ជាតិ
សង្គមជាតិ
ស្ថាប័នផ្នែកកុមារ ស្នើឲ្យតុលាការ ចាត់វិធានការច្បាប់តឹងរឹងបំផុត លើស្ត្រី ដែលយកកាំបិតវះមុខកុមារី៥ឆ្នាំ
17, Jul 2020 , 5:53 pm        
រូបភាព
ក្រុមការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទៅមើលក្មេងស្រីរងគ្រោះ ដោយសារស្រ្តីវ័យ៤៣ឆ្នាំ យកកាំបិតវះមុខនិងកន្លែងផ្សេងទៀត។ ក្មេងស្រីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិកុមារ។ រូបពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ក្រុមការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទៅមើលក្មេងស្រីរងគ្រោះ ដោយសារស្រ្តីវ័យ៤៣ឆ្នាំ យកកាំបិតវះមុខនិងកន្លែងផ្សេងទៀត។ ក្មេងស្រីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិកុមារ។ រូបពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ដោយ:
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសតុលាការ ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះស្ត្រីវ័យ៤៣ឆ្នាំ ឈ្មោះ លីវ ប៊ុនធឿន ដែលយកកាំបិតវះមុខ ច្រមុះ ក្រោមចង្កា និង ដៃរបស់កុមារីអាយុ៥ឆ្នាំ ឈ្មោះ លីយ៉ា ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមកម្ពុជាបន្តទៀត។  ការស្នើរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គឺធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៧ ខែកក្កដ ឆ្នាំ២០២០៩។

 

តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចាត់ទុក ទង្វើរបស់ស្រ្តីរូបនោះ ថាជាអំពើឃោរឃៅ  ព្រៃផ្សៃ អមនុស្សធម៌ និង រំលោភសិទ្ធិរបស់កុមារ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏បង្ហាញអារម្មណ៍តក់ស្លុត និងការអាណិតអាសូរដូចសាធារណជនដែរ ចំពោះកុមារី ដែលរងអំពើយង់ឃ្នងរបស់ស្ត្រីនោះ។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដូច្នេះថា៖«អំពើដ៏សាហាវ ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃរបស់ស្ត្រីរូបនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ និង សិទ្ធិរស់រានមានជីវិត»។

នៅល្ងាចថ្ងៃទី១៧ ខែកក្ដដានេះដែរ អ្នកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទៅមើលកុមារីរងគ្រោះនោះ ដល់មន្ទីរពេទ្យជាតិកុមារ។ អ្នកស្រី យកសម្ភារៈ និងថវិកាមួយចំនួន ជួយដល់គ្រួសាររបស់កុមារីនោះ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នស្រ្តីជាជនដៃដល់ ត្រូវបានចាត់វិធានការតាមនិតិវិធីច្បាប់។

អត្ថបទទាក់ទង
 

Tag:
 កុមារ
  អំពើហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com