមទៀត​។ 
 
​ប្រមុខ​រដ្ឋាភិបាល លើកឡើងថា កម្ពុជា មាន​កិច្ចសន្យា​ច្រើនណាស់​ជាមួយ​បរទេស ពិសេស ជប៉ុន និង ចិន ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា ផ្លូវ​និង​ស្ពាន ជាដើម ដូច្នេះ បើទោះបីជា​ថៅកែ ក៏​មិនអាច​មានលទ្ធភាព​ជួយ​ទិញ​ធានារ៉ាប់រង​តម្លៃ​៥​ម៉ឺន​ដុល្លារ ឲ្យ​អ្នកជំនាញ​ឬ​អ្នកបច្ចេកទេស​របស់​ពួកគេ​ឲ្យ​គ្រប់គ្នា​ដែរ​។ 
 
​លើសពីនេះ អ្វីដែល​ប្រមុខរដ្ឋាភិបាល រឹតតែ​​បារម្ភ​នោះ គឺ​អ្នកវិនិយោគ​ថ្មី នឹងមិន​មក​កម្ពុជា​ឡើយ ដោយសារតែ​តម្រូវ​ឲ្យ​ពួកគេ ទិញ​ធានារ៉ាប់រង​តម្លៃ​៥​ម៉ឺន​ដុល្លារ និង​ត្រូវ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ​ចូលក្នុង​ធនាគារ​។ 
 
​ដោយ​សំអាង​លើ​ហេតុផល​ទាំងនេះ ប្រមុខ​រដ្ឋាភិបាល វាយតម្លៃថា កម្ពុជា មិនអាច​អនុវត្ត​វិធានការ​នេះ លើ​ជនបរទេស​ប៉ុន្មាន​ប្រភេទ​នេះ​បានឡើយ រួមមាន អ្នកវិនិយោគ អ្នកជំនាញ និង អ្នកបច្ចេកទេស​។  
 
​មេដឹកនាំ​កម្ពុជា លើក​ចំណុច​វិជ្ជមាន​ថា ការបន្ធូរបន្ថយ​វិធានការ ដោយ​លែង​តម្រូវ​ឲ្យ​មាន​ធានារ៉ាប់រង​តម្លៃ​៥​ម៉ឺន​ដុល្លារ និង​លែង​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ​ចូលទៅក្នុង​ធនាគារ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​។ មេដឹកនាំ​កម្ពុជា មានប្រសាសន៍​ដូច្នេះ​ថា​៖«...[​យើង​ត្រូវ​] រក្សា [​អ្នក​] វិនិយោគ​ចាស់ បន្ថែម [​អ្នក​] វិនិយោគ​ថ្មី​...»​។ 
 
​ថ្នាក់ដឹកនាំ​កម្ពុជា សំដៅ​តែ​ទៅលើ​ជនបរទេស​ជា​អ្នកវិនិយោគ អ្នកជំនាញ និង អ្នកបច្ចេកទេស​ប៉ុណ្ណោះ ដែល​អាចនឹងទទួល​បាន​ការលើកលែង​នេះ​។ ដូច្នេះ ជនបរទេស​ផ្សេងទៀត ដែល​មក​កម្ពុជា គឺ​នៅតែ​តម្រូវ​ឲ្យ​មាន​ធានារ៉ាប់រង​តម្លៃ​៥​ម៉ឺន​ដុល្លារ និង​ត្រូវ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ​ចូលក្នុង​ធនាគារ​ដដែល​។​
 
​ម្យ៉ាងទៀត បើ​ស្តាប់​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អ្នកវិនិយោគ អ្នកជំនាញ និង បច្ចេកទេស​បរទេស អាច​លែង​តម្រូវ​ឲ្យ​មាន​ធានារ៉ាប់រង​តម្លៃ​៥​ម៉ឺន​ដុល្លារ  និង​អាច​លែង​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ​ចូលក្នុង​ធនាគារ តែ​ពួកគេ នៅតែ​ចេញថ្លៃ​ខ្លួនឯង ក្នុងការ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ និង ការព្យាបាល ជាដើម បើ​ពួកគេ មាន​ជំងឺ​នេះ​។  
 
​យ៉ាងណាក៏ដោយ អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ខាងលើ មិនទាន់​ដាក់​ឲ្យ​អនុវត្ត​ឡើយ ដោយ​ត្រូវ​ឆ្លងកាត់​កិច្ចប្រជុំ​ជា​ផ្លូវការ ដែល​ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ជាមុនសិន​។ 
 
​សូមបញ្ជាក់ថា មកដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១៤១នាក់ តែ​បានជា​សះស្បើយ​១៣៣​នាក់​ហើយ ដោយ​នៅសល់​៨​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​៕ 
 

Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com