ជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ រំលឹក​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ពង្រឹង​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ នៅ​ថ្ងៃ​ឈប់សម្រាក​
29, Jul 2020 , 9:29 am        
រូបភាព
រូបតំណាង៖ ពលរដ្ឋដើរលេងកម្សាន្តនៅអំឡុងពេលចូលឆ្នាំខ្មែរ
រូបតំណាង៖ ពលរដ្ឋដើរលេងកម្សាន្តនៅអំឡុងពេលចូលឆ្នាំខ្មែរ
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹក​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​ពង្រឹង​វិធាន​ការពារ​សន្តិសុខ​និង​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ តាម​សហគមន៍ នៅ​ថ្ងៃ​សម្រាក​រយៈពេល​៥​ថ្ងៃ ពីថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​២១ ខែកក្កដា ខាងមុខ​។ នេះ​បើតាម​លិខិត​ដែល​ចេញ​ដោយ​សម្ដេច ស ខេង នៅ​ថ្ងៃទី​២៧ ខែកក្កដា​។


​សម្តេច ស ខេង សរសេរ​ក្នុង​លិខិត​ថា វិធាន​ការដែល​ត្រូវ​ពង្រឹង គឺ សន្តិសុខ សណ្ដាប់ធ្នាប់ គម្លាត​សង្គម អនាម័យ វាស់​កម្ដៅ ដោយ​ផ្ដោត​នៅតាម​ផ្សារ ភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារ និង ផ្ទះសំណាក់ ជាដើម​។​
 
​ដើម្បី​រក្សា​ការពារ​សន្តិសុខ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃ​ឈប់សម្រាក​ខាងមុខ សម្ដេច​រដ្ឋមន្ត្រី បាន​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សម្រាប់​ឆ្លើយតប​តម្រូវការ​របស់​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩​។ លើសពីនេះ អភិបាលខេត្ត​ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន អាហា​រដ្ឋា​ន ផ្សារ​លក់ទំនិញ ត្រៀមលក្ខណ​សម្បត្តិ​ក្នុង​ទទួលភ្ញៀវ​ទេសចរ ដែល​តម្រូវ​ឲ្យ​មានទឹក​អាល់កុល​ឬ​ជែ​ល​លាងដៃ វាស់​កម្ដៅ និង​រក្សា​គម្លាត​សុវត្ថិភាព​ដល់​អតិថិជន​។ 
 
​ជាមួយគ្នានេះដែរ រដ្ឋ​ម​ន្រី្ត​មហាផ្ទៃ បាន​ណែនាំ​ឲ្យ​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ផ្សព្វផ្សាយ​ដល់​ពលរ​រដ្ឋ​តាម​មូលដ្ឋាន​ពី​ការបង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​គោរព​តាម​គោល​ការរក្សា​អនាម័យ​និង​គម្លាត​សុវត្ថិភាព​។ 
 
​ចំណែក លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២៧ ខែកក្កដា​នេះ ក៏បាន​ចេញ​លិខិត​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អភិបាល​រាជធានី​-​ខេត្ត​ផងដែរ ដើម្បី​ស្នើ​ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩​។ 
relate 93751
 
​ចំពោះ​ការធ្វើដំណើរ ពលរដ្ឋ​ទាំងអស់ ត្រូវ​ជៀសវាង​ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ ដែល​ផ្ទុក​មនុស្ស​ច្រើន​។ បើ​ករណី​ចាំបាច់ ក្នុងការ​ធ្វើដំណើរ ត្រូវ​ពាក់​ម៉ាស់ ដាក់​ទឹក​អាល់កុល​ឬ​ជែ​ល​លាងដៃ​តាម​ខ្លួន ហើយ​រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​។ រីឯ ម្ចាស់​យានយន្ត​ត្រូវ ត្រូវ​រៀបចំ​រថយន្ត​ឲ្យ​មាន​ខ្យល់​ចេញចូល ជៀសវាង​ប្រើ​ម៉ាស៊ីនត្រជាក់ និង​លាង​ស​ម្អា​ត់រថ​យន្ត​ឲ្យ​បានជា​ប្រចាំ​៕ 
 
 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com