ជាតិ
សុខភាព
អាជ្ញាធរ នឹងរឹបអូសផលិតផលចិញ្ចឹមទារក និងកុមារ ដែលមិនបង្ហាញការណែនាំដល់អ្នកប្រើ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត MOC
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងដកហូតឬរឹបអូសផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ណាដែលមិនបង្ហាញការណែនាំដល់អ្នកប្រើប្រាស់ ហើយនាំឱ្យមានផលប៉ះពាល់។ នេះបើតាមយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨កក្កដា។
ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ផលិតផលមួយចំនួន ដែលកំពុងចរាចរនៅលើទីផ្សារបច្ចុប្បន្ន គឺមិនបានអនុវត្តតាមច្បាប់ស្តីពី «ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ទារក និងកុមារ»ឡើយ ។ ក្រសួងមើលឃើញថា អាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ទាំងនោះ មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ជាប់នឹងផលិតផលនោះទេ ដូចជា មិនបង្ហាញការណែនាំអំពីវិធីប្រើផលិតផលជាភាសារខ្មែរជាដើម ។ ជាពិសេសគឺផលិតផលទាំងនោះគ្មានពាក្យណែនាំថា«គ្មានអ្វីប្រសើរជាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់អាយុ៦ខែ និងបន្តការបំបៅដោះម្តាយរហូតដល់អាយុ២ឆ្នាំ ឬលើសពីនេះឡើយ»។
ក្រសួងពាណិជ្ជកម្ម បានទុកពេល៣០ថ្ងៃ រាប់ចាប់ពីថ្ងៃជូនដំណឹងខាងលើ ដល់ក្រុមហ៊ុនធ្វើអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់សម្រាប់ចិញ្ចឹមទារក និងកុមារទាំងឡាយណា ដែលមិនទាន់បានបំពេញតាមលក្ខខណ្ឌច្បាប់ ត្រូវប្រញាប់អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារច្បាប់ និងឯកសារគតិយុត្ត ដែលមានជាធរមាន។
បន្ទាប់ពីឱសានវាទ៣០ថ្ងៃខាងលើនេះ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម នឹងដកហូតផលិតផលទាំងនោះ បើសិនជាមិនគោរពតាមគោលការណ៍ណែនាំ ហើយបន្តចរាចរលើទីផ្សារ។ មិនតែប៉ុណ្ណោះអាជ្ញាធរ នឹងឈានដល់ការផ្អាកដំណើរការអាជីវកម្មបណ្តោះអាសន្ន ឬអនុវត្តនិតិវិធីផ្សេងៗ តាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាកម្ម រួមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com