COVID-19
ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល និង​ប្រៃសណីយ៍ បង្កើត​ប្រព័ន្ធ​ឆ្លើយតប​ស្វ័យប្រវត្តិ​ពី​ចម្ងល់​នៃ​កូ​វីដ​-១៩
31, Jul 2020 , 3:51 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋ​មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យក្រសួងសុខាភិបាល និង​មន្ត្រីពាក់ព័ន្ធផ្សេង​ៗ​ទៀត
លោក ជា វ៉ាន់ដេត រដ្ឋ​មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យក្រសួងសុខាភិបាល និង​មន្ត្រីពាក់ព័ន្ធផ្សេង​ៗ​ទៀត
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានរួម​គ្នា​កែប្រែ និង​ដាក់​ដំណើរការ​ប្រព័ន្ធ​ទូរស័ព្ទ​១១៥​ថ្មី ដែល​អាចឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​ទាក់ទង​នឹង​ការ​ចោទសួរ​អំពី​ចម្ងល់​ផ្សេងៗ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩​។

 
​លោក មាស ប៉ូ អ្នកនាំពាក្យ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ប្រព័ន្ធ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​នេះ នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​អាច​ខ​ល​ចូល​សួរ​អំពី​ការសង្ស័យ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា និង​អាច​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ 
 
​លោក មាស ប៉ូ បាន​ពន្យល់​អំពី​វិធី​ប្រើប្រាស់​ដូច្នេះ​ថា​៖«​បើ​យើ​ងខ​ល​ទៅ​១១៥ ដោយ​អត់​មាន​អ្នកទទួល​ទេ ដោយសារ​លេខ​ហ្នឹង​ជាប់​សន្ទនា​ជាមួយ​អ្នកផ្សេង​មុន​ហើយ​។ អ៊ីចឹង​លេខ​ទូរស័ព្ទ​របស់​យើង​នឹង​ចូលទៅក្នុង​ប្រព័ន្ធ​សារ​ជា​សំឡេង ដូច្នេះ​សារ​ហ្នឹង​ឆ្លើយ​ភ្លាម ហើយនឹង​សួរ​សំណួរ​ទៅ​យើង​ភ្លាម ដោយ​សួរ​យើង​ថា​មាន​បញ្ហា​អ្វី​ទេ​។ ដូច្នេះ​យើង​អាច​ឆ្លើយឆ្លង​ជាមួយ​សារ​នោះ​ភ្លាម​។ ឧទាហរណ៍​ថា​យើង​អត់​ស្រួលខ្លួន​ទេ ដូចជា​ក្អក​។ បើ​យើង​ក្អក យើង​ចុច​តាម​សារ​សំឡេង​ដែល​គេ​ណែនាំ ឬ​ឆ្លើយ​ទៅតាម​សំណួរ​ដែល​គេ​ចោទសួរ​ហ្នឹង​»​។​
 
​បើតាម​លោក មាស ប៉ូ ប្រព័ន្ធ​ឆ្លើយតប​ស្វ័យប្រវត្តិ​នេះ​ក៏​សម្រួល​ក្នុងការ​ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​សុខភាព​របស់​អ្នក​ច​ត្តា​ឡី​ស័ក​ផងដែរ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ប្រព័ន្ធ​នោះ​យើង​អាច​គ្រប់គ្រង​អ្នក​ច​ត្តា​ឡី​ស័ក និង​ទទួលបាន​ទិន្នន័យ​នៃ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដោយ​ដឹងថា​គាត់​នៅឯណា សុខភាព​គាត់​មានការ​ប្រែប្រួល​បែបណា គឺ​យើង​អាច​ដឹង​ទាំងអស់ ដោយសារ​យើង​បានទទួល​កា​រខ​ល​របស់គាត់​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣១​កក្កដា កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ២៣៤​នាក់​។ ក្នុងនោះ មាន​១៦៤​នាក់ បានជា​សះស្បើយ ដែល​ស្មើនឹង​ជាង​៧០​ភាគរយ​នៃ​ចំនួន​សរុប​។ ដោយឡែក​អ្នកជំងឺ​កូ​វីដ នៅសល់​៧០​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​បន្ត​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com