សង្គមអន្តរជាតិ
អន្តរជាតិ
លោក ត្រាំ ថា លទ្ធភាពតែងតែមានក្នុងការបិទកុងស៊ុលចិននៅអាមេរិកបន្ថែមទៀត ស្ថានកុងស៊ុលចិនប្រចាំទីក្រុង Houston នៅរដ្ឋ Texas អាចមិនមែនជាកុងស៊ុលចុងក្រោយដែលអាមេរិកបញ្ជាឲ្យបិទទ្វារឡើយ ដោយលោក ដូណាល់ ត្រាំ គំរាមបិទបន្ថែមទៀត។
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែកក្កដា បានលើកឡើងពីលទ្ធភាពដែលអាមេរិកបន្តបិទកុងស៊ុលចិននៅលើទឹកដីរបស់ខ្លួនថែមទៀត។ លោក ត្រាំ លើកឡើងបែបនេះ ក្រោយរដ្ឋបាលរបស់លោកចេញបញ្ជាឲ្យចិនបិទកុងស៊ុលប្រចាំទីក្រុង Houston នៅរដ្ឋ Texas ជាមួយការចោទប្រកាន់ថា ចិនប្រើប្រាស់ទីតាំងកុងស៊ុលនេះដើម្បីលួចបច្ចេកវិទ្យាអាមេរិក។ ក្រៅពី Houston ចិនមានកុងស៊ុលបួនទៀតនៅអាមេរិក។
ស្ថានកុងស៊ុលចិនប្រចាំទីក្រុង Houston នៅរដ្ឋ Texas អាចមិនមែនជាកុងស៊ុលចុងក្រោយដែលអាមេរិកបញ្ជាឲ្យបិទទ្វារឡើយ។ ដោយមិនមានផ្ដល់សញ្ញាជាមុន អាមេរិកបានប្រាប់ឲ្យចិនបិទកុងស៊ុលប្រចាំ Houston នៅថ្ងៃទី២១ ខែកក្កដា ដោយទុកពេល៧២ម៉ោង។ ក្រសួងការបរទេសចិន ក៏បានប្រកាសព័ត៌មាននេះនៅថ្ងៃទី២២ ខែកក្កដា ជាមួយនឹងសារព្រមានវិញថា បើអាមេរិកហ៊ានបន្តចំណាត់ការនេះ ចិននឹងសងសឹកវិញ។
ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបោះសម្ដីទៀតថា កុងស៊ុលចិនឯទៀត ក៏អាចត្រូវបិទដែរ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែកក្កដា លោក ត្រាំ និយាយថា លទ្ធភាពតែងតែមានក្នុងការបិទកុងស៊ុលថែមទៀត។
ក្រៅពីនៅ Houston ចិនមានកុងស៊ុលបួនទៀតនៅទីក្រុង Chicago, Los Angeles, San Francisco និង New York និងស្ថានទូតនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ តួនាទីរបស់កុងស៊ុលនេះ គឺផ្ដល់ទិដ្ឋាការសម្រាប់ការធ្វើដំណើរទៅចិន និងការជំរុញទេសចរណ៍។
ក្រសួងការបរទេសអាមេរិកដែលប្រាប់ចិនឲ្យបិទកុងស៊ុលនៅ Houston បញ្ជាក់ថា ការបិទនេះ គឺដើម្បីការពារកម្មសិទ្ធិបញ្ញារបស់អាមេរិក និងឯកជនភាពផងដែរ ប៉ុន្តែមិនបញ្ជាក់ច្បាស់ឡើយ។ រដ្ឋមន្ត្រីការបរទសអាមេរិក ម៉ៃ ប៉ុមប៉េអូ ដែលធ្វើទស្សនកិច្ចនៅដាណឺម៉ាក បានលើកឡើងពីជាថ្មីពីការចោទប្រកាន់ចិនពាក់ព័ន្ធការលួចបច្ចេកវិទ្យានៅអាមេរិក និងអឺរ៉ុប។ លោកក៏មិននិយាយឲ្យចំពីកុងស៊ុលចិននៅ Houston ដែរ។
ខណៈមិនមានមូលហេតុច្បាស់លាស់ទាក់ទងការបិទនេះ មន្ត្រីអាមេរិកខ្លះនិយាយថា កុងស៊ុលចិននៅ Houston ជាទីតាំងដែលប៉េកាំងប្រើប្រាស់ដើម្បីបំពេញបេសកកម្មលួចកម្មសិទ្ធិបញ្ញាក្រុមហ៊ុនអាមេរិក។ សមាជិកព្រឹទ្ធសភាអាមេរិក Marco Rubio បានសរសេរលើ Twitter ថា កុងស៊ុលនេះ ជាចំណុចកណ្ដាលមជ្ឈមណ្ឌលខ្សែបណ្ដាញលួចព៌ត៌មានដ៏ស្អេកស្កះរបស់បក្សកុម្មុយនីស្តចិន។ ចំណែកឧបការីរងរដ្ឋមន្ត្រីការបរទេស David Stilwell វិញ លើកឡើងថា កុងស៊ុលនេះ ជាមជ្ឈមណ្ឌលកណ្ដាលរបស់កងទ័ពចិនក្នុងការពង្រឹងផលប្រយោជន៍ខ្លួនតាមរយៈការបញ្ជូននិស្សិតចិនទៅរៀននៅអាមេរិក។
ពេលនេះ ចិនរង់ចាំមើលថា អាមេរិកពិតជាធ្វើតាមសម្ដីរបស់ខ្លួនឬយ៉ាងណា។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ចិនអាចបិទកុងស៊ុលអាមេរិកនៅវូហានជាការសងសឹកវិញ។ ចំណែកសារព័ត៌មានរដ្ឋចិន Global Times វិញ បានឲ្យបង្ហោះការស្ទង់មតិមួយនៅ Twitter ដោយសួរថា ចិនគួរបិទកុងស៊ុលអាមេរិកណាមួយក្នុងចំណោមកុងស៊ុលនៅគ័ងចូវ ហុងកុង ឆឹងទូ និងទីតាំងដទៃទៀត៕
Tag:
អាមេរិក
ចិន
ដូណាល់ ត្រាំ
កុងស៊ុល
© រក្សាសិទ្ធិដោយ thmeythmey.com