ជាតិ
សង្គមជាតិ
ជំហានទី១ រដ្ឋាភិបាល ហ៊ានបើកសាលាឯកជន២០សិនប៉ុណ្ណោះ ដោយរដ្ឋមន្រ្តីអប់រំ ចុះទៅពិនិត្យផ្ទាល់
22, Jul 2020 , 1:00 pm        
រូបភាព
សកម្មភាពគ្រូ​បង្រៀន​និស្សិត​នៅ​ក្នុង​ថា្នក់ (រូបភាពពីសាកលវិទ្យាល័យកម្ពុជា)
សកម្មភាពគ្រូ​បង្រៀន​និស្សិត​នៅ​ក្នុង​ថា្នក់ (រូបភាពពីសាកលវិទ្យាល័យកម្ពុជា)
ដោយ:
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ចាប់ផ្តើមបើកសាលារៀនវិញ ក្នុងដំណាក់កាលទី១ នៅខែសីហា ឆ្នាំ២០២០។ នេះបើតាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ជូនទៅលោក ហង់ជួន ណារ៉ុន។



លិខិតជូនដំណឹង ចុះនៅថ្ងៃទី២១ ខែកក្កដា បញ្ជាក់ថា ដំណាក់កាលទី១នេះ គឺរដ្ឋាភិបាល អនុញ្ញាតឲ្យក្រសួងអប់រំ បើកសាលាឯកជនត្រឹមតែ២០សិនប៉ុណ្ណោះ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ក្រុងសៀមរាប និង ក្រុងបាត់ដំបង។ លិខិតនោះ មិនបានបង្ហាញលម្អិតថា សាលាទាំង២០នោះ គឺកម្រិតណាខ្លះនោះទេ។ 

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២២ ខែកក្កដាថា ការឈានដល់បើកសាលាឯកជនទាំង២០ គឺមានការចុះត្រួតពិនិត្យផ្ទាល់ពីលោក ហង់ជួន ណារ៉ុន ទៅលើស្តង់ដាសាលារៀន ដែលប្រកបដោយសុវត្ថិភាពខ្ពស់។ លោក មានប្រសាសន៍ដូច្នេះថា៖«ឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃ [ដែល] ដឹកនាំផ្ទាល់ ដោយឯកឧត្តមរដ្ឋមន្រ្តី»។

យ៉ាងណា លោក មិនទាន់អាចបញ្ជាក់បានឡើយថា សាលាមសិក្សាឯកជនទាំង២០នោះ នឹងត្រូវបើក នៅភ្នំពេញប៉ុន្មាន នៅក្រុងសៀមរាបប៉ុន្មាន និង នៅក្រុងបាត់ដំបងប៉ុន្មាន។ លោកក៏មិនទាន់អាចផ្តល់ព័ត៌មានបានដែរថា ក្រសួងអប់រំ នឹងកំណត់យកថ្ងៃណា ក្នុងខែសីហា ដើម្បីបើកដំណើរសាលាឯកជនទាំង២០នោះ។

អ្នកនាំពាក្យក្រសួងអប់រំ បន្តថា សាលាឯកជន ដែលត្រូវបើកទាំងនោះ ត្រូវគោរពលើវិធានការរៀបចំបរិស្ថានសាលា និងរៀបចំថ្នាក់រៀនឲ្យបានស្អាត រៀបចំចំនួនសិស្សឲ្យនៅមានគម្លាតសុវត្ថិភាព ហើយ រាល់គ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគ។

លោក បន្ថែមថា សម្រាប់គ្រូបង្រៀន មុននឹងចូលបង្រៀនសិស្សត្រូវធ្វើតេស្តរកមេរោគវីរុសជាមុនសិន។ លោក ប្រាប់ទៀតថា សាលាទាំងនោះក៏ត្រូវបន្តការបង្រៀនតាមអនឡាញបន្ថែមទៀតផងដែរ។

លោក លើកឡើងថា ចំពោះសាលាឯកជនណា ដែលមិនគោរពទៅតាមវិធានការណែនាំរបស់ក្រសួងទេ សាលាឯកជននោះ នឹងត្រូវទទួលការព្រមាន និងឈានដល់ផ្អាកដំណើរសាលាជាបណ្តោះអាសន្នសិន។ 

លោក អះអាងថា ក្នុងករណីការបើកសាលាក្នុងដំណាក់កាលទី១បានជោគជ័យ ក្រសួងនឹងបន្តបើកសាលាក្នុងដំណាក់កាលទី២ និងដំណាក់កាលទី៣ ទៀត។

សូមបញ្ជាក់ថា អស់រយៈពេល៤ខែហើយ ដែលសាលារៀនគ្រប់កម្រិតទាំងអស់ ត្រូវផ្អាកដំណើរការ ដោយជំនួសមកវិញនូវការបង្រៀន និងការរៀនតាមអនឡាញ៕

Tag:
 COVID-19
  បើកសាលាវិញ
© រក្សាសិទ្ធិដោយ thmeythmey.com