ភ្នំពេញ៖ អំឡុងពេលដែលកម្ពុជា មានការរាតត្បាតនូវជំងឺកូវីដ-១៩ក្នុងខែកុម្ភៈដល់ខែមេសាកន្លងមក ពលរដ្ឋបាននាំគ្នាភ័យខ្លាច ដោយផ្អាកសកម្មភាពមួយចំនួននៅតាមទីសាធារណៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ប៉ុន្តែបច្ចុប្បន្នទោះបីមានករណីវិជ្ជមានកូវីដ-១៩ កាន់តែកើនឡើងក្តី តែពលរដ្ឋមិនចោលទម្លាប់ដើរហាត់ប្រាណ ដើរលេងជួបជុំគ្រួសារ និងមិត្តភក្តិឡើយ។ ចំណែកម្ចាស់អាជីវកម្មផ្សេងៗក៏នាំគ្នាបើកអាជីវកម្មវិញ ហើយគ្រូ និងសិស្សក៏ចាប់ផ្តើមមកបង្រៀន និងរៀនតាមទម្លាប់ចាស់វិញ។
អនុវត្តលំហាត់ប្រាណដើម្បីឲ្យសុខភាពរឹងមាំ
នៅវេលាម៉ោង៥កន្លះល្ងាចនៅតាមផ្លូវថ្មើរជើងតាមដងទន្លេចតុមុខ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាពេលដែលពលរដ្ឋជាច្រើនបាននាំគ្នាអង្គុយលេង ពិភាក្សាគ្នា អង្គុយបរិភោគនំចំណី គយគន់មើលទេសភាព។ អ្នកខ្លះដើរហាត់ប្រាណ ជិះកង់ និងជិះស្គីជាដើម។ ក្នុងចំណោមពលរដ្ឋទាំងអស់នោះ ដោយអ្នកខ្លះបានពាក់ម៉ាស់ ហើយអ្នកខ្លះទៀតក៏មិនបានពាក់ម៉ាស់ទាល់តែសោះ។
សកម្មភាពពលរដ្ឋហាត់ប្រាណនៅតាមបណ្តោយផ្លូវថ្មើរជើងតាមដងទន្លេចតុមុខ
តាមបណ្តោយផ្លូវថ្មើរជើងតាមដងផ្លូវមាត់ទន្លេចតុមុខ ដែលស្ថិតនៅទល់មុខកំពង់ចម្លងអរិយក្សត្រ ជាទីកន្លែងដែលអ្នកស្រី ទួន សូរិយា ចូលចិត្តមកហាត់ប្រាណ ដោយកាយវិការលើកដៃ លើកជើង និងដើរជារៀងរាល់ល្ងាច តាំងពីមិនទាន់មានជំងឺរាតត្បាតមកម្ល៉េះ ដើម្បីប្រឆាំងនឹងជំងឺប្រចាំកាយរបស់អ្នកស្រី។ ប៉ុន្តែចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ឡើងមក អ្នកស្រីបានផ្អាកហាត់ប្រាណនៅតាមទីសាធារណៈចំនួន៤ខែ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ប៉ុន្តែអំឡុងពេលផ្អាកហាត់ប្រាណនេះ ជំងឺក្នុងខ្លួនអ្នកស្រី ចាប់ផ្ដើមធ្វើទុក្ខឡើងវិញ។ ជំងឺសន្លាក់ ជំងឺក្រពះ រលាកច្រមុះ ជំងឺលើសឈាម និងជំងឺតម្រងនោមរបស់អ្នកស្រី ចាប់ផ្តើមធ្វើឲ្យសុខភាពរបស់អ្នកស្រីទន់ខ្សោយ។ ដោយយល់ថាស្ថានភាពនៃជំងឺរបស់ខ្លួនធ្ងន់ធ្ងរ ស្របពេលជំងឺកូវីដ-១៩មិនទាន់ឆ្លងចូលជាលក្ខណៈទ្រង់ទ្រាយធំនោះ អ្នកស្រីក៏សម្រេចចិត្តចំណាយពេល២ម៉ោងក្នុងមួយថ្ងៃដើរហាត់ប្រាណតាមទម្លាប់ចាស់របស់អ្នកស្រីវិញ តាំងពីខែមិថុនាមកម្ល៉េះ។
