ជាតិ
សម្ដេច ស ខេង​៖ កិច្ចការពារ​ជន​ទេស​អន្តរ​ប្រវេសន៍ ជា​កិច្ចការ​ចាំបាច់​របស់រ​ដ្ឋា​ភិ​បាល​
01, Aug 2020 , 8:59 am        
រូបភាព
សម្ដេច ស ខេង ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)។ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
សម្ដេច ស ខេង ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)។ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាងថា ការធ្វើ​ទេស​អន្តរ​ប្រវេសន៍​តែងតែ​ជួប​បញ្ហា​ប្រឈម ពិសេស​នៅ​អំឡុងពេល​កូ​វីដ​-១៩ ហើយ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​យកចិត្តទុកដាក់​ដោះស្រាយ​លើ​បញ្ហា​នេះ​។



​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​២ ស្ដីពី​កតិកាសញ្ញា​ពិភពលោក​សម្រាប់​ទេស​អន្ដរ​ប្រវេសន៍​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​នៅ​ថ្ងៃទី​៣០​កក្កដា សម្ដេច ស ខេង បានដាក់​ផែនការ​សកម្មភាព​៤​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ទេស​អន្តរ​ប្រវេសន៍ គឺ​ការការពារ​ជន​ទេស​អន្តរ​ប្រវេសន៍​, ការគ្រប់គ្រង​ទិន្នន័យ​, ការគាំទ្រ​ដំណើរការ​វិញ​ត្រឡប់​និង​ធ្វើ​សមាហរកម្ម​ជន​ទេស​អន្តរ​ប្រវេសន៍ និង​ការកំណត់ និង​ផ្ដល់​អត្តសញ្ញាណ​ស្របច្បាប់ ពិសេស​កូន​ទេស​អន្តរ​ប្រវេសន៍​។ 
 
​សម្ដេច ស ខេង ថ្លែងថា​៖ «​ដំណាក់កាល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​-១៩​នេះ ការធ្វើ​ទេស​អន្តរ​ប្រវេសន៍​រឹតតែ​ប្រឈម​ខ្លាំង​ការធ្វើ​ទេស​អន្តរ​ប្រវេសន៍​រឹតតែ​ប្រឈម​ខ្លាំង ហើយក៏​អាច​អូសបន្លាយ​បន្តទៀត​ក្នុង​រយៈពេល​វែង​។ ហេតុដូចនេះ​កិច្ចការពារ​ពលករ​ទាំង​នៅក្នុង​ប្រទេស​កំណើត​និង​ប្រទេស​គោលដៅ​នានា​ដែល​ពលករ​បានធ្វើ​ទេស​អន្តរ​ប្រវេសន៍ គឺជា​ភារកិច្ច​ចាំបាច់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​»​។ 
 
​សម្ដេច​បាន​បន្ថែមថា ជន​ទេស​អន្តរ​ប្រវេសន៍​ដែល​ខ្វះ​កិច្ចការពារ​ពី​ប្រព័ន្ធ​ច្បាប់ តែង​ត្រូវបាន​ជន​ឆ្លៀតឱកាស​កេងប្រវ័ញ្ច​យក​ផលចំណេញ ដោយ​ធ្វើការ​ជួញដូរ​មនុស្ស រំលោភបំពាន កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​។ ការរំលោភបំពាន​បែបនេះ បង្កើត​ឲ្យ​មាន​ទាសភាព ធ្វើ​ឲ្យ​ធ្លាក់ខ្លួន​ជរា ពិការ វង្វេងស្មារតី បាត់បង់​ភាពជា​មនុស្ស​ឬ​រហូតដល់​បាត់បង់​ជីវិត​ផងដែរ​។ សម្ដេច សង្កត់ធ្ងន់ថា ការធ្វើ​ទេស​អន្តរ​ប្រវេសន៍​នៅ​អំឡុងពេល​កូ​វីដ​-១៩​នេះ ប្រឈម​បញ្ហា​ខ្លាំង ខណៈ​បណ្ដា​ប្រទេស​នានា​បាន​រឹតបន្តឹង​ការចេញចូល​។ 
 
​គិត​ចាប់ពី​ថ្ងៃទី​២១​មីនា ដល់​ថ្ងៃទី​២៣​កក្កដា ពលករ​កម្ពុជា​ដែល​វិលត្រឡប់​ពី​ការធ្វើ​ទេស​អន្តរ​ប្រវេសន៍ ក្នុងអំឡុង​កូ​វីដ​-១៩ មាន​ជាង​១០​ម៉ឺន​នាក់ ក្នុងនោះ​មាន​ស្ត្រី​៤៥​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ក្រសួងមហាផ្ទៃ​៕ 

Tag:
 ទេស​អន្តរ​ប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com