ភ្នំពេញ៖ តុលាការខេត្តព្រៃវែង ចេញមុខបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីឪពុកម្ដាយ របស់ជនសង្ស័យគ្រឿងញៀន ជាថ្នូរនឹងការដោះលែងទេ។ ការចេញមុខបកស្រាយនេះ ធ្វើឡើងក្រោយពីមានការព្យួរការងារស្នងការរង និងមន្ត្រីនគរបាលខេត្តព្រៃវែង ចំនួន៧នាក់ ពាក់ព័ន្ធនឹងការទារលុយក្នុងករណីគ្រឿងញៀននេះ។
អយ្យការអមសាលាដំបូងខេត្តព្រៃវែង បានអះអាងថា ខ្លួនមិនបានទទួលព័ត៌មាន ឬរបាយការណ៍ណាមួយ ពីលោក ថោង វណ្ណឌី ស្នងការរងទទួលបន្ទុកផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននោះទេ អំឡុងពេលដែលមានការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២០ កក្កដា។
សាលាដំបូងខេត្តព្រៃវែង ក៏បានច្រានចោលព័ត៌មានដែលលោក ទូច ធារ៉ា នាយរងការិយាល័យគ្រឿងញៀនខេត្តព្រៃវែង ប្រកាសថា បានប្រគល់ប្រាក់៤លានរៀលឱ្យខ្លួនដែរ។ សាលាដំបូងខេត្តព្រៃវែង អះអាងថា ពាក្យសម្ដីរបស់លោក ទូច ធារ៉ា ជាពាក្យមិនពិត។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តព្រៃវែង បានសរសេរដូច្នេះថា៖«រីឯការទារប្រាក់ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពរបស់សមត្ថកិច្ចខាងលើ តំណាងអយ្យការអមសាលាដំបូងខេត្តមិនមានការពាក់ព័ន្ធក្នុងរឿងនេះឡើយ។ ករណីទាំងពីរខាងលើ អយ្យការអមសាលាដំបូងខេត្តមិនបានបញ្ជាឱ្យធ្វើទារុណកម្ម ឬទារប្រាក់ពីជនសង្ស័យនោះឡើយ ហើយសមត្ថកិច្ចក៏មិនបានកសាងសំណុំរឿងទាំងនោះ បញ្ជូនមកស្ថាប័នអយ្យការអមសាលាដំបូងខេត្តនោះដែរ។ តំណាងអយ្យការអមសាលាដំបូងខេត្ត សូមបដិសេធទាំងស្រុងលើការលើកឡើង ដែលអះអាងថា ព្រះរាជអាជ្ញាទទួលប្រាក់ជាថ្នូរក្នុងការដោះលែងឱ្យមានសេរីភាព»។
កាលពីថ្ងៃទី២៨ កក្កដា លោក នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចព្យួរការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿងញៀនចំនួន ៧រូប ក្រោយពីរកឃើញថា ពួកគេបានប្រើហិង្សា និងយកលុយប្រមាណ ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាបករណីគ្រឿងញៀន។
មន្ត្រីនគរបាលទាំង៧រូបនោះ រួមមាន លោក ថោង វណ្ឌី ស្នងការរងទទួលផ្ទុកផែនការងារប្រឆាំងគ្រឿងញៀន, លោក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន, លោក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន, លោក ស៊ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន, លោក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន, លោក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និងលោក យុន តារាស័ក្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ។
ពួកគេទាំង៧រូបនេះ បានចុះទៅបង្ក្រាបបទល្មើសគ្រឿងញៀន ហើយក៏ចាប់បានមនុស្ស៦នាក់ជាខ្មែរ-អ៊ិស្លាម ដែលជាអ្នកប្រើប្រាស់គ្រឿងញៀន។ ក្រោយចាប់បាន មន្ត្រីនគរបាលទាំង៧នាក់ បានដោះលែងអ្នកប្រើប្រាស់គ្រឿងញៀនទាំង៦នាក់នោះ ឲ្យត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងការទទួលប្រាក់ពីឪពុកម្តាយរបស់ពួកគេ៕