កីឡាជាតិ
ជាតិ
​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​៖ ជំនួប​ថ្ងៃនេះ ព្រៃវែង និង​ត្បូងឃ្មុំ សុទ្ធតែ​មានប្រៀប​លើ​គូប្រជែង​
22, Jul 2020 , 7:59 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមសៀមរាប(អាវក្រហម)ជាមួយព្រៃវែងនៅជើងទី១, រូបភាពផ្តល់ដោយ CNCC
សកម្មភាពប្រកួតរវាងក្រុមសៀមរាប(អាវក្រហម)ជាមួយព្រៃវែងនៅជើងទី១, រូបភាពផ្តល់ដោយ CNCC
ដោយ:
​ក្រុម​ព្រៃវែង និង​ត្បូងឃ្មុំ ត្រូវការ​លទ្ធផល​ត្រឹម​ស្មើ​ប៉ុណ្ណោះ សម្រាប់​ជំនួប​ជើង​ទី​២​នៅ​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នេះ ដើម្បី​ធានា​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ ការទាមទារ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ទាំង​ពីរបាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​ជើង​ទី​១​។

 
 
​ក្រោយ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​ជើង​ទី​១ ក្នុងនោះ​ព្រៃវែង​យកឈ្នះ​សៀមរាប ២-០ និង​ត្បូងឃ្មុំ​យកឈ្នះ​កែប ២-១ ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​ហាក់​មាន​ភាគរ​យ​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​។ ក្រុម​ព្រៃវែង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន ទទួលភ្ញៀវ​សៀមរាប សម្រាប់​ជំនួប​ជើង​ទី​ពីរ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​២២ កក្កដា នេះ​។ ព្រៃវែង​ទាមទារ​ត្រឹម​ស្មើ ខណៈ​សៀមរាប​ត្រូវការ​ឈ្នះ​លើសពីរ​គ្រាប់ ក្នុងការ​ធានា​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ 
 
​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ពុធ​នេះដែរ ក្រុម​កែប​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្ត​កែប ស្វាគមន៍​ក្រុម​ការពារ​តំណែង​ជើងឯក​ត្បូងឃ្មុំ​។ កែប​ត្រូវការ​ធ្ងន់​បន្តិច​ថ្ងៃនេះ ដោយ​ពួកគេ​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់​។ ដើម្បី​អាចឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​កែប​ត្រូវការ​ឈ្នះ​ត្បូងឃ្មុំ​លើសពី​មួយ​គ្រាប់ ខណៈ​ត្បូងឃ្មុំ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​។ 
 
​វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​កែប​ក្នុងការ​យកឈ្នះ​នោះឡើយ ដ្បិត​ត្បូងឃ្មុំ​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង​មួយ ហើយ​ពួកគេ​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​។ តែ​យ៉ាងណា ត្បូងឃ្មុំ ក៏​មិន​ប្រាកដថា អាច​យកឈ្នះ​កែប​ជា​លើក​ទី​ពីរ​ដែរ ព្រោះ​ជំនួប​ជើង​ទី​ពីរ​នេះ​ធ្វើឡើង​នៅលើ​ទឹកដី​ខេត្ត​កែប​។ បើ​យើង​មើល​ទៅលើ​លទ្ធផល​ក្នុង​ជើង​ទី​១​នៅលើ​ទឹកដី​ត្បូងឃ្មុំ គឺ​ក្រុម​នេះ​យកឈ្នះ​កែប​តែ​១​គ្រាប់​ប៉ុណ្ណោះ​។​
 
​ការប្រកួត​ទាំងពីរ​គូ​នៅថ្ងៃនេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​ទាក់ទាញ និង​ស្វិតស្វាញ​បំផុត ដ្បិត​ក្រុម​ទាំង​៤​សុទ្ធតែ​ត្រូវការ​ឈ្នះ​រៀងៗ ហើយ​វា​ជាការ​ប្រកួត​ចុងក្រោយ​ក្នុងការ​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន​៕  
 
  

Tag:
 ​បាល់ទាត់​
  Hun Sen Cup 2020
  ព្រៃវែង​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com