មានវ័យ៦៥ឆ្នាំ អ្នកស្រី សូរិយា បាននិយាយថា ការណ៍ដែលខ្លួនត្រឡប់មកហាត់ប្រាណវិញ ដោយសារតែខ្លួនភ័យខ្លាចនឹងជំងឺប្រចាំកាយជាឆ្នាំមកហើយ ជាងជំងឺកូវីដ-១៩ទៅទៀត។ អ្នកស្រីអះអាងដូច្នេះ ដោយអ្នកស្រី យល់ថាជំងឺកូវីដ-១៩ ជាជំងឺដែលអាចព្យាបាលជា សម្រាប់មនុស្សដែលមានសុខភាពល្អ ប៉ុន្តែបើកើតលើមនុស្សដែលមានជំងឺវាអាចនឹងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
អ្នកស្រីរៀបរាប់ដូច្នេះថា៖«ដោយសារខ្ញុំភ័យខ្លាចជំងឺរបស់ខ្ញុំវាធ្វើទុក្ខ។ ខ្ញុំហាត់ប្រាណដើម្បីឲ្យចេញជាតិពុល។ កាលណាខ្ញុំហាត់ប្រាណគឺខ្ញុំទៅកន្លែងណាដែលគ្មានមនុស្សច្រើន»។
អ្នកស្រី សូរិយា មិនមានទម្លាប់ហាត់ប្រាណនៅផ្ទះឡើយ ព្រោះនៅពេលដែលហាត់ប្រាណនៅផ្ទះគឺរំខានដល់ការតាំងចិត្តហាត់ប្រាណរបស់អ្នកស្រី។ អ្នកស្រី បានរៀបរាប់ដូច្នេះថា៖«មកហាត់ប្រាណនៅទីនេះ យើងអាចឃើញគេ ឃើញឯង ធ្វើឲ្យអារម្មណ៍ល្អ ចង់តែហាត់ប្រាណ។ តែបើនៅផ្ទះ ខ្ញុំខ្ជិល។ យើងធ្វើៗទៅ ចេះតែចង់ដេក។ ដល់ពេលមកហាត់នៅនេះ យើងអាចស្របយកខ្យល់អាកាសបាន»។
ចម្ងាយ៤០គីឡូម៉ែត្រ ពីភ្នំពេញ ទៅជ្រាយក្រុង ដោយជិះកង់ធ្វើដំណើរទៅមក គឺជាទម្លាប់មួយ របស់លោក ឡាក់ ចំរើន ដែលតែងតែចំណាយពេល៤ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៥ភ្លឺ ដល់ម៉ោង៨ព្រឹកជារៀងរាល់ថ្ងៃ មុនពេលមិនទាន់ផ្ទុះជំងឺកូវីដ-១៩ ។ ប៉ុន្តែក្រោយពីមានការរាតត្បាតជំងឺនេះមក លោកបន្ថយមកជិះកង់ត្រឹម៣ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
លោក ចំរើន ដែលជាម្ចាស់យានដ្ឋានមួយរូប យល់ថា ការជិះកង់ហាត់ប្រាណនៅសម័យកូវីដ-១៩ នេះជាវិធីសាស្ត្រដ៏ល្អសម្រាប់ជួយឲ្យរាងកាយរបស់លោកមាំមួន។ លោក បានរៀបរាប់ដូច្នេះថា៖«ដំបូងខ្ញុំធាត់ អ៊ីចឹងខ្ញុំរាល់ថ្ងៃជិះឲ្យស្រកគីឡូ។ ការហាត់ប្រាណដោយជិះកង់វាខុសពីការលេងបាល់ និងហាត់នៅក្នុងក្លិបដែលនៅជិតគ្នា និងប៉ះពាល់គ្នា។ ប៉ុន្តែ បើជិះកង់ យើងមានកង់ម្នាក់មួយៗ ដែលយើងនៅចម្ងាយពីរ ឬបីម៉ែត្រពីគ្នា»។
