COVID-19
ជាតិ
សង្គមជាតិ
ពលករខ្មែរជាងមួយសែននាក់ ត្រឡប់មកស្រុកវិញ ក្នុងអំឡុងកូវីដ-១៩
31, Jul 2020 , 2:05 pm        
រូបភាព
ពលរដ្ឋខ្មែរវិលចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៩ កក្កដា ២០២០។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
ពលរដ្ឋខ្មែរវិលចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៩ កក្កដា ២០២០។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
ភ្នំពេញ៖ នៅអំឡុងពេលកូវីដ-១៩នេះ ពលរដ្ឋចំណាកស្រុកកម្ពុជាជាង១០ម៉ឺននាក់ បានវិញត្រឡប់មកវិញ ដោយក្នុងនោះមានស្រី្តប្រមាណ៤៥ភាគរយ។ នេះបើតាមការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។



ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសអន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣០កក្កដានេះ សម្ដេច ស ខេង បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករចំណាកស្រុកជាង១.៣សែននាក់ បានត្រឡប់មកវិញកម្ពុជាវិញ ខណៈបណ្ដាប្រទេសនានាជួបវិបត្តិកូវីដ-១៩។

សម្ដេច សង្កត់ធ្ងន់ថា បច្ចុប្បន្ន បញ្ហាប្រឈមខ្លាំងគឺការធ្វើទេសអន្តរប្រវេសន៍ ដោយសារជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្រាលនៅឡើយ ដែលជាដើមហេតុធ្វើឲ្យមានការប្រែប្រួលសេដ្ឋកិច្ច ផ្អាកការងារ និង បិទព្រំដែន ជាដើម។ ជាក់ស្តែង សម្តេចឧបនាយរដ្ឋមន្រ្តី លើកឡើងពីពលរដ្ឋកម្ពុជាជាច្រើន ដែលបាត់បង់ការងារ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ហើយបានមកជួបជុំគ្រួសារវិញ និងពលរដ្ឋខ្លះទៀត បានទៅធ្វើការនៅក្រៅប្រទេសវិញ។ សម្តេច បន្តថា ការធ្វើទេសអន្តរប្រវេសន៍នេះ ប្រឈមបញ្ហាខ្លាំង គឺការឆ្លងជំងឺកូវីដ-១៩ និងការឆ្លងដែនខុសច្បាប់ ខណៈបណ្ដាប្រទេសនានាកំពុងរឹតបន្តឹងការចេញចូលតាមចក្រព្រំដែន។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រដ្ឋមន្រ្តីមហាផ្ទៃ លើកជាយោបល់៤ចំណុចសំខាន់ៗ ធ្វើជាផែនការសកម្មភាពប្រចាំឆ្នាំ គឺការការពារជនទេសអន្តរប្រវេសន៍, ការគ្រប់គ្រងទិន្នន័យ, ការគាំទ្រដំណើរការវិញត្រឡប់និងធ្វើសមាហរកម្មជនទេសអន្តរប្រវេសន៍, និង ការកំណត់និងការផ្ដល់អន្តសញ្ញាណស្របច្បាប់ពិសេសកូនទេសអន្តរប្រវេសន៍។

នៅអំឡុងខែកក្កដានេះ កម្ពុជា រកឃើញករណីឆ្លងជំងឺកូវីដ-១៩កើនឡើងជាបន្តបន្ទាប់ ដែលជាករណីនាំចូល។ ដោយសារការរីករាលដាលនេះ ទើបកម្ពុជាផ្អាកជើងហោះហើរពីប្រទេសម៉ាឡេស៊ីនិងប្រទេសឥណ្ឌូណេស៊ី។ មិនមែនតែកម្ពុជាទេ នៅតាមបណ្ដាប្រទេសផ្សេងៗទៀតក៏បានរឹតបន្តឹតនិងផ្អាកដំណើរការចេញចូលដែរ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។

គិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៣៤នាក់ ដោយបានជាសះស្បើយ១៦២នាក់ និង៧២នាក់ទៀត កំពុងសម្រាកព្យាបាល៕

Tag:
 COVID-19
  ស ខេង
  ពលករចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com