កីឡាជាតិ
ជាតិ
សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា អាច​គ្របដណ្តប់​ការងារ NOCC?
23, Jul 2020 , 5:17 pm        
រូបភាព
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា(កណ្តាល)ធ្វើជាអធិតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រមូលធាតុចូលសម្រាប់តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា(កណ្តាល)ធ្វើជាអធិតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រមូលធាតុចូលសម្រាប់តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា
ដោយ:
​កម្ពុជា អាចនឹង​មានច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា​ជា​លើកដំបូង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ បានរៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​ជា​លើក​ទី​ពីរ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម និង​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា​។ ជាមួយគ្នានេះ អ្នកជំនាញ​កីឡា​មួយចំនួន​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការប្រើប្រាស់​ច្បាប់​ដែល​អាច​គ្រប់គ្រង​ដល់​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។ ទោះបីជា​យ៉ាងណាក៏ដោយ នេះ​ជា​ដំណាក់កាល​ជជែក​ដេញដោល​គ្នា​នៅឡើយ​។​

 
​បើតាម​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា រាជរដ្ឋាភិបាល​តាក់តែង​ច្បាប់​នេះ​ឡើង ដើម្បី​គ្រប់គ្រង​សកម្មភាព​អប់រំ​កាយ និង​កីឡា ការហាត់​ប្រាណ និង​លេង​កីឡា​នៅ​កម្ពុជា​។ ជាពិសេស​ដើម្បី​ចូលរួម​កំណែទម្រង់ និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​វិស័យ​កីឡា​ឲ្យ​កាន់តែ​រីកចម្រើន ក៏ដូចជា​លើកស្ទួយ​កិត្យានុភាព​កីឡា​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។  ច្បាប់​នេះ ក៏​នឹងចូលរួម​ទប់ស្កាត់​និង​បង្ការ និង​ដោះស្រាយ​បញ្ហា​នានា​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​ផងដែរ​។​
 
​សេចក្តីព្រាងច្បាប់​នេះ​មាន​៨​ជំពូក ១៥១​មាត្រា​។ មាត្រា​៣ ជំពូក​១ ចែង​ពី​វិសាលភាព​អនុវត្ត​ដែលថា «​ច្បាប់​នេះ​មាន​វិសាលភាព​គ្រប់គ្រង ចាត់ចែង​សកម្មភាព​អប់រំ​កាយ​និង​កីឡា និង​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា ដែល​ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់​អង្គការ​រដ្ឋ អង្គការ​សង្គម​កីឡា អង្ក​ការ​សង្គម​វិជ្ជាជីវៈ​កីឡា និង​ស្ថាប័ន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នៅ​កម្ពុជា​។ មាត្រា​៩​ក្នុង​ជំពូក​២​ដដែល​បញ្ជាក់ថា អង្គការ​សង្គម​កីឡា​សំដៅលើ​សហព័ន្ធ​កីឡា​ជាតិ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 
​ប៉ុន្តែ​ធម្មនុញ្ញ​អូឡាំពិក​ត្រង់​មាត្រា​២៧.៦​ស្តីពី​ស្វ័យភាព​ចែងថា គណៈកម្មការ​អូឡាំពិក ត្រូវការពារ​ស្វ័យភាព​របស់ខ្លួន​និង​ប្រឆាំង​រាល់​សម្ពាធ​គ្រប់​រូបភាព​ទាំង​នយោបាយ ច្បាប់​សាសនា ឬ​សម្ពាធ​សេដ្ឋកិច្ច​។ អង្គការ​សង្គម​កីឡា​និង​អំណាច​សាធារណៈ ជា​ដៃគូ​ការងារ​កីឡា ដែល​ត្រូវ​រក្សា​តុល្យភាព​នៃ​ការគោរព​គ្នា​ទៅវិញទៅមក រវាង​អង្គការ​សង្គម​កីឡា និង​រដ្ឋអំណាច​សាធារណៈ​។​
 
