COVID-19
ជាតិ
សង្គមជាតិ
និស្សិត និង​សិក្ខាកាម​ខ្មែរ​១២៩​នាក់​ពី​ក្រៅប្រទេស នឹង​មក​កម្ពុជា​វិញ នៅ​ថ្ងៃទី ១៩ កក្កដា​
18, Jul 2020 , 11:05 am        
រូបភាព
និស្សិតខ្មែរ ដែលធ្វើដំណើរពីអេហ្ស៊ីប មកកម្ពុជា កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ (រូបពីហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប)
និស្សិតខ្មែរ ដែលធ្វើដំណើរពីអេហ្ស៊ីប មកកម្ពុជា កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ (រូបពីហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប)
 
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ និស្សិត និង​សិក្ខាកាម​ខ្មែរ​១២៩​នាក់​ពី​ក្រៅប្រទេស នឹង​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី ១៩ កក្កដា តាមរយៈ​កិច្ចសម្របសម្រួល​ពី​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​នីមួយ​។​


​ស្ថានទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​អេ​ហ្ស៊ី​ប បាន​បញ្ជាក់ថា និស្សិត និង​សិក្ខាកាម ដែល​ត្រូវ​ត្រឡប់មក​កម្ពុជា​វិញ​នេះ មាន​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ៨០ នាក់ ,​ប្រទេស​អេ​ហ្ស៊ី​ប ៤៣ នាក់ និង​ប្រទេស​ស៊ូដង់ ៦ នាក់​។ ពួកគេ​ទាំងនេះ បាន​ចាក​ចេញពី​តាំងពី​ថ្ងៃទី​១៧ កក្កដា ហើយ​អាច​វិល​មកកាន់​កម្ពុជា នៅ​ថ្ងៃទី​១៩ កក្កដា តាម​ជើងហោះហើរ​លេខ MH754 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines​។ 
 
​ការធ្វើដំណើរ​ហោះហើរ ពី​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​ទៅកាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ត​ភ្ជាប់​ទៅកាន់​ប្រទេស​កម្ពុជា ដោយមាន​ការសម្របសម្រួល​រវាង​លោក ឃួន ផុន​រតន​: ឯកអគ្គរាជទូត​ប្រចាំ​សាធារណរដ្ឋ​អេ​ហ្ស៊ី​ប និង​លោក ចឺ​យ វិ​ចិត្ត ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​។​

សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមនៅឡើយទេ។
 
​ពេលមកដល់​កម្ពុជា មន្ត្រី​ជំនាញ​សុខាភិបាល នឹងធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ពួកគេ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ក្រោយពី​ធ្វើតេស្ត​រួចហើយ សម្រាប់​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ នឹងត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ រីឯ​អ្នក​អវិជ្ជមាន​កូ​វីដ​-១៩​វិញ ក្រសួង ក៏​តម្រូវឱ្យ​ពួកគេ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន នៅតាម​មណ្ឌល​ស្នាក់នៅ​ដោយឡែក ដែល​បានរៀបចំ​ទុក​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៨ កក្កដា​នេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១៧១​នាក់​ហើយ ក្នុងនោះ​ជាសះស្បើយ​១៣៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ ៣៨​នាក់​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com