COVID-19
អន្តរជាតិ
បុគ្គលិកក្នុងផ្សារទំនើបមួយនៅបារាំងនាំគ្នាស្រាតដើម្បីជំរុញឲ្យអតិថិជនពាក់ម៉ាស បុគ្គលិក៤រូបក្នុងផ្សារទំនើប E. Leclerc de Luçon ដើម្បីទាញចំណាប់អារម្មណ៍ឲ្យមនុស្សពាក់ម៉ាស់។ រូបថត Leclerc
× បុគ្គលិក៤នាក់នៅផ្សារទំនើប E. Leclerc de Luçon នៃដេប៉ាតឺម៉ង់ Vendée ប្រទេសបារាំង បាននាំគ្នាធ្វើយុទ្ធនាការជំរុញការពាក់ម៉ាសដើម្បីចូលរួមទប់ស្កាត់ការរាលដាល COVID-19។ រូបថតពីសកម្មភាពរបស់ពួកគេត្រូវបានចែកចាយពេញបណ្តាញសង្គម ហើយថៅកែផ្សារក៏បានគាំទ្រផងដែរ។
គំនិតនេះ គឺចង់ជំរុញឲ្យអតិថិជនរបស់ផ្សារ Luçon ដែលស្ថិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម La Belle Vie នាំគ្នាពាក់ម៉ាស ក៏ដូចជាការពង្រឹងបទបញ្ជារបស់រដ្ឋាភិបាលលើការតម្រូវឲ្យពាក់ម៉ាសនៅទីសាធារណៈ។ «យើងបន្តយុទ្ធនាការជាអតិបរិមាដើម្បីឲ្យមនុស្សទាំងអស់ពាក់ម៉ាស ជាជាងការស្រាតនៅចំពោះមុខជំងឺឆ្លង»។ នេះជាការបញ្ជាក់របស់ក្រុមអ្នកធ្វើយុទ្ធនាការ។
តាមរយៈរូបភាព ទោះបីជាជាបុគ្គលិកទាំង៤រូប (ស្រី១រូប) សុទ្ធតែស្រាតក៏ដោយ ប៉ុន្តែពួកគេបានពាក់ម៉ាស ហើយដោយមានផ្ទាំងអក្សរ «Portez Votre Masque» (ពាក់ម៉ាសរបស់អ្នក) នៅពីមុខ។
លោក Michel-Edouard Leclerc ដែលជាថៅកែផ្សារ បានគាំទ្រ និងរីករាយចំពោះគំនិតផ្តួចផ្តើមបែបសិល្បៈរបស់បុគ្គលិកខ្លួន។ លោកបានលើកឡើងថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះការពាក់ម៉ាសនៅទីសាធារណៈ ហើយកាយវិការបុគ្គលិករបស់លោកមិនមែនធ្វើសម្រាប់ខ្លួនឯងនោះឡើយ ប៉ុន្តែសម្រាប់អតិថិជន និងមនុស្សទូទៅ។
នៅលើហ្វេសប៊ុករបស់ខ្លួន លោក Leclerc បានលើកឡើងថា ចំនួនទេសចរកើនឡើយ ហើយពួកគេភាគច្រើន នាំគ្នាក្នុងហាងនៅតាមតំបន់ដែលពួកគេសម្រាកវិស្សមកាល ហើយបើគ្មានយុទ្ធនាការត្រឹមត្រូវទេ ឱកាសឆ្លង COVID-19 រលកទីពីរនឹងកាន់តែធ្ងន់ធ្ងរ។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា បារាំងមានអ្នកឆ្លង COVID-19 ជាង១៨ម៉ឺនករណី ក្នុងនោះស្លាប់ជាង៣ម៉ឺននាក់ និងសះស្បើយជាង៨១០០០នាក់។
ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា មក រដ្ឋាភិបាលបារាំង បានតម្រូវឲ្យពលរដ្ឋពាក់ម៉ាសនៅតាមទីសាធារណៈបិទជិត ដូចជាហាងទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័នរដ្ឋបាល ធនាគារ ផ្សារ ក៏ដូចជាក្នុងបន្ទប់ប្រជុំ រោងកុន និងដំណើរតាមមធ្យោបាយសាធារណៈជាដើម។
អ្នកដែលរំលោភបំពានវិធានការរបស់រដ្ឋាភិបាលត្រូវរងពិន័យ១៣៥អឺរ៉ូ៕
© រក្សាសិទ្ធិដោយ thmeythmey.com