សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ណែនាំ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​អនុវត្ត​ការងារ​ឲ្យ​ត្រឹមត្រូវ ជៀសវាង​បំពាន​អំណាច និង​ពុករលួយ​
12, Jul 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ។ រូបភាពពីវិមានប្រធានាធិបតីមីយ៉ាន់ម៉ា
ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ។ រូបភាពពីវិមានប្រធានាធិបតីមីយ៉ាន់ម៉ា
ដោយ:
​ប្រមុខ​ដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា លោក Win Myint បាន​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​បង្កើត​ការបោះឆ្នោតជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​ប្រកបដោយ​សេរី និង​តម្លាភាព​។ លោក បាន​ជំរុញ​ឲ្យ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ទាំងអស់​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ស្របច្បាប់​ក្នុងការ​បោះឆ្នោត​សម្រាប់​អ្នក ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​។​

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ចុះ​ថ្ងៃ​១០ កក្កដា លោក Win Myint បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​ទាំង​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត រដ្ឋមន្ត្រី​ពាក់ព័ន្ធ អង្គភាព​យុត្តិធម៌ និង​ជាពិសេស​នោះ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ត្រូវអនុវត្ត​ការងារ​ប្រកបដោយ​តម្លាភាព និង​ដាក់ចិត្ត​ឲ្យ​បាន​មុតមាំ​ក្នុង​ដំណើរការ​បោះឆ្នោត​ខាង​មុ​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​មី​យ៉ាន់​ម៉ា លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ធានា​ឲ្យ​បាន​ភាពត្រឹមត្រូវ​សម្រាប់​ការបោះឆ្នោត​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឆ្នាំ​២០២០ ដ្បិត​នេះ ក៏​ជាការ​តាំងចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​បក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ ដែលមាន​គោលដៅ​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា​ឲ្យ​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​។ 
 
​ជាមួយនឹង​ការណែនាំ​នេះ លោក​ប្រធានាធិបតី ក៏បាន​ព្រមាន​ចាត់​វិធាន​ផ្នែក​ច្បាប់​ចំពោះ​អ្នក​ដែលមាន​ចេតនា​បំពាន​នឹង​គោលការណ៍​បោះឆ្នោត​ដូចគ្នា​។ លោក សង្កត់ធ្ងន់ថា ជន​ទាំងឡាយណា ដែល​ប្រព្រឹត្ត​បទល្មើស​ដូចជា​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​, គំរាមកំហែង​, បំពាន​អំណាច​, លួច​បន្លំ​, ពុករលួយ និង​ស៊ីសំណូក និង​រើសអើង​ជាដើម​នោះ នឹងត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ជាក់​ជាពុំខាន​។ 
 
​គួរ​ជម្រាប​បន្តិច​ថា បើ​មិនមាន​ការប្រែប្រួល​នោះ រដ្ឋ​អាស៊ាន ដែល​លេច​ឈ្មោះ​ខ្លាំង​ដោយសារ​វិបត្តិ​ជនភៀសខ្លួន​រ៉ាំរ៉ៃ​នោះ នឹងមាន​ការបោះឆ្នោត​សកល​នៅ​ខែវិច្ឆិកា​ខាងមុខ​នេះហើយ​។ មកទល់ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន ៩៧​ហើយ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ក្នុង​មណ្ឌលបោះឆ្នោត​សរុប​ទាំ​អស់ ៣៣០ មណ្ឌល​។ នេះ គឺជា​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​លើក​ទី​២​ហើយ​សម្រាប់​មី​យ៉ាន់​ម៉ា ក្នុង​រយៈពេល ៥ ទសវត្សរ៍​ចុងក្រោយ​មកនេះ​។​
 
​បច្ចុប្បន្ន បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែលមាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​ប្រធាន គឺជា​បក្ស​កាន់អំណាច​។ សម្រាប់​បក្ស​កាន់អំណាច​ស៊ីវិល​មួយ​នេះ ទោះ​ក្នុង​អាណត្តិ​ដឹកនាំ​លើកដំបូង​របស់ខ្លួន​មិនទាន់​អាច​សម្រេចបាន​សមិទ្ធផល​ដូច​ការបោះឆ្នោត​ក៏ដោយ ក៏​បក្ស​នេះ នៅតែ​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​លើសលប់​សម្រាប់​ការដឹកនាំ​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា​បន្តទៀត​៕ 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  បោះឆ្នោត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com