សង្គមអន្តរជាតិ
អន្តរជាតិ
របាយការណ៍ UN៖ ក្នុងពេល១០ឆ្នាំ កូរ៉េខាងជើងបាត់បង់ព្រៃឈើ ២១ ម៉ឺនហិកតា
× កូរ៉េខាងជើង បានបាត់បង់ផ្ទៃដីព្រៃឈើសរុបប្រមាណ ២១០ ០០០ ហិកតា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ របាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានបង្ហាញបែបនេះ នៅថ្ងៃទី ២២ ខែកក្កដា ដោយលើកឡើងពីបញ្ហាកាប់បំផ្លាញព្រៃឈើកាន់តែធ្ងន់ធ្ងរក្នុងរដ្ឋកុម្មុយនីស្តមួយនេះ។
យោងតាមរបាយការណ៍របស់អង្គការកសិកម្មនិងចំណីអាហារ (FAO) ផ្ទៃដីព្រៃរបស់កូរ៉េខាងជើង សល់ត្រឹម ៦,០៣លានហិកតា ក្នុងឆ្នាំ២០២០នេះ ដែលធ្លាក់ចុះពី ៦,២៤លានហិកតា កាលពីឆ្នាំ២០១០។
ការធ្លាក់ចុះនេះ គឺស្របទៅនឹងការថយចុះជាលំដាប់នៃតំបន់ព្រៃឈើក្នុងប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជាង ៣ ទសវត្សរ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ដោយដកស្រង់របាយការណ៍របស់ FAO ។
ផ្ទៃដីព្រៃក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានប៉ាន់ស្មានថាមានចំនួន ៦,៩១លានហិកតា ក្នុងឆ្នាំ១៩៩០ នៅពេលរបាយការណ៍ត្រូវបានចេញផ្សាយលើកដំបូង។ វិសាលភាពព្រៃឈើនេះ បានធ្លាក់ចុះមកត្រឹម ៦,៤៦លានហិកតា ក្នុងឆ្នាំ២០០០។
មែនទែនទៅ កូរ៉េខាងជើង ល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើ ហើយការបំផ្លិចបំផ្លាញខ្លាំងបំផុតបានកើតឡើងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលទុរ្ភិក្សគ្របដណ្ដប់ប្រទេសនេះ ហើយបង្ខំឲ្យប្រជាជនកាប់ដើមឈើសម្រាប់ធ្វើស្រែចិញ្ចឹមក្រពះ។
យ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េខាងត្បូងនិងខាងជើង បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការការពារព្រៃឈើ ក្នុងឆ្នាំ២០១៨ រួមមាន កិច្ចប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើជាដើម។ ក៏ប៉ុន្តែ វាមានលទ្ធផលតិចតួចណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com