កណ្ដាល៖ មានវ័យ៧១ឆ្នាំ លោក ឃុត ចក់ ដែលមានជំនាញធ្វើធ្មេញឈើត្បាញកន្ទេលខ្មែរ កំពុងព្រួយបារម្ភ ខ្លាចមិនមានអ្នកបន្តវេន ព្រោះយុវជនងាកទៅធ្វើការងារផ្សេងៗ។ បើទោះបីជារកប្រាក់មិនសូវបានក៏ពិតមែន ប៉ុន្តែជំនាញធ្វើធ្មេញតម្បាញនេះ បានជួយអ្នកភូមិជាច្រើនគ្រួសារ ក្នុងឃុំពៀមឧកញ្ញាអុង ឱ្យអាចត្បាញកន្ទេលខ្មែរលក់ចិញ្ចឹមជីវីត។ មានវ័យកាន់តែចាស់ទៅហើយ លោក ឃុត ចក់ ពិតជាចង់ចែករំលែកចំណេះជំនាញរបស់ខ្លួន ទៅយុវជនដោយមិនគិតថ្លៃ។
តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន៖
អង្គុយលើគ្រែរនាបឫស្សី ពាក់អាវពណ៌សកមូល នាម៉ោងប្រមាណ១១ព្រឹក លោក ឃុត ចក់ កំពុងធ្វើធ្មេញត្បាញកន្ទេលកក់មូលខ្មែរ។ មានអាយុ៧១ឆ្នាំ លោក ឃុត ចក់ ពិតជាព្រួយបារម្ភខ្លាំងខ្លាចមិនមានអ្នកបន្តវេនចំណេះនេះ៖«ស្រុកហ្នឹងមិនបានស្ទូងពិតមែន ក៏ទៅទិញកក់គេយកមកត្បាញដែរ។ ប៉ុន្តែដំណើរធ្វើសាច់ធ្មេញមិនមានអ្នកណាធ្វើទេ ទោះបីថារៀនមានគ្រូ ក៏ពិបាករៀនដែរ។ បានថាវាលំបាករៀន ព្រោះបើគ្រឿងជាងផ្ទះ ស្រណុករៀនទេ ព្រោះជាគ្រឿងធំ។ ប៉ុន្តែអានេះគ្រឿងល្អិត បើចង់ចេះ ទាល់តែអ្នកនោះតាំងចិត្តឱ្យធ្ងន់ តែបើចិត្តស្រាល ឆេវឆាវទៅមិនរួចទេ»។
រស់នៅក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្ដាល បុរសសម្បុរស្រអែមមុខជ្រួញ ថ្ពាល់ផតរូបនេះ មិនអាចធ្វើធ្មេញត្បាញទាន់ឱ្យអតិថិជនឡើយ ត្បិតអីមានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលចេះជំនាញនេះ៖«ដល់រដូវត្បាញ សព្វថ្ងៃខ្ញុំធ្វើម្នាក់ឯង ធ្វើមិនទាន់ទេ។ មួយថ្ងៃជួនកាលគេយកមកឱ្យធ្វើ២នាក់ក៏មាន ៣នាក់ក៏មាន។ ដល់ខ្ញុំចាស់ប៉ុណ្ណេះហើយ ភ្នែកក៏អន់ កម្លាំងក៏កាន់តែថយ ធ្វើមិនលឿនដូចកាលពីក្មេងទេ។ ៤ថ្ងៃទៅ៥ថ្ងៃ ទើបធ្វើហើយ១ ទាំងឈូសគ្រប ទាំងរៀបឫស្សី ទាំងអារ ទាំងបិទពុម្ព ទាំងអស់»។
ទោះជាយ៉ាងណា នៅក្នុងខែកក្កដានេះ មិនមែនជាខែដែលលោករវល់ខ្លាំងឡើយ៖«អ្នកមកធ្វើច្រើននៅខែទឹកឡើង ព្រោះថាយើងប្រមូលផលរួចទឹកចូលបឹង ហើយគេជ្រលក់កក់ត្បាញ។ ខ្លះគេមានធ្មេញស្រាប់ ខ្លះគេមិនមានធ្មេញ គេមករកខ្ញុំធ្វើ។ អ្នកខ្លះគាស់ធ្មេញចាស់ហ្នឹងចេញធ្វើអាថ្មី ដូច្នេះខ្ញុំធ្វើមិនទាន់។ ពីមុនមានអ្នកធ្វើ៣នាក់ នៅក្នុងភូមិនេះ តែឥឡូវគាត់ស្លាប់អស់ទៅហើយ»។
ចង់ឱ្យកូនបន្តវេនដែរ ប៉ុន្តែពួកគេមិនចង់ធ្វើ ដូច្នេះឪពុករូបនេះមិនអាចបង្ខំកូនបានឡើយ៖«សព្វថ្ងៃនេះមានតែខ្ញុំម្នាក់ទេដែលធ្វើ។ កូនរបស់ខ្ញុំចេះធ្វើដែរ ប៉ុន្តែគេមានគ្រួសារ គេមិនយកអានេះជាមុខរបរទេ។ គេថា ត្រូវចាយពេល ៣ទៅ៤ថ្ងៃទើបធ្វើហើយមួយ គេរកមិនទាន់មាត់។ បើគេមានគ្របចាស់ស្រាប់ ក្នុង១ម៉ែត្រខ្ញុំយក៧ម៉ឺនរៀល បើធ្វើថ្មីទាំងស្រុងតម្លៃ១០ម៉ឺនរៀល។ សព្វថ្ងៃនេះតម្លៃ១០ម៉ឺនរៀលក៏មិនសូវចំណេញដែរ ព្រោះឈើក៏ឡើងថ្ងៃ»។
