សង្គមអន្តរជាតិ​
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ ផ្អាក​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហុងកុង
28, Jul 2020 , 4:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters។ រូបភាព៖ AP
រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters។ រូបភាព៖ AP
​នូ​វែ​ល​សេ​ឡង់ បានសម្រេច​ផ្អាក​សន្ធិសញ្ញា​ជាមួយ​ហុងកុង បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​ចូល​ជា​ធរមាន​ជិត​មួយខែ​។ រដ្ឋមន្ត្រីការបរទេស​នូ​វែ​ល​សេ​ឡង់ លោក Winston Peters បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៨ ខែកក្កដា ដោយ​បន្ថែមថា​នូ​វែ​ល​សេ​ឡង់ អាច​ពិនិត្យ​លើ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ប្រសិនបើ​ចិន​គោរព​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» បានល្អ​។


​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស់​យ៉ាងខ្លាំង​ទាំង​នៅ​ទឹកដី​ហុងកុង និង​បរទេស​។ អូស្ត្រាលី កាណាដា និង​ចក្រភព​អង់គ្លេស បាន​ផ្អាក​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​ហុងកុង​រួចហើយ ក្រោម​ហេតុ​ផង​ថា ច្បាប់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​បត្យាប័ន​ជនសង្ស័យ និង​អ្នកទោស​។ ចំណែក​អាមេរិក​វិញ នាពេល​កន្លងមក ប្រធានាធិបតី​អាមេរិក ក៏បាន​ចុះ​ហេ​ត្ថ​លេខា លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដែល​បញ្ចប់​ឋានៈ​ពិសេស​របស់​ហុងកុង​ដែរ​។  
 
​ដោយឡែក​នូ​វែ​ល​សេ​ឡង់ ដែលជា​ប្រទេសជិតខាង​អូស្ត្រាលី ក៏បាន​សម្រេច​ផ្អាក​កិច្ចព្រមព្រាង​បត្យាប័ន​ជាមួយ​ហុងកុង​ដែរ​។ បើតាម​ការអះអាង​រប​ស់​រដ្ឋមន្ត្រីការបរទេស​នូ​វែ​ល​សេ​ឡង់ លោក Winston Peters នូ​វែ​ល​សេ​ឡង់ មិនអាច​ទុកចិត្ត​ប្រព័ន្ធយុត្តិធម៌​របស់​ហុងកុង​បានឡើយ​ថា​តើ​វា​ឯករាជ្យ​គ្រប់គ្រាន់​ពី​ចិន​ឬក៏​អត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្នុងន័យនេះ លោក​ប្រមុខ​ការទូត​នូ​វែ​ល​សេ​ឡង់ ចង់​បញ្ជាក់ថា ការដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ពី​សំណាក់​ទីក្រុង​ប៉េកាំង គឺជា​ការបំផ្លាញ​គោលការណ៍​នីតិរដ្ឋ និង​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» របស់​ហុងកុង​។ យ៉ាងណាក៏ដោយ នូ​វែ​ល​សេ​ឡង់ អាច​នឹង​ពិនិត្យមើល​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​ហុងកុង​ឡើងវិញ ប្រសិនបើ​ភាគី​ចិន បង្ហាញ​ពី​ការគោរព​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» នាពេល​អនាគត​។​
 
​ក្រៅពី​ផ្អាក​បត្យាប័ន លោក Peters ក៏បាន​អះអាង​ថែម​ទៀតថា នូ​វែ​ល​សេ​ឡង់ នឹង​ចាត់ទុក​ការនាំចេញ​សម្ភារ​យោធា បច្ចេកវិទ្យា​ដែល​ប្រើ​បាន​ទាំង​យោធា និង​ពាណិជ្ជកម្ម ទៅ​ហុងកុង ឲ្យ​ដូចនឹង​ការនាំចេញ​ទំនិញ​ទៅ​ចិន​ដែរ​។ យ៉ាងណាក៏ដោយ ត្រង់ចំណុច​នេះ លោក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​នោះទេ​។ ទន្ទឹមនេះ នូ​វែ​ល​សេ​ឡង់ ក៏បាន​ជូនដំណឹង​ទៅ​ប្រជាជន​ខ្លួន ដែល​កំពុងស្នាក់នៅ​ហុងកុង​ផងដែរ ឲ្យ​ប្រុងប្រយ័ត្ន​ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ 
 
​ជាការ​ឆ្លើយតប អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​នូ​វែ​ល​សេ​ឡង់ លោកស្រី Wu Xi បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​លើ​ការវិវឌ្ឍ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ លើសពីនេះ តំណាង​ចិន​លើកឡើងថា ការផ្អាក​កិច្ចព្រមព្រៀង​បត្យាប័ន​នេះ គឺជា​ការបំពានច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ និង​បទដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​។ បើតាម​ការអះអាង​លោកស្រី Wu Xi នូ​វែ​ល​សេ​ឡង់ ត្រូវតែ​បញ្ឈប់​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ចិន និង​ហុងកុង​ជាបន្ទាន់ បើ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែខ្លាំង​ជាង​មុន​។​
 
​សូមបញ្ជាក់ថា ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​នូ​វែ​ល​សេ​ឡង់​។ នៅក្នុង​ឆ្នាំ​២០០៨ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀងទ្វេភាគី​ពាណិជ្ជកម្ម​សេរី (FTA)​។ តាម​វេ​ប​សាយ​របស់​ក្រសួង​កិច្ចការបរទេស និង​ពាណិជ្ជកម្ម​នូ​វែ​ល​សេ​ឡង់ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​នូ​វែ​ល​សេ​ឡង់ មាន​ចំនួន ៣០,៦​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨​។ ក្នុងនោះ នូ​វែ​ល​សេ​ឡង់ នាំ​ចេញទៅ​ចេញទៅ​ចិន​ក្នុង​ទំហំ​ទឹកប្រាក់ ១៧,៣​ពាន់​លាន​ដុល្លារ និង​នាំចូល​ពី​ចិន ក្នុង​ទំហំ​ទឹកប្រាក់​១៣,៣​ពាន់​លាន​ដុល្លារ ៕ 

Tag:
 នូ​វែ​ល​សេ​ឡង់​
  ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com