​រដ្ឋអំណាច​សាធារណៈ ត្រូវគោរព​ស្វ័យភាព​របស់​អង្គការ​សង្គម​កីឡា ដែលមាន​គណៈកម្មាធិកា​រ​អូឡាំពិក​និង​សហព័ន្ធ​កីឡា​ជាតិ ដោយ​ត្រូវ​ជៀសវាង​អន្តរាគមន៍​ឬ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អង្គការ​សង្គម​កីឡា​។ អង្គការ​សង្គម​កីឡា​មាន​សិទ្ធិ​ដឹកនាំ​ការងារ​ផ្ទៃក្នុង សម្រេចចិត្ត​រាល់​នីតិវិធី​ការងារ រៀបចំ​កិច្ចប្រជុំ ការបោះឆ្នោត ដោយ​ប្រើ​យន្តការ​របស់ខ្លួន ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង និង​ត្រូវ​កំណត់​បទដ្ឋាន​ច្បាប់ ដោយ​អនុលោមភាព​តាម​លក្ខន្តិកៈ និង​បទ​ប្បញ្ញត្តិ ដែល​បានអនុម័ត​ដោយ​មហាសន្និបាត​។ 


 លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា

​គណៈកម្មាធិការ​អូឡាំពិក​ជាតិ​ក្នុង​ប្រទេសមួយ​នឹងរង​ការចាត់វិធានការ និង​ដាក់ទណ្ឌកម្ម ដោយ​ព្យួរ ឬ​ដកហូត​ការទទួលស្គាល់​ជា​សមាជិក​ពី​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ក្នុងករណី​មានការ​រំលោភបំពាន​លើ​ធម្មនុញ្ញ​អូឡាំពិក​។ 
 
​មាត្រា​ទី​២៧.៩​នៃ​ធម្មនុញ​អូឡាំពិក​ត្រង់ចំណុច​ស្វ័យភាព​បានចែង​ថា គណៈកម្មាធិការ​អូឡាំពិក​ជាតិ​ក្នុង​ប្រទេសមួយ​ដែលមាន​ការរំលោភបំពាន​លើ​ធម្មនុញ្ញ​អូឡាំពិក និង​ត្រូវបាន​ចាត់វិធានការ និង​ដាក់ទណ្ឌកម្ម ដោយ​ព្យួរ ឬ​ដកហូត​ការទទួលស្គាល់​ជា​សមាជិក​ពី​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ក្នុងករណី ដែល​រដ្ឋាភិបាល​ដាក់​រដ្ឋធម្មនុញ្ញ បទ​ប្បញ្ញត្តិ ច្បាប់​ពាក់ព័ន្ធ​ជា​ធរមាន ប៉ះពាល់​ដល់​សក្មភាព​ការងារ​ចលនា​អូឡាំពិក ឬ​រារាំង​ការសម្តែង​ឆន្ទៈ​របស់​គណៈកម្មាធិកា​រ​អូ​ឡា​ពិ​ក​ជាតិ​។ 


 
​លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ប្រធាន​ក្រុមការងារ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​មានជំនឿថា ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​កម្ពុជា ឲ្យ​ទទួលបាន​ជោគជ័យ​នៅ​ឆ្នាំ​២០២៣​។ 
 
​នា​ពិធី​បើក​កិច្ចប្រជុំ​បច្ចេកទេស​ពិសេស​លើក​ទី​ពីរ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ លោក ណាត ប៊ុន​រឿន បាន​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា ការរៀបចំ​តាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​មួយ ក្នុងការ​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ខាងលើនេះ​(​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​)​ឲ្យ​ទទួលបាន​ជោគជ័យ​នា​ឆ្នាំ​២០២៣​ខាងមុខ​ជាក់​ជាមិនខាន ហើយក៏​ជាការ​ពង្រឹង​នូវ​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា​របស់​យើង​ឲ្យ​កាន់​តែមាន​លក្ខណៈ​នីតិរដ្ឋ​»​។ 


 
​តែ​យ៉ាងណា លោក ជំរុញ​គណៈកម្មការ​តាក់តែង​ច្បាប់​ថ្មី​នេះ ត្រូវ​ផ្សារភ្ជាប់​ជាមួយ​គោលនយោបាយ​ជាតិ​ស្តីពី​ការអនុវត្ត​ភាសា​អប់រំ​កាយ​និង​កីឡា​, ច្បាប់​ស្តីពី​ការអប់រំ​, យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​លើកឡើងថា យុវជន​ម្នា​ក់មាន​ជំនាញ​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត និង​សេចក្តីណែនាំ ឬ​សេចក្តីសម្រេច​របស់​សន្និសីទ​អន្តរជាតិ​ផ្សេងៗ ដែល​ប្រមូល​ចងក្រង​ដោយ​អង្គការ​យូណេស្កូ​៕ 

Tag:
 ក្រសួង​អប់រំ យុវជន និង​កីឡា​
  ណាត ប៊ុន​រឿន​
  ប៊ូ ជុំ​សេរី
© រក្សាសិទ្ធិដោយ thmeythmey.com