សង្គមអន្តរជាតិ​
អន្តរជាតិ
អង់គ្លេស ហាម​ក្រុមហ៊ុន​គមនាគមន៍​ទាំងអស់​ប្រើ​បរិក្ខារ 5G របស់ Huawei
15, Jul 2020 , 10:05 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ទីបំផុត​ទៅ រដ្ឋាភិបាល​អង់គ្លេស​ស​ម្រេច​ចិត្ត​ហាមឃាត់​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនា​ន់ទី 5G របស់​ក្រុមហ៊ុន​ចិន Huawei ដូចដែល​អាមេរិក​បានស្នើ​សុំ​។ អង់គ្លេស​សុខចិត្ត​ធ្វើតាម​អាមេរិក ទោះជា​ចិន​បាន​ព្រមាន​ពី​ផលវិបាក​ជាមុន​ក្ដី ខណៈ​ក្រុមហ៊ុន Huawei បានបង្ហាញ​ការខកចិត្ត​ចំពោះ​ការសម្រេចចិត្ត​នេះ​ដោយ​ចាត់ទុកជា​រឿង​នយោបាយ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អង់គ្លេស​និយាយ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ថា វា​ជាការ​គិតគូរ​សន្តិសុខ​ជាតិ​។​

 
​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១៤ ខែកក្កដា រដ្ឋមន្ត្រី​ឌីជីថល​របស់​អង់គ្លេស Oliver Dowden បញ្ជាក់ថា រដ្ឋាភិបាល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​គមនាគមន៍​ទាំងអស់​ឈប់​ទិញ​គ្រឿង​បរិក្ខារ​ប្រព័ន្ធ​អ៊ីនធឺណិត 5G ពី​ក្រុមហ៊ុន Huawei ចាប់ពី​ឆ្នាំក្រោយ​ទៅ ហើយ​រើ​ចោល​គ្រឿង​បរិក្ខារ​មាន​ស្រាប់​ចាប់ពី​ពេលបច្ចុប្បន្ន​ដល់​ទៅ​ឆ្នាំ​២០២៧ ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការសម្រេចចិត្ត​ហាមឃាត់​នេះ ជា​ពិតជា​ធ្វើ​ឲ្យ​អាមេរិក​សប្បាយចិត្ត ប៉ុន្តែ​ក្រុមហ៊ុន​គមនាគមន៍​អង់គ្លេស នឹង​ជួប​បញ្ហា​ច្រើន​ព្រោះ​បាន​ពឹង​ផ្អែកលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​នេះ​ក្នុងការ​បង្កើត​បណ្ដាញ​អ៊ីនធឺណិត​ច្រើន​ជំនាន់​ក្នុងពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ លោក Dowden ចាត់ទុក​ការសម្រេចចិត្ត​នេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ប៉ុន្តែ​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​បណ្ដាញ​គមនាគមន៍​អង់គ្លេស សម្រាប់​សន្តិសុខ​ជាតិ និង​សេដ្ឋកិច្ច​ផងដែរ​។​
 
​អាមេរិក​ដែល​ស្នើសុំ​ប្រទេស​ផ្សេង​ឲ្យ​ឈប់​ប្រើ 5G របស់ Huawei ពេញចិត្ត​ពេញ​ថ្លើម​ខ្លាំង​នឹង​ជំហរ​របស់​អង់គ្លេស​ដែលជា​ដៃគូ​ជិតស្និទ្ធ​មួយ​។ សេត​វិមាន​អាមេរិក​លើកឡើងថា ការសម្រេចចិត្ត​នេះ​ឆ្លុះបញ្ចាំង​ពី​កុងសង់ស៊ីស​របស់​អន្តរជាតិ​ទល់នឹង​ក្រុមហ៊ុន​ចិន​ដែល​អាច​បង្ក​ការ​គំរាម​ដល់​សន្តិសុខ​ជាតិ ព្រោះ​ក្រម​ហ៊ុន​នេះ​ជា​ដៃជើង​របស់​បក្ស​កុម្មុយនីស្ត​ចិន​។ 
 
​យ៉ាងណាមិញ ការហាម​ប្រាម​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​អង់គ្លេស និង​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​របស់​ពិភពលោក ហើយ​វា​ក៏​នឹង​បង្កបញ្ហា​ប្រឈម​សម្រាប់​ទីក្រុង​ឡុង​ដ៍​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក្រោយ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ផងដែរ​។ ក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​អង់គ្លេស ក្រុមហ៊ុន Huawei ក៏​ចេញមុខ​ចាត់ទុកជា​ការសម្រេចចិត្ត​នយោបាយ ហើយ​វា​នឹងធ្វើ​ឲ្យ​បណ្ដាញ​អ៊ីនធឺណិត​អង់គ្លេស​យឺតយ៉ាវ​។​
 
​អគ្គ​រដ្ឋ​ចិន​ប្រចាំ​អង់គ្លេស​ឯណោះ ក៏​ចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​អង់គ្លេស​ផងដែរ​។ លោក Liu Xiaoming ហៅ​ការសម្រេចចិត្ត​នេះ ជា​រឿង​ខុសឆ្គង និង​គួរ​ឲ្យ​ខកចិត្ត​។ «​វា​ក្លាយជា​ទៅ​រឿង​ងឿងឆ្ងល់​ថា តើ​ចក្រភព​អង់គ្លេស​អាច​ផ្ដល់​បរិយាកាស​បើកចំហ យុត្តិធម៌ និង​មិន​រើសអើង​សម្រាប់​ក្រុមហ៊ុន​មកពី​ប្រទេស​ផ្សេង​ឬ​យ៉ាងណា​។​» នេះ​ជាការ​លើកឡើង​របស់លោក Liu នៅលើ​បណ្ដាញ​សង្គម Twitter របស់លោក​។ 
 
​អាច​និយាយបានថា ការសម្រេចចិត្ត​របស់​អង់គ្លេស ជា​ជោគជ័យ​មួយ​របស់​អាមេរិក​ដែល​តែងតែ​ដាក់​សម្ពាធ​ប្រទេស​ផ្សេង​ឲ្យ​ធ្វើតាម​ខ្លួន​។ ជារឿយៗ អាមេរិក​អះអាងថា ការប្រើប្រាស់​បច្ចេកវិទ្យា​របស់ Huawei នឹង​ប៉ះពាល់​សន្តិសុខ​ជាតិ ព្រោះ​រដ្ឋាភិបាល​ចិន​អាច​លួច​ទិន្នន័យ​បាន ហើយ​ម្យ៉ាង​ចិន​អាច​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ផ្ដាច់​បណ្ដាញ​អ៊ីនធឺណិត​នេះ​ទៀតផង​។ ទាំង Huawei ទាំង​រដ្ឋាភិបាល​ប៉េកាំង សុទ្ធតែ​បដិសេធ​ការចោទប្រកាន់​នេះ​៕ 
  

Tag:
 អង់គ្លេស​
  អាមេរិក​
  Huawei
  5G
© រក្សាសិទ្ធិដោយ thmeythmey.com