ជាតិ
មន្ទីរពេទ្យ​៥​នៅ​ភ្នំពេញ ទទួលបាន​ម៉ាស៊ីន​ផលិត​ទឹក​សុទ្ធ​ដែល​ផលិត​បាន​៨០០​លីត្រ​ក្នុង​១​ថ្ងៃ​ពី​នាយករដ្ឋមន្ត្រី​
28, Jul 2020 , 7:29 pm        
រូបភាព
ម៉ាស៊ីនផលិតទឹកបរិសុទ្ធនៅខាងស្ដាំដៃ (រូបពីទំព័រហ្វេសប៊ុករបស់ សម្ដេច ហ៊ុន សែន)
ម៉ាស៊ីនផលិតទឹកបរិសុទ្ធនៅខាងស្ដាំដៃ (រូបពីទំព័រហ្វេសប៊ុករបស់ សម្ដេច ហ៊ុន សែន)
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន បានផ្ដល់​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​៥​គ្រឿង​ដែល​អាច​ផលិត​ទឹកបាន​៨០០​លីត្រ​ក្នុង​មួយថ្ងៃ ដល់​មន្ទីរពេទ្យ​៥​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។ 



​ការផ្ដល់​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​នេះ គឺ​សម្រាប់​តម្រូវការ​របស់​មន្ទីរពេទ្យ​និង​ពលរដ្ឋ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ប្រើប្រាស់​ទឹកស្អាត​។ នេះ​បើតាម​ការបញ្ជាក់​របស់ សម្ដេច ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៨ កក្កដា​។ 
 
​សម្ដេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​ថា​៖ «​ដោយ​មើលឃើញ​ពី​តម្រូវការ​ទឹកស្អាត​ចាំបាច់​បំផុត​សម្រាប់​មន្ទីរពេទ្យ ជាពិសេស​សម្រាប់​ពលរ​ដ្ឋ​និង​អ្នកជំងឺ​ដែល​មក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​»​។ 
 
​មន្ទីរពេទ្យ​ដែល​ទទួលបាន​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត Watergen (​ប្រភេទ Gen-M) បច្ចេកវិទ្យា​អ៊ីស្រាអែល នោះ​រួមមាន មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​កាកបាទក្រហមកម្ពុជា​។ 
 
​នៅ​ថ្ងៃ​២៨​កក្កដា​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ចុះ​ប្រគល់​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដល់​ខាង​មន្ទីរពេទ្យ​ដើម្បី​យកទៅ​ប្រើប្រាស់​។ ក្រៅពី​ផ្ដល់​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ សម្ដេច ក៏បានផ្ដល់​រថយន្ត​ចល័ត​និង​ម៉ា​ស៊ី​ង​ភ្លើង​មួយឈុត​ដល់​កាកបាទក្រហម ក្នុង​ការធ្វើសកម្មភាព​មនុស្សធម៌​នៅតាម​មជ្ឈដ្ឋាន​ទីសាធារណៈ ដែល​អាច​នឹង​ជួប​គ្រោះរាំងស្ងួត​ឬ​មាន​តម្រូវការ​ប្រើប្រាស់​ចាំបាច់​បន្ថែម​៕ 
 

Tag:
 ទឹកបរិសុទ្ធ​
 ​មន្ទីរពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com