សៀមរាប៖ អស់រយៈកាលប្រមាណ៥ខែមកហើយ ដែលជំងឺកូវីដ១៩បានរាលដាលខ្លាំងនៅកម្ពុជា និងបានបង្ខំឱ្យរដ្ឋាភិបាលបិទទ្វារសាលា។ មកដល់ពេលនេះ សាលារៀនរដ្ឋនិងឯកជន បន្តបិទទ្វារ និងហាក់មានពន្លឺតិចតួចក្នុងការបើកទ្វារដូចដើមឡើងវិញ ខណៈដែលតាមសាលារៀននីមួយៗកំពុងអនុវត្តន៍កម្មវិធីបង្រៀនតាមប្រព័ន្ធអនឡាញ។ ចំណែកសាលារដ្ឋវិញ ក្រៅពីដាក់កម្មវិធីបង្រៀនតាមកញ្ចប់ទូរទស្សន៍ និងប្រព័ន្ធអ៊ិនធឺណិតហើយនោះ ក៏មានគ្រូបង្រៀនចុះបង្រៀនតាមផ្ទះកូនសិស្សផងដែរ។ ទោះជាមួយសប្តាហ៍បង្រៀនតែ២ដង និងបង្រៀនចោះៗក្តី តែបានជួយរំឭកសិស្សកុំឲ្យភ្លេចមេរៀន ឬមិនរៀនសោះក្នុងអំឡុងកូវីដ-១៩ ដែរ។ គ្រូបង្រៀននៅតាមជនបទ ក្នុងខេត្តសៀមរាប បានបង្ហាញឆន្ទៈខ្ពស់ក្នុងការចុះបង្រៀនតាមផ្ទះនេះ និងព្យាយាមយ៉ាងណាឱ្យកូនសិស្សបានរៀន ដោយមិនត្រូវបោះបង់សៀវភៅ អំឡុងពេលរដ្ឋបិទសាលានេះទេ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
នៅក្រោមរោងលក់ដូរមុខផ្ទះមួយ របស់ប្រជាពលរដ្ឋក្នុងភូមិពាម ឃុំដូនកែវ ស្រុកពួក កូនសិស្សតូចៗចំនួន៧នាក់ កំពុងអង្គុយអានមេរៀន ដែលមានអ្នកគ្រូកំពុងផ្ទៀងស្ដាប់ ដោយយកចិត្តទុកដាក់។ កូនសិស្សទាំងនោះ រៀនថ្នាក់ទី២ នៃសាលាបឋមសិស្សាពាម ហើយពេលនោះចំវេន ថ្ងៃដែលអ្នកគ្រូពួកគេចុះមកបង្រៀន។
ទើបចេញបង្រៀនឆ្នាំដំបូង អ្នកគ្រូ ប៊ុន ស្រីអ៊ីន ក៏បានស្គាល់រសជាតិចុះបង្រៀនតាមផ្ទះ ដោយក្នុងមួយថ្ងៃៗ អ្នកគ្រូត្រូវជិះម៉ូតូពីផ្ទះសិស្សមួយ ទៅផ្ទះសិស្សមួយ នៅតាមបណ្ដុំដែលបានរៀបចំ។ អ្នកគ្រូត្រូវចុះបង្រៀនតាមភូមិចំនួន៣ នៃឃុំដូនកែវ មានភូមិពាម ភូមិគោកពណ៌ និងភូមិគោកត្នោត។ ជាអ្នកភូមិសំរោងយា នៃស្រុកពួក អ្នកគ្រូ ប៊ុន ស្រីអ៊ីន រៀបរាប់ថា ការចុះបង្រៀនតាមផ្ទះមានភាពលំបាកខ្លះ ពិសេសគឺការកៀងកូនសិស្សឱ្យមករៀនបានទាំងអស់គ្នា។ អ្នកគ្រូរៀបរាប់ទៀតថា កូនសិស្សខ្លះ ក្រោយពីបិទសាលាពួកគេហាក់ណាយនឹងការរៀន ខ្លះបានចេញទៅធ្វើការស្រុកឆ្ងាយតាមឪពុកម្ដាយ ហើយខ្លះទៀត មិនចង់មករៀនតាមបណ្ដុំនោះទេ។ យ៉ាងណា អ្នកគ្រូរូបនេះបញ្ជាក់ថា កូនសិស្សដែលចង់រៀនមានច្រើន ជាងសិស្សមិនចង់រៀន។
