អន្តរជាតិ
សងសឹកវិញ! ចិន បញ្ជាឲ្យបិទកុងស៊ុលអាមេរិកប្រចាំទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន កុងស៊ុលអាមេរិកប្រចាំទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន ។ រូបភាព AFP
× ចិន បានបញ្ជាឲ្យអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងឆឹងទូ ក្នុងខេត្តស៊ីឈ័ន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែកក្កដា។ នេះជាវិធានការរបស់ចិនដើម្បីតបតនឹងអាមេរិកដែលបញ្ជាឲ្យបិទកុងស៊ុលខ្លួនប្រចាំទីក្រុង Houston រដ្ឋ Texas ។
អាមេរិក បានប្រាប់ឲ្យចិនបិទកុងស៊ុលនៅ Houston កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ ដោយអះអាងថា ដើម្បីការពារកម្មសិទ្ធិបញ្ញា និងឯកជនភាពប្រជាជនអាមេរិក។ ក្រោយមក មន្ត្រីអាមេរិកបញ្ជាក់ថា កុងស៊ុលចិន នេះជាមជ្ឈមណ្ឌលកណ្ដាលដែលចិនប្រើប្រាស់ដើម្បីលួចការសម្ងាត់ និងបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាមេរិករាប់សិបឆ្នាំមកហើយ។
កន្លងទៅ ក្រោយអាមេរិក បញ្ជាឲ្យបិទកុងស៊ុលនៅ Houston គេឃើញមានការលើកឡើងជាច្រើនថាចិនអាចបិទកុងស៊ុលណាមួយរបស់អាមេរិកវិញ ក្នុងនោះកុងស៊ុលនៅវូហាន ខេត្តហ៊ូប៊ី ត្រូវបានគិតថា ជាមុខសញ្ញា ព្រោះអាមេរិកបានបិទកុងស៊ុលនេះក្រោយផ្ទុះជំងឺ COVID-19 ។
ក្រសួងការបរទេសចិនបញ្ជាក់ថា ការលុបចោលការអនុញ្ញាតឲ្យបើកកុងស៊ុលនេះ ជាការឆ្លើយតបស្របច្បាប់ និងចាំបាច់ទៅនឹងសកម្មភាពមិនមានហេតុផលរបស់អាមេរិក។ អាមេរិកមានពេល៧២ម៉ោងដើម្បីរើឥវ៉ាន់ចេញពីកុងស៊ុលមួយនេះ។
ក្រៅពីឆឹងទូ អាមេរិកក៏មានកុងស៊ុលនៅគ័ងចូវ និងហុងកុងផងដែរ៕
Tag:
ចិន
អាមេរិក
កុងស៊ុល
© រក្សាសិទ្ធិដោយ thmeythmey.com