កម្សាន្តនៅតាមព្រៃភ្នំ ជួយឲ្យសុខភាពផ្លូវចិត្តល្អប្រសើរ
ខណៈពលរដ្ឋនាំគ្នាគិតគូរពីការអនុវត្តវិធានការអនាម័យ និងការអនុវត្តលំហាត់ប្រាណ ដើម្បីឲ្យសុខភាពរបស់ពួកគេរឹងមាំ នៅក្នុងបរិបទជំងឺកូវីដ-១៩ នេះ។ ពលរដ្ឋមួយចំនួន ជាពិសេសយុវជន ក៏បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ហើយខ្លះទៀតក៏កំពុងតែរៀបចំគម្រោងដើរលេង ដើម្បីឲ្យជីវិត និងផ្លូវចិត្តរបស់ពួកគេស្រស់ស្រាយ។
នៅតំបន់ជួរភ្នំ ដែលសម្បូរដោយព្រៃព្រឹក្សា រមណីយដ្ឋានធម្មជាតិ ដែលស្ថិតនៅតាមខេត្តព្រះវិហារ សៀមរាប និងបាត់ដំបង ជាកន្លែងដែល កញ្ញា គឹម លីហៀង យុវជនស្ម័គ្រចិត្តនៅក្រុមយុវជនក្រៀលកម្ពុជា បានទៅដល់ក្នុងរយៈពេលខែមិថុនា និងខែកក្កដា ក្រោយពេលដែលកញ្ញា ផ្អាកដើរកម្សាន្តអស់រយៈពេល៤ខែមកហើយ។ តំបន់ទេសចរណ៍ដែល លីហៀង បានទៅដល់នោះ ភាគច្រើនស្គាល់តាមរយៈការផ្សព្វផ្សាយយ៉ាងផុសផុល តាមបណ្តាញសង្គមហ្វេសប៊ុក។
កញ្ញា គឹម លីហៀង យុវជនស្ម័គ្រចិត្តនៅក្រុមយុវជនក្រៀលកម្ពុជា កំពុងតែឈរនៅលើភ្នំត្បែង ខេត្តព្រះវិហារ
ធ្លាប់ជាយុវជនស្ម័គ្រចិត្ត ដែលធ្វើការជាមួយយុវជន និងពលរដ្ឋតាមសហគមន៍ កញ្ញា លីហៀង ក៏គិតថា ការធ្វើដំណើរមកកម្សាន្តលេងនៅតាមតំបន់ព្រៃភ្នំ ក្នុងអំឡុងវិបត្តិកូវីដ-១៩ បានជំរុញចិត្តនាង ឱ្យស្រឡាញ់ធម្មជាតិ និងឲ្យអារម្មណ៍ស្រស់បស់ជាមួយនឹងសម្រស់ធម្មជាតិ។ លើសពីនេះក៏ជាឱកាសឲ្យលីហៀងអាចស្គាល់ និងមានទំនាក់ទំនងល្អជាមួយនឹងយុវជន និងពលរដ្ឋនៅតំបន់ដទៃទៀតផងដែរ។
មានវ័យ២៤ ឆ្នាំ កញ្ញា លីហៀង និយាយដូច្នេះថា៖«ពេលទៅដើរលេងភ្នំ វាជួយឲ្យយើងរឹងមាំជាងមុន។ ធ្វើឲ្យខ្ញុំយល់ពីធម្មជាតិ មានភាពស្ងប់ស្ងាត់ បានស្គាល់ពលរដ្ឋ និងយុវជនជាច្រើនតាមរយៈដំណើរកម្សាន្ត»។
ក្រៅពីដោះស្រាយបញ្ហាផ្លូវអារម្មណ៍នោះ កញ្ញា លីហៀង យល់ថា ការដើរកម្សាន្តនៅតាមតំបន់ធម្មជាតិក្នុងប្រទេស អាចរួមចំណែកលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុក ឲ្យមានចំណូលដល់ពលរដ្ឋ ដែលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ទៀតផង ។ កញ្ញា លីហៀង បានរៀបរាប់ដូច្នេះថា៖«ការដើរលេងវាជាចំណែកមួយជួយឲ្យពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទេសចរណ៍មានចំណូលពីយើង។ ព្រោះពេលមានជំងឺកូវីដ គឺពួកគាត់បាត់បង់ចំណូលច្រើន។ នៅពេលដែលគាត់ឃើញយើងទៅដល់ ពួកគាត់សប្បាយចិត្ត គាត់ញញឹម។ នេះជាក្តីសង្ឃឹមរបស់គាត់មួយ»។
