ជាតិ
​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​ចងក្រង​បណ្តុំ​អាជីវកម្ម​ដើម្បី​ជួយ​ពង្រីក​ទីផ្សារ​បន្លែ​-​សត្វ​ដល់​កសិករ​
30, Jul 2020 , 7:59 am        
រូបភាព
ដោយ:
​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ បាន​បង្កើត​បណ្ដុំ​អាជីវកម្ម​កសិកម្ម បន្លែ និង​សត្វ ចំនួន ៨០​បណ្ដុំ ដើម្បី​ប្រមូល​ទិញ​ផលិតកម្ម​កសិកម្ម​ពី​កសិករ និង​ផ្ដល់​បន្លែ សាច់ មាន​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​។ នេះ​បើតាម លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទី​កសិកម្ម​ខេត្តតាកែវ ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរស័ព្ទ​។​

 
​តាម​លោក​ប្រធាន​មន្ទីរ​កសិកម្ម បន្ថែមថា បណ្ដុំ​អាជីវ​កម្មនេះ គឺ​ជួយ​រក​ទីផ្សារ​ដល់​កសិករ អាច​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ក្នុងស្រុក និង​នាំចេញ​ទៅតាម​ផ្សារ​មួយចំនួន នៅ​រាជធានី​ភ្នំពេញ អាច​លើកកម្ពស់​ជីវភាព​គ្រួសារ​កសិករ និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​។  
 
​តាម​លោក ញ៉ិ​ប ស្រ៊ន បច្ចុប្បន្ន​ខេត្តតាកែវ មាន​បណ្ដុំ​អាជីវកម្ម​៨០​បណ្ដុំ ក្នុងនោះ​អាវ​ជីវ​កម្ម​បន្លែ​មាន ១៧​បណ្ដុំ​។ ក្នុង​មួយ​បណ្ដុំៗ មាន​សមាជិក​ជា​មធ្យម ពី​២៥ ទៅ​៣០​គ្រួសារ  ហើយ​ក្នុង​មួយ​បណ្ដុំ​អាជីវកម្ម​បន្លែ អាច​ផលិត​បន្លែ​ប្រមាណ ៣​តោន ក្នុង​មួយថ្ងៃ​។ លោក ញ៉ិ​ប ស្រ៊ន បាន​បន្ថែម​ប្រាប់ thmeythmey25 ថា មន្ទីរ​កសិកម្ម​ខេត្ត បាន​អនុវត្ត​អនុ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ដល់​អ្នក​ផលិត​បន្លែ​សុវត្ថិភាព និង​ការចុះ​កុងត្រា​រវាង​អ្នក​ផលិត និង​ក្រសួងកសិកម្ម ដើម្បី​ធានាថា ផលិតផល​កសិកម្មរ​បស់​គាត់ មាន​សុវត្ថិភាព និង​ស្របតាម​ការណែនាំ​ពី​បច្ចេកទេស​ដាំ​ដុះ និង​ផលិត​ពី​ក្រសួងកសិកម្ម​។  
 
​សូមបញ្ជាក់ថា ខេត្តតាកែវ ជាប់​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​ខេត្តព្រៃវែង និង​បាត់ដំបង លើ​វិស័យ​កសិកម្ម ដែល​ពលរដ្ឋ​ប្រមាណ ៧៩​ភាគរយ ប្រកប​របរ​កសិកម្ម ដូចជា​ធ្វើស្រែ​ចម្ការ នេសាទ និង​ចិញ្ចឹមសត្វ​៕

Tag:
 ​បណ្ដុំ​អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com