COVID-19
ជាតិ
អាមេរិកកំពុងកៀរគរធនធានចាំបាច់ ដើម្បីជួយកម្ពុជា ក្រោយបានផ្ដល់ជំនួយ១១លានដុល្លារ លើការប្រយុទ្ធប្រឆាំងកូវីដ-១៩
× ភ្នំពេញ៖ នៅអំឡុងពេលកូវីដ-១៩ អាមេរិកបានផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា១១លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩នៅកម្ពុជា។ នេះបើតាមស្ថានទូតអាមេរិកប្រចាំកម្ពុជាចេញលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៧ កក្កដា។
ស្ថានទូតអាមេរិក បានបញ្ជាក់ទៀតថា៖«យើងកំពុងតែកៀរគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រឈមដោះស្រាយវិបត្តិផ្នែកសុខភាពសាកលនេះ»។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ធ្លាប់បានលើកឡើងកាលពីថ្ងៃទី១៣ ឧសភា ក្នុងជំនួបរវាងរដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នៅទីស្ដីការក្រសួងថា ជំនួយដែលបានផ្ដល់កម្ពុជានេះ គឺសម្រាប់ជួយផ្នែកសុខាភិបាលនិងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
លោកឯកអគ្គរដ្ឋទូត Murphy ថ្លែងថា៖ «ធនធានទាំងនេះ គឺជាផ្នែកមួយ នៃភាពជាដៃគូដែលមានរយៈពេលយូររបស់យើងជាមួយប្រទេសកម្ពុជា។...យើងបន្តកិច្ចសហការគ្នានេះ ជាមួយប្រជាជនកម្ពុជា ជាមួយនឹងការប្តេជ្ញាដ៏ចិត្តច្រើនថែមទៀត ហើយបន្តមានការប្រុងប្រយ័ត្ន នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺរាតត្បាតជាសាកល កូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក»។
មិនមែនមានតែកម្ពុជាទេ ដែលអាមេរិកផ្ដល់ជំនួយសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ នៅប្រទេសសមាជិកអាស៊ានផ្សេងទៀត អាមេរិកក៏បានផ្ដល់ជំនួយប្រមាណ៧០លានដុល្លារដែរ ដើម្បីដោះស្រាយវិបត្តិនេះ។ ប្រទេសទាំងនោះ រួមមានឥណ្ឌូនេស៊ី១១លានដុល្លារ, ឡាវ៤.៥ លានដុល្លារ, ម៉ាឡេស៊ី១.២លានដុល្លារ, មីយ៉ានម៉ា១៦.៥លានដុល្លារ, ហ្វីលីពីន១៩.១លានដុល្លារ, ថៃចំនួន៨.៥លានដុល្លារ និងវៀតណាម៩.៥លានដុល្លារ។ ក្រៅពីនេះ ក៏មានប្រទេសទីម័រខាងកើត ដែលអាមេរិកបានផ្តល់ជំនួយប្រមាណ១.១លានដុល្លារផងដែរ។
កន្លងមកកម្ពុជាបានទទួលទាំងថិវកា បច្ចេកទេស និងសម្ភារៈជាច្រើន ដើម្បីជួយកម្ពុជាក្នុងវិបត្តិកូវី-១៩នេះ ពីអន្តរជាតិផ្សេងទៀត រួមមានប្រទេសអាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ចិនជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com