អាហាររបស់កញ្ញា គឹម លីហៀង ដែលពិសានៅលើភ្នំ គូលេន ខេត្តព្រះវិហារ រូបផ្ទាល់ពីកញ្ញា គឹម លីហៀង
ក្រោយកម្ពុជាបានស្ងប់ស្ងាត់ពីជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា សម្រាប់កញ្ញា សាំង លីណែត ក៏យល់ថា ពេលនោះជាឱកាសអំណោយផលឲ្យកញ្ញា អាចទៅកម្សាន្តអារម្មណ៍ និងលំហែកាយនៅតាមតំបន់ព្រៃភ្នំ និងទឹកធ្លាក់ ដោយគ្មានភាពភ័យព្រួយពីជំងឺនោះឡើយ។ ដោយសារជឿជាក់លើការអនាម័យរបស់ខ្លួនជាប្រចាំថ្ងៃនោះ ទើបបច្ចុប្បន្នកញ្ញា លីណែត ហ៊ានចេញជួបជុំ បរិភោគអាហារជាមួយមិត្តភក្តិតាមកន្លែងសាធារណៈផងដែរ។
ជានិស្សិតឆ្នាំទី៤ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កញ្ញា លីណែតបាននិយាយដូច្នេះថា៖«ទើបពេលដែលបាត់កូវីដទេ បានពួកខ្ញុំរៀបគម្រោងដើរលេង តែភាគច្រើនខ្ញុំចុះទៅខេត្ត មិនមែនទៅទីប្រជុំជនទេ ខ្ញុំភាគច្រើនដើរទៅបោះតង់នៅលើភ្នំ ឬទៅលេងនៅជ្រោះ នៅព្រៃអី គឺមានតែគ្នាខ្ញុំប៉ុន្មាននាក់ទេ អត់មានអ្នកផ្សេងទេ។ ពេលខ្ញុំចេញទៅទីណាអ៊ីចឹង ខ្ញុំពាក់ម៉ាស់ និងលាងដៃ ហើយពេលខ្ញុំទៅហាងអាហារដ្ឋានអី គឺខ្ញុំទៅតែកន្លែងណាដែលគេមានទឹកអាល់កុល និងគេវាស់កម្តៅ»។
ម្ចាស់អាជីវករខ្លាចធ្លាក់ចុះសេដ្ឋកិច្ច ជាងខ្លាចជំងឺកូវីដ-១៩
ថ្វីដ្បិតករណីឆ្លងនៃជំងឺកូវីដ-១៩ នៅកម្ពុជាកាន់តែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែម្ចាស់អាជីវកម្មខ្នាតតូច-ធំខ្លះ មិនហ៊ានផ្អាកលក់ដូរនោះទេ ដោយសារខ្លាចគ្មានលុយសងបំណុលគេមិនទាន់។ ចំណែកម្ចាស់អាជីវកម្មខ្លះទៀតបានផ្អាកអាជីវកម្មរមួយរយៈដែរ។ តែក្រោយមកក៏បើកអាជីវកម្មវិញ។ ពីព្រោះពួកគេសុទ្ធតែភ័យខ្លាចនឹងការបាត់បង់ចំណូលជាងការឆ្លងនូវជំងឺកូវីដ-១៩ទៅទៀត។
