អន្តរជាតិ
អាមេរិក បញ្ជា​ឲ្យ​ចិន​បិទ​កុងស៊ុល​នៅ Houston
22, Jul 2020 , 5:59 pm        
រូបភាព
​ក្រសួងការបរទេស​ចិន បានប្រកាស​នៅ​ថ្ងៃទី​២២ ខែកក្កដា ថា អាមេរិក​បាន​ប្រាប់​ឲ្យ​ខ្លួន​បិទ​កុងស៊ុល​ប្រចាំ​ទីក្រុង Houston ក្នុង​រយៈពេល​៧២​ម៉ោង​។ ចិន​ចាត់ទុក​ទង្វើ​នេះ​ជា​ការបំពានច្បាប់​អន្តរជាតិ ហើយ​គំរាម​សងសឹក​វិញ បើ​អាមេរិក​មិន​ដក​ការសម្រេចចិត្ត​នេះ​ទេ​។ ប៉ុន្តែ​ក្រសួងការបរទេស​អាមេរិក​បញ្ជាក់ថា អាមេរិក​កំពុង​ការពារ​ការណ៍​សម្ងាត់រ​បស់​ប្រជាជន​ខ្លួន​។


​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២២ ខែកក្កដា លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា ចិន​ទទូច​ដោយ​ដាច់អហង្ការ​ឲ្យ​អាមេរិក​ដក​ការសម្រេចចិត្ត​ខុស​ឆ្ព​ង​វិញ បើ​មិន​ចង់​ឲ្យ​ចិន​ចាត់វិធានការ​តប​វិញ​ទេនោះ​។ បើតាម​លោក Wang អាមេរិក​បាន​ជូនដំណឹង​ពី​ការបញ្ជា​ឲ្យ​បិទ​ស្ថាន​កុល​ស៊ុ​ល​ប្រចាំ Houston នៅ​ថ្ងៃទី​២១ ខែកក្កដា​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ចិន​ដដែល​បន្តថា​៖ «​នេះ​ជាការ​បង្កហេតុ​ផ្នែក​នយោបាយ​ធ្វើឡើង​ដោយ​អាមេរិក ដែល​បំពាន​ធ្ងន់ធ្ងរ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ស្ដីពី​កុងស៊ុល​រវាង​ចិន និង​អាមេរិក​។ 
 
​ស្ថាន​កុងស៊ុល​នៅ Houston ជា​កុងស៊ុល​មួយ​ក្នុងចំណោម​ការិយាល័យ​កុងស៊ុល​ទាំង​៥​របស់​ចិន​នៅ​អាមេរិក បន្ថែម​ពីលើ​ស្ថានទូត​នៅ​វ៉ាស៊ីនតោន​ឌី​ស៊ី​។ 
 
​ក្រោយ​មាន​សេចក្ដីរាយការណ៍​ពី​ការបញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​នេះ គេ​ក៏​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​បរិវេណ​អាគារ​កុងស៊ុល​។ ប៉ូលិស​ទីក្រុង Houston ប្រាប់​ទូរទស្សន៍ Fox26 ថា បុគ្គលិក​កុងស៊ុល​ដុត​ឯកសារ ព្រោះ​ត្រូវ​ចាកចេញ​នៅ​ថ្ងៃទី​២៤ ខែកក្កដា​ខាងមុខ​។ ប៉ូលិស​មិនអាច​ចូល​បរិវេណ​កុងស៊ុល​ដែលជា​អធិបតេយ្យ​របស់​ចិន​បានឡើយ​។​
 
​ទាក់ទង​រឿងនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក  Morgan Ortagus អះអាងថា ការបិទ​កុងស៊ុល មាន​គោលដៅ​ការពារ​កម្មសិទ្ធិបញ្ញារ​បស់​អាមេរិក និង​ព័ត៌មាន​ឯកជន​របស់​ប្រជាជន​។ អ្នកស្រី​មិនបាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​ឡើយ​៕
 
 

Tag:
 អាមេរិក​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com