COVID-19
អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េខាងត្បូង ត្រៀមជម្លៀសប្រជាជនខ្លួនពីអ៊ីរ៉ាក់ដែលមានករណីឆ្លង COVID-19 កាន់តែច្រើន លោក Chung Sye-kyun នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង។ រូបភាព៖ Yonhap
× កូរ៉េខាងត្បូង នឹងដឹកពលកររបស់ខ្លួន ដែលកំពុងធ្វើការនៅអ៊ីរ៉ាក់ មកមាតុប្រទេសវិញនៅសប្តាហ៍ក្រោយ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកChung Sye-kyun បានលើកឡើងបែបនេះ នៅថ្ងៃទី១៧ ខែកក្កដា។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងខណៈដែលកូរ៉េខាងត្បូងមានករណី COVID-19 នាំចូលច្រើន ហើយភាគច្រើននៃករណីឆ្លង គឺមកពីបណ្តាប្រទេសតំបន់អារ៉ាប់ដែលមានករណីឆ្លងហក់ឡើងខ្លាំង។
តាមរយៈជើងហោះហើរពិសេស ពលករសំណង់កូរ៉េខាងត្បូង ដែលត្រលប់មកពីអ៊ីរ៉ាក់ យ៉ាងហោចណាស់៣៤នាក់ ក្នុងចំណោម១០០នាក់ បានឆ្លងកូរ៉ូណាវីរុស នៅដើមសប្តាហ៍នេះ។ តាមការប៉ាន់ប្រមាណរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ករណីឆ្លងកូរ៉ូណាវីរុសលើពលករកូរ៉េខាងត្បូង ដែលត្រលប់មកពីអ៊ីរ៉ាក់ នឹងកើនឡើងថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ដោយផ្អែកតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) អ៊ីរ៉ាក់ បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២០០០ករណី នៅថ្ងៃទី១៦ ខែកក្កដា។ តួលេខ COVID-19 សរុបមានចំនួន៨៣៨៦៧ករណី ខណៈអ្នកស្លាប់មានចំនួន ៣៤៣២នាក់។
ដើម្បីការពារប្រជាជនខ្លួន និងមានការស្នើសុំពីពលករកូរ៉េខាងត្បូងផងនោះ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានសម្រេចបញ្ជូនយន្តហោះទៅអ៊ីរ៉ាក់នៅសប្តាហ៍ក្រោយ ដើម្បីដឹកអ្នកទាំងនោះត្រលប់មកមាតុប្រទេសវិញ។ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងCOVID-19 លោក Chung Sye-kyun នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា៖ «ដើម្បីជួយពលករសំណង់កូរ៉េខាងត្បូងឲ្យត្រលប់មកប្រទេសបានឆាប់រហ័ស រដ្ឋាភិបាលបានសម្រេចបញ្ជូនយន្តហោះទៅនៅសប្តាហ៍ក្រោយ»។
បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី កូរ៉េខាងត្បូង នឹងបញ្ជូនយន្តហោះទៅដឹកប្រជាជនខ្លួន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដាខាងមុខ។ គិតមកត្រឹមថ្ងៃទី១៧ ខែកក្កដានេះ ប្រជាជនកូរ៉េខាងត្បូង មានចំនួនប្រមាណ ៨០០នាក់ ដែលកំពុងមានវត្តមាននៅអ៊ីរ៉ាក់។ ពលករយ៉ាងហោចណាស់ ២០០នាក់ បានស្នើឲ្យមានការដឹកជញ្ជូនពិសេសបែបនេះ។
សម្រាប់ស្ថានភាពនៅក្នុងប្រទេសវិញ កូរ៉េខាងត្បូងមានករណីឆ្លងកូរ៉ូណាវីរុសកើនឡើងប្រមាណ ៦០ករណី ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា។ នៅថ្ងៃទី១៧ ខែកក្កដា កូរ៉េខាងត្បូងមានករណីឆ្លង ៦០ករណី និងស្លាប់ ២នាក់។ ភាគច្រើននៃករណីឆ្លងថ្មី គឺជាករណីនាំចូលមកពីបរទេស។ តួលេខCOVID-19 សរុបរបស់កូរ៉េខាងត្បូងមានចំនួន ១៣៦៧២ករណី អ្នកស្លាប់មានចំនួន ២៩៣នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ១២៤៦០នាក់៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com