ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋខ្មែរ និងបរទេស ដែលត្រូវដាក់ចត្តាឡីស័ក១៤ថ្ងៃ ត្រូវអនុវត្តតាមក្រសួងសុខាភិបាល
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋខ្មែរ និងបរទេសទាំងអស់ ដែលត្រូវដាក់ចត្តាឡីស័ក១៤ថ្ងៃនោះ ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ សម្ដេចថ្លែងបែបនេះ ក្រោយពីមានករណីស្ត្រីខ្មែរ-អាមេរិកម្នាក់ បានលួចរត់ចេញពីកន្លែងចត្តាឡីស័ក កាលពីពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យអ្នកចត្តាឡីស័កទាំងអស់ គិតពីសុវត្ថិភាពសុខភាពខ្លួន និងអ្នកដទៃ ដែលមិនត្រូវធ្វើអ្វីផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ ប្រមុខរដ្ឋាភិបាល បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅពេលដែលពិនិត្យសុខភាពរួចហើយ អនុញ្ញាត្តិឱ្យរស់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង នឹងសម្រាប់អ្នកដទៃផង»។
កាលពីពេលថ្មីៗនេះ មានស្ត្រីខ្មែរ-អាមេរិកម្នាក់ ដែលបានធ្វើដំណើពីអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី១៥ កក្កដានោះ បានលួចរត់ចេញពីសណ្ឋាគារដាក់ចត្តាឡីស័ក១៤ថ្ងៃ។ ប៉ុន្តែអាជ្ញាធរ បានតាមរកឃើញរូបនាង កាលពីថ្ងៃទី១៨ កក្កដា នៅក្នុងសណ្ឋាគារមួយកន្លែង នៅក្នងខេត្តកំពង់ចាម។ អាជ្ញាធរក៏សម្រេចឱ្យរូបនាង បន្តដាក់ចត្តាឡីស័កនៅទីនោះ។
គិតត្រឹមថ្ងៃទី១៩ កក្កដានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៧១នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣៦ នាក់ និងកំពុងព្យាបាលមាន ៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក)។
សម្ដេច ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។ សម្ដេច ស្នើឱ្យពលរដ្ឋឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល។ ជាពិសេសត្រូវពាក់ម៉ាសការពារ ហើយកុំធ្វេសប្រហែស។
ចំណែកទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់អីវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត្តិ ធនគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លីនិកតូចធំ គ្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានជែលល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជនឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ដោយត្រូវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com