អង្គុយសម្លឹងមើលទៅលើគ្រែ ដែលពោរពេញទៅដោយគ្រឿងធ្វើធ្មេញតម្បាញ បុរសចំណាស់សម្តីមួយៗច្បាស់ៗ ឃុត ចក់ ពិតជាចង់ចែករំលែកចំណេះជំនាញរបស់ខ្លួន ទៅកាន់យុវជន៖«ក្នុងចិត្តរបស់ខ្ញុំ បើសិនជាអត់ពីខ្ញុំទៅ តើបានអ្នកណាគេបន្តទៀត? បើសិនជាអ្នកណាគេចង់ធ្វើ ខ្ញុំមិនលាក់ចំណេះទេ។ បើគេចង់រៀន ឱ្យគេយកឧបករណ៍មករៀនចុះ គេមករៀនយកចំណេះខ្លួនគេទៅ ខ្ញុំមិនបង្រៀនយកប្រាក់ខែ ឬប្រាក់ថ្ងៃអ្វីទេ។ ប៉ុន្តែមិនមានអ្នកណាមករៀន»។
មានទេពកោសល្យ និងចំណុងចំណូលចិត្តតាំងតែពីក្មេង បុរសមានស្រុកកំណើតក្នុងខេត្តកណ្ដាលរូបនេះ ខំស្វែងយល់ដោយខ្លួនឯងពីរបៀបធ្វើធ្មេញតម្បាញ៖«ខ្ញុំស្រឡាញ់អាជីពនេះតាំងតែពីក្មេង។ ខ្ញុំរៀនធ្វើតាំងពីអាយុ២១ឆ្នាំ។ ខ្ញុំគាស់គ្រប គាស់ធ្មេញ ខ្ញុំរៀនមើលតែរបស់គេចាស់ ខ្ញុំរៀនមិនមានគ្រូទេ។ ធ្មេញយើងត្បាញជាលាត យើងសង្កត់ដៃ ចាក់មួយសរសៃ បន្ទាប់មកយើងសង្កត់ ហើយផ្ងារ។ ដល់ធ្មេញផ្កាប់ ខ្សែចេសចុះក្រោម ឆ្កឹះវាឡើងមកវិញ រួចចាក់ឱ្យផ្ទាត់ ទម្រាំបានមួយសរសៃៗ ចាយពេលយូរ ដូច្នេះជាងមួយសប្ដាហ៍ទើបធ្វើបានកន្ទេលមួយ។ ខ្ញុំនឹកឃើញថា ប្រសិនបើបេះជាគោមត្រឡប់ទៅវិញ ប្រហែលជាស្រួលជាង ដូច្នេះខ្ញុំក៏ធ្វើជាគោមទៅ»។
ទោះជាយ៉ាងណា ការធ្វើធ្មេញតម្បាញមាន២ករណី គឺធ្វើថ្មីទាំងស្រុង និងគ្រាន់តែជួសជុល៖«ធ្មេញយើងធ្វើតែម្ដង កាលណាសឹកធ្មេញ បានន័យថាត្បាញមិនសូវកើត យើងយកមកគាស់ធ្មេញចាស់ចេញ មេនៅដដែល យើងគ្រាន់តែធ្វើធ្មេញឫស្សីទេ។ បើយើងត្បាញលាត អានេះ(ធ្មេញឫស្សី)មិនមានឆែកទេ គឺមានតែមូលៗទាំងអស់។ បើយើងចង់អន្ទង យើងលស់វាធម្មតា អាធ្មេញលាតក៏ធ្វើដូចគ្នាអ៊ីចឹងណា។ បើធ្មេញគោម គេសម្រូតចុះក្រោម មានខ្នាត គេអាវាស់ ទើបគេច្រៀកនៅក្នុងនោះ ពេលបានមួយចំហៀង ទើបយើងប្រែមួយចំហៀងទៀត»។
សម្រាប់ឈើដែលជ្រើសរើសយកមកធ្វើធ្មេញតម្បាញ ត្រូវបានកំណត់ច្បាស់លាស់៖«គេធ្វើធ្មេញពីឈើខ្លុងត្បែង និងឈើទាល។ បើឈើផ្ដៀក វាស្រាល ចំណែកឈើត្រាច និងឈើសុក្រំ ធ្ងន់ប្រហែលគ្នា។ គេត្រូវការធ្វើឈើធ្ងន់ល្អជាង កាលណាយើងដំទៅវាហាប់។ បើឈើស្រាលកាលណាយើងដំ វាលោតទៅវិញ សាច់កន្ទេលវាមិនហាប់ទេ»។
មិនមែនចេះត្រឹមតែធ្វើធ្មេញតម្បាញពុម្ពខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបុរសវ័យជ្រេរូបនេះ ចេះធ្វើធ្មេញតម្បាញប៉ែកអាស៊ីនិងអ៊ឺរ៉ុបជាច្រើនទៀត។ លោក ឃុត ចក់ រៀបរាប់ដោយលើឈើពុម្ព ប្រវែងប្រហែលកន្លះម៉ែត្រមក បង្ហាញខ្ញុំផង៖«អានេះពុម្ពខ្មែរ អានេះពុម្ពអាមេរិកកាំង អានេះពុម្ពខ្មែរ អានេះពុម្ពបារាំង អានេះជប៉ុន អានេះក៏ជប៉ុន អានេះពុម្ពខ្មែរ អាមួយនេះធំជាងគេ ពុម្ពបារាំងផង អ៊ឺរ៉ុបផង ជប៉ុនផង ខ្មែរផង។ អាមួយនេះ ជប៉ុនដែរ មានមេកូនទៅទៀត គឺវាមានម៉ូតច្រើន»៕