អ្នកស្រី ហាយ សុខុម ដែលជាអាជីវករលក់បន្លែផ្លែឈើនៅផ្សារដើមគរ មិនបានផ្អាករបររបស់ខ្លួនឡើយ តាំងពីជំងឺនោះចូលមកកម្ពុជាដំបូង។ អ្នកស្រី សុខុម និយាយថា បើកាលណាផ្អាករបរនេះ នឹងធ្វើឲ្យអ្នកស្រីគ្មានលុយបង្វិលឲ្យធនាគារ ថ្លៃតូប ថ្លៃផ្ទះជួល ទឹកភ្លើង និងថ្លៃការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឡើយ។ ស្ថិតក្នុងភាពមមាញឹកនឹងការរៀបចំបន្លែទៅតាមកន្លែងនីមួយៗក្នុងតូប អ្នកស្រី សុខុម បានរៀបរាប់ដូច្នេះថា៖«យើងខានលក់ទៅ យើងនឹងអត់មានលុយសងគេ។ ទោះបីតិចតួច ក៏ចេះតែប្រឹងរក ដើម្បីមកទប់ជីវភាពគ្រួសារដែលមានកូនបីនាក់ និងបានលុយខ្លះមកសងគេ»។
អ្នកស្រី ហាយ សុខុម ដែលជាអាជីវករលក់បន្លែផ្លែឈើនៅផ្សារដើមគរ
បុរសម្នាក់កំពុងអង្គុយសម្រាកប្រមាណ២០នាទីនៅសួនច្បារក្បែររូបសំណាកសម្តេចឪ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺលោក សែម ទិត្យ ដែលជាអាជីវករលក់លៀសហាល ក៏មិនខុសពីអាជីវករខាងលើដែរ។ ពាក់អាវក្រឡាឆ្នូតក្រហមស ពាក់ម៉ាស់ និងពាក់មួកត្នោត ដោយបានដើររុញរទេះ ពោរពេញទៅដោយលៀសហាលប្រឡាក់គ្រឿង ក្នុងចម្ងាយ៥គីឡូម៉ែត្រម្តង ឈប់សម្រាកនោះ បាននិយាយថា៖«ចេះតែហ៊ានដើរលក់ បើយើងមិនលក់ ហើយបើយើងចាំតែភ័យនោះ បានលុយណាចាយ ហើយបានលុយណាទិញម្ហូបទៅ»។
លោក សែម ទិត្យ ជាអាជីវករលក់លៀសហាល ដែលបណ្តើរលក់ពីបឹងត្របែក មកដល់សួនច្បារសម្តេច ហ៊ុន សែន
សម្រាប់ លោក ឃុត សាវឿន ដែលជាអ្នករត់ម៉ូតូកង់បីឥណ្ឌាវិញ មិនដែលផ្អាកមុខរបរ និងជួបបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចដោយសារវិបត្តិកូវីដ-១៩ដូចឆ្នាំនេះឡើយ ។ លោកបានប្រកបមុខរបរនេះ អស់រយៈពេល១០ឆ្នាំកន្លងមក ដោយរត់ម៉ូតូកង់បីខ្មែរ៨ឆ្នាំ ហើយ២ឆ្នាំរត់ម៉ូតូកង់បីឥណ្ឌា។ «កាលផ្ទុះខ្លាំង យើងរកលុយអត់បាន ដោយកាលនោះមនុស្សអត់សូវចេញ និងជិះកង់បីទេ ហើយពេលនោះក៏យើងអត់សូវហ៊ានចង់ដឹកទៀត។ ប្រាក់ចំណូលកាលហ្នឹងសឹងតែបាត់៨០ភាគរយ»។ នេះជាការរៀបរាប់របស់ លោក សាវឿន ដែលនិយាយទាំងពាក់ម៉ាស់ បានបន្តថា បច្ចុប្បន្នលោកលែងភ័យពីជំងឺ ដោយភ័យពីបាត់បង់ចំណូលវិញ។
