កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ឡើងទៅដណ្តើមពាន FA Cup ជាមួយ Arsenal ក្រោយឈ្នះ Man Utd ៣-១
×
Chelsea នឹងត្រូវឡើងទៅប្រជែងពានរង្វាន់ FA Cup ជាមួយ Arsenal នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេទម្លាក់ក្រុម Manchester United នៅវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣-១។
នាការប្រកួតក្នុងកីឡដ្ឋាន Wembley នៅយប់ថ្ងៃទី១៩ ខែកក្កដា ក្រុមលោក Frank Lampard ធ្វើបានយ៉ាងល្អដោយអាចរកគ្រាប់បាល់នាំមុខមុនដល់ទៅ៣គ្រាប់ មុនពេលក្រុមលោក Ole Gunnar Solskjaer តាមបានតែមួយគ្រាប់វិញប៉ុណ្ណោះ។
៣គ្រាប់របស់តោខៀវសម្រេចបានដោយខ្សែប្រយុទ្ធ Olivier Giroud នៅនាទី៤៥ ខ្សែបម្រើ Mason Mount នាទី៤៦ និងខ្សែការពារ Harry Maguire ធ្វើឲ្យចូលទីខ្លួនឯងនៅនាទី៧៤ ខណៈមួយគ្រាប់របស់ Man Utd ធ្វើបានដោយ Bruno Fernandes តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី៨៦។
អ្វីដែលជាការកត់សម្គាល់ក្នុងជំនួបនេះ គឺអ្នកចាំទី David De Gea បានបង្កើតកំហុសដល់ទៅពីរលើក ដែលធ្វើឲ្យរបូតគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួនពីរគ្រាប់ដំបូងទៅកាន់ក្រុម Chelsea។
ជ័យជម្នះនេះ បាននាំ Chelsea ត្រូវប៉ះជាមួយ Arsenal នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពាន FA Cup ឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែសីហា។ កាំភ្លើងធំជាក្រុមនៅអង់គ្លេសដែលឈ្នះ FA Cup ច្រើនជាងគេរហូតដល់១៣លើក តាមពីក្រោយដោយ Man Utd ចំនួន១២លើក ខណៈ Chelsea នៅលេខរៀងទី៣ ដែលធ្លាប់លើកពាននេះ៨លើករួចមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com