កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ​គ្រោង​ដាក់​ការធ្វើ​សមាធិ ក្នុង​កាលវិភាគ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​
20, Jul 2020 , 10:59 pm        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា
ដោយ:
​ក្រសួង​អប់រំ​យុវជន​និង​កីឡា គ្រោង​ដាក់​កម្មវិធី​សមាធិ​ក្នុង​កាលវិភាគ​ហ្វឹកហាត់​ប្រចាំ​សប្តាហ៍​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ និង​យុវជន​គ្រប់​ប្រភេទ​កីឡា​។ ដ្បិត​ក្រសួង​យល់ថា ការធ្វើ​សមាធិ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ពង្រឹងស្មារតី និង​សតិអារម្មណ៍​របស់​កីឡាករ​។ គម្រោង​នេះ ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​សមាសភាព​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ ដែល​ត្រូវ​ប្រមូលផ្តុំ​ហ្វឹកហាត់​ជម្រើសជាតិ​ប្រចាំឆ្នាំ​២០២០​។

 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា លោក នឹង​សហការ​ជាមួយ​លោក សុ​ប៉ា​ឆៃ វីរៈ​ពូ​ជុង អគ្គនាយក​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដើម្បី​បង្កើត​វគ្គ​សិក្សា​ខ្លីៗ​ស្តីពី​ការធ្វើ​សមាធិ​។ ហើយ លោក គ្រោង​ដាក់​កម្មវិធី​ធ្វើ​សមាធិ​នេះ ក្នុង​កាលវិភាគ​ហ្វឹកហាត់​របស់​ក្រុមយុវជន​ថ្នាល និង​ក្រុម​ជម្រើសជាតិ​។  
 
«​ខ្ញុំ​នឹងធ្វើ​ការ​ជាមួយ​លោក ស៊ុ​ប៉ា​ឆៃ ដើម្បី​បង្កើត​វគ្គ​ខ្លីៗ និង​ទៅ​រៀន​ពី​គាត់ ដើម្បី​ធ្វើតាម​។ ទាល់តែ​យើង​បាន​ចូលរួម​(​សមាធិ​) ខ្លួនឯង​ទើប​ដឹងថា​ប្លែក ហើយ​ពេល​ចេញមក​នៅក្នុង​ខ្លួន​នៅ​ឈឺ តែមាន​អារម្មណ៍​មួយ​អត់​ដឹង​ឈឺ យើង​ចង់បាន​អ៊ីចឹង​។ ខ្ញុំ​គិតថា ក្នុង​វិស័យ​កីឡា មិនមែន​តែ​បាល់ទាត់ គឺ​កីឡា​ផ្សេងៗ​ទៀត អាចធ្វើ​ការតាំង​សមាធិ យើង​នឹង​រៀបចំ​ពាក់ព័ន្ធ​បញ្ហា​នឹង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា​។ 
 
​គម្រោង​ដាក់​ការតាំង​សមាធិ​ក្នុង​កម្មវិធី​ហ្វឹកហាត់​របស់​ក្រុមយុវជន​ថ្នាល និង​ជម្រើសជាតិ​នេះ ដ្បិត លោក យល់ថា ការធ្វើ​សមាធិ​ជា​ផ្នែក​មួយ​ក្នុងការ​រួមចំណែក​ជួយ​អភិវឌ្ឍ​ផ្នែក​ស្មារតី បន្ថែម​លើ​ការពង្រឹង​ផ្នែក​បច្ចេកទេស​របស់​កីឡាករ​។ តាម​គម្រោង លោក​គ្រោង​ដាក់​ឲ្យ​មាន​រយៈពេល​១​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ 
 
​លោក សុ​ប៉ា​ឆៃ វីរៈ​ពូ​ជុង អគ្គនាយក​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ធ្លាប់​អះអាង​កន្លងមក​ថា ការធ្វើ​សមាធិ​នឹងធ្វើ​ឲ្យ​កីឡាករ​មានចិត្ត​ស្ងប់ អារម្មណ៍​ស្រស់ថ្លា និង​ប្រាជ្ញា​វាងវៃ ពិសេស​ជួយ​បង្កើត​ស្មារតី​កីឡាករ​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការប្រកួត​។ ការធ្វើ​បែបនេះ ក៏​ជាការ​រួមចំណែក​កាត់បន្ថយ​ភាព​ខឹង​ក្រោធ​របស់​កីឡាករ​ពេល​ជួប​បញ្ហា​បាន​មួយកម្រិត​ផងដែរ​។ 
 
​វចនានុក្រម​របស់​ស​ម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា សមាធិ គឺជា​ដំណើរ​តាំងស៊ប់​មាំ​នៃ​ចិត្ត​, ការចុះ​ចិត្ត​ស៊ប់ ឬ​ស្លុង​ចិត្ត​ក្នុង​គន្លង​អារម្មណ៍ ដែល​រំពឹង​, ការ​នឹក​រំពឹង​ស្លុង​ចិត្ត ឬ​ដំណើរ​ស្លុង​ចិត្ត​ស៊ប់​នៅក្នុង​អង្គ​ឈាន​ជាដើម​៕  
   
 

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com