ជាគ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាពាម អ្នកគ្រូ ប៊ុន ស្រីអ៊ីន សង្កេតឃើញថា កូនសិស្សរៀននៅតាមផ្ទះ ពួកគេមិនសូវចាប់បាន ដូចរៀននៅសាលាទេ។ អ្នកគ្រូពន្យល់ថា ការបង្រៀនតាមផ្ទះ គឺមានពេលតិច គឺចន្លោះពី២០ទៅ៣០នាទី ខុសពីសាលាដែលមានពេលច្រើន គ្រូអាចពន្យល់គ្រប់សិស្សឱ្យយល់ រាល់មេរៀនដែលបានបង្រៀន និងលម្អិតចំណុចដែលសិស្សតាមមិនទាន់។
កំពុងអង្គុយបង្រៀនសិស្សមួយបណ្ដុំទៀត នៅក្រោមផ្ទះអ្នកលក់អីវ៉ាន់មួយក្នុងភូមិពាម អ្នកគ្រូ ស្ងឿយ កង ក៏បង្ហាញពីបញ្ហាមួយចំនួន ចំពោះការបង្រៀនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ នេះដែរ។ អ្នកគ្រូរូបនេះ មើលឃើញថា កូនសិស្សខ្លះ ហាក់តាមទាន់ការបង្រៀនតាមផ្ទះនេះ តែខ្លះទៀត ក៏ពិបាកចាប់បាន។ អ្នកគ្រូ ស្ងឿយ កង យល់ខ្លួនឯងថា ប្រហែលការបង្រៀនមិនរាល់ថ្ងៃ និងពេលខ្លី រៀនចោះៗ ធ្វើឱ្យសិស្សពិបាកចាប់បាន ខុសពីការបង្រៀនតាមសាលា ដែលគ្រូបង្ហាត់គ្រប់ជំហាន។ ក្នុងមួយសប្ដាហ៍ ការបង្រៀនតាមផ្ទះ គឺមានតែ២ដងប៉ុណ្ណោះ ដោយអ្នកគ្រូលោកគ្រូ ត្រូវទៅបង្រៀននៅភូមិដទៃទៅតាមកាលវិភាគបង្រៀន។
អ្នកគ្រូ ប៊ុន ស្រីអ៊ីន ពេលកំពុងបង្រៀនកូនសិស្សនៅភូមិពាម នាថ្ងៃទី២២ កក្កដា ឆ្នាំ២០២០។
យ៉ាងណាក្ដី អ្នកគ្រូ ប៊ុន ស្រីអ៊ីន ចាប់អារម្មណ៍ឃើញថា ក្នុងកាលៈទេសៈដ៏លំបាក រៀនតាមផ្ទះនេះ ក្មេងខ្លះ ដែលធ្លាប់រៀននៅសាលាខ្សោយ បែរជាចាប់បានច្រើន និងហាក់ពូកែជាង។ អ្នកគ្រូវ័យ២៣ឆ្នាំរូបនេះ ស្មានថាពួកគេអាចមានការជំរុញខ្លាំង ពីឪពុកម្ដាយ។ អ្នកគ្រូបន្ត៖« ខ្ញុំសង្ស័យថា ប្រហែលឪពុកម្ដាយបង្ខំ ជំរុញ ហើយការអានដូចខ្លាំង ដូចកូនសិស្សនៅសាលាគោកត្នោត ប្លែក អភិវឌ្ឍន៍ដោយក្មេងខ្លះ...»។
អាណាព្យាបាលសិស្សនៅភូមិពាម អ្នកស្រី វ៉ាន់ លាង វ័យ៤០ឆ្នាំ យល់ឃើញចំពោះកម្មវិធីបង្រៀនតាមផ្ទះនេះ ថាជាចំណែកមួយ ជួយឱ្យកូនអ្នកស្រីមិនភ្លេចការរៀនសូត្រ។ អ្នកស្រីទទួលស្គាល់ថា ការបិទទ្វារសាលា ធ្វើឱ្យកូនៗអ្នកស្រី ហាក់ណាយនឹងការរៀន ដូចជាគេងយូរជាងមុន និងចូលចិត្តលេងច្រើន។ យ៉ាងណាអ្នកស្រី វ៉ាន់ លាង បានជួយជំរុញកូនៗឱ្យឧស្សាហ៍អាន និងដាស់តឿន ម៉ោងដែលត្រូវរៀនតាមទូរទស្សន៍ជាដើម។ អ្នកស្រីបន្តថា៖«កូនខ្ញុំវារៀងឆ្លាតដែរ នៅសាលារៀនបានលេខ១ដែរ។ រៀនតាមផ្ទះនេះវាចេះគ្រាន់ តែបង្ខំតិច។ រាល់ថ្ងៃជំរុញហៅឱ្យមករៀន ទាំងរៀនតាមទូរទស្សន៍ និងពេលគ្រូមកបង្រៀនចឹង«។
ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ គ្រូបង្រៀននៅតាមជនបទ បានបង្ហាញការអាណិតកូនសិស្ស និងព្យាយាមឱ្យពួកគេបានរៀន ទោះក្នុងកម្រិតណាក៏ដោយ។ អ្នកគ្រូ ប៊ុន ស្រីអ៊ីន បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖« ចង់ឱ្យពួកគាត់ចេះ ស្រណោះពួកគាត់ ចឹងត្រូវតស៊ូមកបង្រៀន អីចឹងហើយ ម៉េចក៏ត្រូវតែកៀងគាត់ ឱ្យមករៀន។ ខ្លះទៅដកដំឡូងដល់ប៉ោយប៉ែត ហើយយើងទៅផ្ទះប្រាប់យាយ យាយឱ្យមកវិញភ្លាម យើងអរដែរ»។
អ្នកគ្រូ ស្ងឿយ កង ពេលកំពុងបង្រៀនកូនសិស្សនៅភូមិពាម នាថ្ងៃទី២២ កក្កដា ឆ្នាំ២០២០។
ចំណែកអ្នកគ្រូ ស្ងឿយ កង ក៏បង្ហាញការអាណិត និងចង់ជួយកូនសិស្ស ក្នុងកាលៈទេសៈនេះដែរ។ «ចិត្តខ្ញុំ ចង់ឱ្យសិស្សចេះ ដូចរៀននៅសាលាដែរ ទើបខំចុះបង្រៀន ខំជិះច្រកល្អកតាមរកសិស្ស។ ខ្លះអត់មកជិះទៅឌុប។ ចង់ឱ្យសិស្សរៀនបានខ្លះ ទោះមិនសូវចាប់បានច្រើន»។
ជារៀងរាល់ឆ្នាំ នារដូវកាលនេះ ការប្រឡងសម្រាប់ថ្នាក់ធំៗមានថ្នាក់ទី៩ និងថ្នាក់ទី១២ នឹងត្រូវរៀបចំជាបន្តបន្ទាប់ និងត្រៀមវ៉ាកងធំ។ តែនៅឆ្នាំនេះ ក្រសួងសម្រេចអនុញ្ញាតឱ្យតែសាលាឯកជនប៉ុណ្ណោះ រៀបចំការប្រឡងទាំងនេះ។ រីឯការសម្រាកវ៉ាកង មិនទាន់កំណត់នៅឡើយ។ អ្នកគ្រូ ស្ងឿយ កង បានត្រៀមខ្លួនជាស្រេច ប្រសិនបើក្រសួងឱ្យបន្តបង្រៀនកូនសិស្ស ទៅតាមមេរៀនក្នុងកាលវិភាគ។ អ្នកគ្រូថា ការបង្រៀនបច្ចុប្បន្ន មិនទាន់ចប់កម្មវិធីសិក្សាទេ ដូច្នេះអ្នកគ្រូស្ម័គ្រចិត្ត បន្តបង្រៀនសិស្ស រហូតដល់ចប់ ព្រោះបារម្ភថាសិស្ស រៀនមិនទាន់ពេលឡើងទៅថ្នាក់ខ្ពស់។
ចំណែកអ្នកគ្រូ ប៊ុន ស្រីអ៊ីន ក៏បង្ហាញជំហរនៅបន្តបង្រៀន រហូតចប់កម្មវិធីសិក្សាផងដែរ។ «បើក្រសួងឱ្យបង្រៀន ពួកខ្ញុំបង្រៀន ដោយសារសិស្សរៀនអត់ទាន់ចប់។ គាត់អត់ទាន់បានស្ដាប់មេរៀនដែលត្រូវរៀន។ បើទៅថ្នាក់ទី៣ វាមានមេរៀនជ្រៅ ជាងនេះទៀត»៕