តាមរយៈការពាក់ម៉ាស់ បាញ់ទឹកអាល់កុលសម្លាប់មេរោគជុំវិញកន្លែងអង្គុយក្រោយពីដឹកភ្ញៀវរួច និងតាមដានពីស្ថានភាពជំងឺ តាមការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប្រចាំថ្ងៃមក បានធ្វើឲ្យបុរសវ័យ៤៥ឆ្នាំរូបនេះ លែងភ័យពីជំងឺដូចមុន ។ សម្រាប់លោក ខិតខំប្រឹងប្រែងរកថវិកាមកផ្គត់ផ្គង់គ្រួសារ គឺជារឿងសំខាន់ជាងជំងឺ។ លោកបានរៀបរាប់ដូច្នេះថា៖«ឥឡូវខ្ញុំអន់ភ័យហើយ ឥឡូវខ្ញុំភ័យរឿងអត់លុយវិញ។ ណាមួយខ្ញុំតែងតែមើលព័ត៌មានថា មានគេព្យាបាលជាសះស្បើយ អ៊ីចឹងវាធ្វើឲ្យខ្ញុំអត់សូវជាភ័យទេ។ ទោះខ្ញុំមិនសូវភ័យ តែខ្ញុំនៅតែប្រុងប្រយ័ត្នការពារជានិច្ច។ ឥឡូវខ្ញុំចេញមករកស៊ីវិញ ទោះបីជាអត់សូវរកបាន តែខ្ញុំចេះតែខំប្រឹងរកទៅ វាគ្រាន់បើជាងអត់រកដែរ»។
លោក ឃុត សាវឿន ដែលជាអ្នករត់ម៉ូតូកង់បីឥណ្ឌា
តែយ៉ាងណាអ្នកប្រកបរបរតូចតាចទាំងនោះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា បើសិនជំងឺកូវីដ-១៩ ឆ្លងរាលដាលខ្លាំងជាលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃណាមួយ ពួកគេនឹងផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន និងប្រើថវិកាដែលខ្លួនបានសន្សំពីការរកស៊ីក្នុងសម័យកូវីដ-១៩ សម្រាប់ត្រៀមផ្គត់ផ្គង់ជីវភាពគ្រួសារ។
គ្រូ និងសិស្ស បន្តការអប់រំតាមអនឡាញផង និងតាមសាលាផង
កម្ពុជាមានកំណើននៃករណីវិជ្ជមានកូវីដ-១៩ ដែលសុទ្ធសឹងជាករណីឆ្លងនាំចូលច្រើន។ ជាជំហានដំបូងរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យតែសាលាឯកជន ដែលមានស្តង់ដាសុវត្ថិភាពខ្ពស់ខ្លះបើកដំណើរការវិញ។ ចំណែកសាលារដ្ឋ រាជរដ្ឋាភិបាលនឹងប្រកាសបើក ក្នុងករណីកម្ពុជាអាចទប់ស្កាត់ជំងឺកូវីដ-១៩បាន។ តែយ៉ាងណា ក្នុងស្ថានភាពនេះ មិនមែនឲ្យគ្រូ និងសិស្ស ត្រូវតែបង្រៀន និងរៀនតាមអនឡាញជារៀងរាល់ថ្ងៃនោះទេ។ យ៉ាងហោចណាស់ពួកគេក៏បានជួបគ្នាម្តង ទៅ២ដងក្នុងមួយសប្តាហ៍ដែរ។
លោក យ៉េង វាសនា ដែលជាគ្រូបង្រៀនសិស្សថ្នាក់មត្តេយ្យនៅខេត្តកំពង់ចាម កំពុងតែខ្វាយខ្វល់ពីកំណើននៃជំងឺកូវីដ-១៩ដែរ ប៉ុន្តែលោកនៅតែមិនបោះបង់ការបង្រៀនសិស្សផ្ទាល់នៅតាមផ្ទះ និងតាមភូមិ ២ទៅ៣ដង ក្នុងមួយសប្តាហ៍ឡើយ។ លោកនិយាយដូច្នេះថា៖«ការចុះទៅបង្រៀនពួកគាត់ផ្ទាល់វាជួយឲ្យពួកគាត់បានយល់មេរៀនជាង។ ហើយពេលនោះដែរក៏យើងអាចណែនាំពួកគាត់ពីវិធីការពារជំងឺផ្សេងៗផងដែរ»។
