ជាតិ
អាជ្ញាធរ រុះរើ​ខ្ទម​ជាង​៤០ ដែល​សង់​ខុសច្បាប់​នៅ​តំបន់​អូរ​ត្រាវ ខេត្ត​ព្រះសីហនុ
30, Jul 2020 , 10:59 pm        
រូបភាព
សកម្មភាពអាជ្ញាធរចុះរុះរើខ្ទមរបស់ពលរដ្ឋដែលសង់លើដីកម្មសិទ្ធឯកជន (រូបពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ)
សកម្មភាពអាជ្ញាធរចុះរុះរើខ្ទមរបស់ពលរដ្ឋដែលសង់លើដីកម្មសិទ្ធឯកជន (រូបពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ)
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ ចុះ​រុះរើ​ខ្ទម​៤៣​ខ្ទម និង​បំផ្លាញ​ប​កូនឈើ​ទើប​ដាំ​ថ្មីៗ​ជាច្រើន​ដើម នៅ​លើដី​កម្ម​សិទ្ធ​ឯកជន និង​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ថ្ងៃទី​២៧​កក្កដា​។


​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្សា​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ខ្ទម​៤៣​ខ្នង រួមទាំង​ដក​កូន​ស្វាយ​ជាច្រើន​ដើម​នៅ​តំបន់​អូរ​ត្រាវ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បន្ទាប់ពី​ម្ចាស់​ខ្ទម​សន្យា​ជាមួយ​អាជ្ញាធរ​ថា​នឹង​រុះរើ​ដោយ​ខ្លួនឯង ហើយ​មិនឃើញ​មានការ​រុះរើ​។ អាជ្ញាធរ ចាត់ទុក ខ្ទម​និង​កូនឈើ​ទាំងនោះ ថា​ជា​របស់​ក្រុម​អនាធិបតេយ្យ​។​
 
​កន្លងមក​អាជ្ញាធរខេត្ត​ឃើញ​ប្រជាពលរដ្ឋ​មួយក្រុម​សាងសង់​ទីជម្រក​អនាធិបតេយ្យ​នៅ​ដី​កម្មសិទ្ធិឯកជន​មួយកន្លែង ប៉ុន្តែ​ត្រូវបាន​ម្ចាស់​ដី​បណ្ដេញចេញ​ហើយក៏​ទៅ​តាំង​ទីលំនៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។ បន្ទាប់មក​កាលពី​ថ្ងៃទី​១៤​កក្កដា អាជ្ញាធរខេត្ត​ក៏​ចុះ​អប់រំ​និង​ណែនាំ​ឲ្យ​រុះ​រើចេញ​។ ជាមួយគ្នានេះដែរ ក្រុម​ដែល​សង់​ខ្ទម​ទាំងនោះ ក៏បាន​សុំ​រុះរើ​ដោយ​ខ្លួនឯង​។ 
 
​លុះដល់​ថ្ងៃទី​១៧​កក្កដា អាជ្ញាធរ​បាន​ចុះ​ពិនិត្យ​មិនឃើញ​មានការ​រុះរើ​ឡើយ ហើយ​ថែមទាំង​បាន​សាង​សង់ផ្ទះ​និង​ខ្ទម​បន្ថែមទៀត​។ ទើប​ដល់​ថ្ងៃទី​២៧​កក្កដា ក្រុម​អាជ្ញាធរ​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល រុះរើ​ខ្ទម​៤៣​ខ្ទម​និង​បំផ្លាញ​កូនឈើ​ថ្មីៗ​ជាច្រើន​ដើម​តែម្ដង​៕ 
 

Tag:
 សំណង់​ខុសច្បាប់​
  ទន្ទ្រាន​ដី
© រក្សាសិទ្ធិដោយ thmeythmey.com