កាតា នឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០៣២។ បើតាមការផ្សាយរបស់ AFP នៅថ្ងៃទី២៨ ខែកក្កដា កាតានឹងដោះស្រាយបញ្ហាសីតុណ្ហភាពក្តៅនៅក្នុងប្រទេសដើម្បីទទួលបានអ្នកចូលរួមច្រើនកុះករសម្រាប់ការដឹកនាំព្រឹត្តិការណ៍កីឡានេះ បើសិនឈ្នះសិទ្ធិរៀបចំ។
ក្រៅពីកាតា ឥណ្ឌា អូស្ត្រាលី ចិន និងការរួមគ្នារបស់កូរ៉េខាងត្បួងជាមួយកូរ៉េខាងជើងក៏កំពុងត្រៀមខ្លួនសម្រាប់ការដេញថ្លៃរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣២ នេះផងដែរ។
ក្រោមការផ្លាស់ប្តូរច្បាប់ថ្មីមួយចំនួនដែលបានដាក់ចេញក្នុងឆ្នាំ ២០១៤ ប្រទេសដែលមានចំណាប់អារម្មណ៍បានដាក់សំណើដើម្បីចូលរួមពិភាក្សាលើលក្ខខណ្ឌផ្សេងៗដើម្បីឈានទៅរការដេញថ្លៃ។ ក្នុងនោះដែរ កាតាបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខ្លួនបានធ្វើលិខិតមួយទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលមានមូលដ្ឋានក្នុងក្រុង Lausanne ប្រទេសស្វ៊ីសរួចហើយ។
ប្រធានគណៈកម្មាធិការអូឡាំពិកកាតា Sheikh Joaan bin Hamad bin Khalifa Al-Thani បានរៀបរាប់ប្រាប់ AFP ថា៖« សេចក្តីប្រកាសនៅថ្ងៃនេះគឺជាការចាប់ផ្តើមនៃកិច្ចពិភាក្សាប្រកបដោយអត្ថន័យជាមួយគណៈកម្មាការ Future Host Commission របស់ IOC ដើម្បីស្វែងយល់ពីចំណាប់អារម្មណ៍របស់យើងបន្ថែមទៀត និងកំណត់ពីរបៀបដែលអូឡាំពិកអាចគាំទ្រគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកាតា»។
កន្លងមក កាតាបានបរាជ័យក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះពីរដងរួចមកហើយក្នុងឆ្នាំ ២០១៦ និង ២០២០។ អូឡាំពិកឆ្នាំ២០២០ បានធ្លាក់ទៅក្នុងដៃក្រុងតូក្យូរបស់ជប៉ុន ខណៈកាតាដែលចាប់ដៃគូដេញថ្លៃរួមគ្នាជាមួយអាស៊ែបៃហ្សង់មិនស្ថិតក្នុងបេក្ខភាពចុងក្រោយឡើយ។
អូឡាំពិក ២០២០ ត្រូវបានពន្យារពេលដល់ឆ្នាំ ២០២១ ដោយសារតែជំងឺរាតត្បាត COVID-19។ ជប៉ុនដែលមានបទពិសោធអំពីសីតុណ្ហភាពនៅរដូវក្តៅផង បានរៀបចំកាលវិភាគប្រកួតនៅពេលព្រឹកព្រលឹមដែលជាពេលមានអាកាសធាតុត្រជាក់បំផុត។
អាកាសធាតុជាបញ្ហាចម្បងមួយសម្រាប់កាតា។ សីតុណ្ហភាពនៅរដូវក្ដៅក្នុងប្រទេសនេះអាចឡើងដល់ ៥០ ដែលធ្លាប់បានបង្កជាបញ្ហាសម្រាប់កម្មវិធីកីឡាប្រណាំងលើដងផ្លូវនាព្រឹត្តិការណ៍ជើងឯកអត្តពលកម្មពិភពលោកកាលពីឆ្នាំមុនដែលធ្វើឡើងនៅក្រុងដូហារួចមកហើយ។
ក្នុងការដេញថ្លៃសម្រាប់ឆ្នាំ២០៣២ កាតាបានរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាអាកាសធាតុ ដោយពួកគេអាចនឹងជ្រើសរើសយករដូវត្រជាក់ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោករដូវក្តៅនេះវិញ។ ស្របគ្នានេះដែរ ប្រធាន IOC លោកThomas Bach ក៏បានបង្ហាញភាពសប្បាយរីករាយផងដែរជុំវិញគម្រោងដេញថ្លៃរបស់កាតានេះ។
សូមបញ្ជាក់ថាកាតា នឹងត្រូវដឹកនាំធ្វើម្ចាស់ផ្ទះព្រឹតិ្តការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២។ ប្រសិនបើកាតាអាចទទួលបានសិទ្ធិរៀបចំអូឡាំពិក ឆ្នាំ២០៣២ មែន មានន័យថាប្រទេសនេះនឹងក្លាយជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាដំបូងផុតសម្រាប់ព្រឹត្តិការណ៍នេះ៕