ទោះបីបច្ចុប្បន្នសិស្សលែងស្លៀកសំលៀកបំពាក់ឯកសណ្ឋានសិស្ស និងលែងឮសំឡេងជួងដែលបន្លឺឡើង និងឈរគោរពទង់ជាតិដូចមុនក្តី ប៉ុន្តែសិស្សានុសិស្សខ្លះក៏បានវិលទៅសាលាវិញ ដើម្បីឲ្យគ្រូពន្យល់មេរៀនបន្ថែម និងយកសន្លឹកកិច្ចការដែលខ្លួនបានធ្វើ យកមកឲ្យគ្រូដាក់ពិន្ទុ។
ក្រុមសិស្សានុសិស្សកំពុងតែធ្វើកិច្ចការសាលានៅតាមបង់អង្គុយនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ
កំពុងអង្គុយជុំគ្នាជាមួយមិត្តភក្តិ៣នាក់ទៀត យុវសិស្ស សំ ឈៀងលី ដែលជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ មិនអន់ចិត្តនឹងក្រសួងដែលអនុញ្ញាតឲ្យសាលាឯកជនបើកសាលា ឬប្រឡងបាក់ឌុបមុនសាលារដ្ឋនោះទេ។ យុវសិស្សរូបនេះគិតដូច្នេះវិញថា វាជាឱកាសឲ្យខ្លួនអាចមានពេលសិក្សាបានច្រើនទៅវិញទេ។ សម្រាប់ ឈៀងលី ក៏អាចមកសាលារៀន២ ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីមកស្តាប់គ្រូពន្យល់មេរៀនផងដែរ ដើម្បីបង្កើនចំណេះដឹង។
មានអាយុ១៧ឆ្នាំ យុវសិស្សរូបនេះបាននិយាយដូច្នេះថា៖«ក្នុងមួយសប្តាហ៍ខ្ញុំធ្វើលំហាត់៤មុខ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ លំហាត់ដែលគាត់ដាក់ឲ្យ បើខ្ញុំអត់យល់គឺខ្ញុំសួរគាត់បាន។ បើខ្ញុំរៀនតាមអនឡាញ ពេលខ្លះមានគេសួរច្រើន ហើយអ៊ីនធឺណិតអត់សូវដើរ»។
ថ្វីដ្បិតជំងឺកូវីដ-១៩ មិនទាន់ដល់ពេលឆ្លងជាសហគមន៍ ប៉ុន្តែលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានរំលឹកឲ្យពលរដ្ឋកុំមើលរំលងលទ្ធភាពឆ្លងជាសហគមន៍ ដែលអាចកើតមានគ្រប់ពេល បើកាលណាពលរដ្ឋធ្វេសប្រហែស។
«លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៍យើងមិនអាចមើលរំលងបានឡើយ។ សូមកុំភ្លេចខ្លួន និងសូមកុំសន្តិភាពនិយម ជាមួយនឹងជំងឺកូវីដ-១៩ នេះឲ្យសោះ»។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ដែលលោកស្រីក៏ក្រើនរំលឹកដល់អ្នកមានដំណើរកម្សាន្តនៅថ្ងៃឈប់សម្រាកខាងមុខប្រុងប្រយ័ត្ន និងអនុវត្តការការពារផងដែរ៕