កីឡាអន្តរជាតិ
អន្តរជាតិ
Sir Alex៖ សក្តិសម​បំផុត ដែល Klopp ជាប់​ជា​អ្នកចាត់ការ​ឆ្នើម​ប្រចាំឆ្នាំ​
28, Jul 2020 , 11:41 am        
រូបភាព
​លោក Jurgen Klopp ជាប់​ជា​អ្នកចាត់ការ​ទូទៅ​ល្អ​បំផុត​ប្រចាំឆ្នាំ LMA awards ក្រោយ​ជួយ Liverpool ឈ្នះ​ពាន Premier League ប្រចាំ​រដូវ​កាល ២០១៩-២០​។ អតីត​អ្នកចាត់ការ​ឆ្នើម Manchester United លោក Sir Alex Ferguson អះអាងថា ពាន​នេះ​សក្តិសម​បំផុត​សម្រាប់​លោក Klopp​។​


​ក្រោយ​ឡើងទៅ​ដឹកនាំ​ក្រុម​ចំនួន​៥​រដូវ​កាល អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ជួយ​ហង្ស​ក្រហម​ឈ្នះ​ពានរង្វាន់ UEFA Champions League កាលពី​រដូវ​កាល​មុន (២០១៨-១៩) និង​លើក​ពាន​ក្របខណ្ឌ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ដែលជា​ការទទួលបាន​លើកដំបូង​របស់​ក្លិប​ក្នុង​រយៈពេល​៣០​ឆ្នាំ​។​
 
Liverpool រកបាន​៩៩​ពិន្ទុ ដើម្បី​ក្លាយជា​ម្ចាស់​ពាន Premier League ដោយ​នាំមុខ​គូប្រជែង Manchester City ដល់​ទៅ​១៨​ពិន្ទុ​។ ដោយសារ​សមិទ្ធផល​ទាំង​ខាងលើ សមាគម​អ្នកចាត់ការ​ទូទៅ​លី​គ​នៅ​អង់គ្លេស (LMA) បានសម្រេច​ផ្តល់​ពាន​អ្នកចាត់ការ​ទូទៅ​ល្អ​បំផុត​ទៅ​លោក Klopp តែម្តង​។ 
 
​ក្នុងការ​ប្រកាស​ជ័យលាភី​អ្នកឈ្នះ LMA នៅលើ​កញ្ចក់​ទូរទស្សន៍ Sky Sports អតីត​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម​លោក Sir Alex Ferguson ដែលជា​អ្នកផ្តល់​ពាន​នេះ បាន​និយាយថា លោក Klopp សក្តិសម​នឹង​ទទួលបាន​ពាន​នេះ​បំផុត​។ បុរស​វ័យ​៧៨​ឆ្នាំ ដែល​បាន​ជួយ Man Utd ជោគជ័យ​បំផុត​អំឡុងពេល​លោក​ដឹកនាំ ថែមទាំង​សរសើរ​កម្រិត​នៃ​ការដឹកនាំ​របស់ Klopp ក្នុង​ការជួយ Liverpool កើន​ដល់​កំពូល​មួយ​។ 
 
«​ខ្ញុំ​នឹង​អភ័យទោស​ឲ្យ​អ្នក​ដែល​បាន​ហៅ​ខ្ញុំ​នៅ​ម៉ោង ៣ ព្រឹក ដើម្បី​ប្រាប់​ខ្ញុំ​ថា​អ្នកចាត់ការ Liverpool បានឈ្នះ​ពាន​នេះ សូម​អរគុណ​!»​។ Sir Alex បន្ថែម​ដូច្នេះ​។​
 
​សម្រាប់​លោក Klopp វិញ ក្រោយ​ទទួលបាន​ការតែងតាំង​ជា​អ្នកចាត់ការ​ល្អ​បំផុត លោក​បានបង្ហាញ​ភាព​រីករាយ​ដោយ​រៀបរាប់ថា​៖« ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន ជាប់​ជា​អ្នកចាត់ការ​ទូទៅ​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ LMA ដែលជា​ពាន​ដ៏​អស្ចារ្យ​របស់លោក Sir Alex Ferguson ដែល​លោក​ជា​បុរស​ម្នាក់​ដែល​ខ្ញុំ​កោតសរសើរ​ខ្លាំង​ខ្លាំង​បំផុត​»​។​
 
Sir Alex ទទួលបាន​ពាន​នេះ​ច្រើនជាងគេ​ដល់​ទៅ​៥​លើក ខណៈ​កាលពី​រដូវ​កាល​មុន លោក Chris Wilder អ្នកចាត់ការ​ទូទៅ​ក្រុម Sheffield United ជា​អ្នកទទួលបាន​ពាន LMA នេះ​៕
 

Tag:
 Jurgen Klopp
  LMA
  Premier League
  Sir Alex Ferguson
© រក្សាសិទ្ធិដោយ thmeythmey.com