កីឡាជាតិ
ជាតិ
សហព័ន្ធ​៣ គាំទ្រ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​វិស័យ​កីឡា ទោះ​ចំណុច​ខ្លះ​ហាក់​ដាក់បន្ទុក​លើ​ខ្លួន
01, Aug 2020 , 7:59 pm        
រូបភាព
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំាបាប់, លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា (រាប់ពីឆ្វេង)
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំាបាប់, លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា (រាប់ពីឆ្វេង)
ដោយ:
​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៣ គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា ដ្បិត​ពួកគេ​យល់ថា វា​ជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏​ល្អ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​លើ​វិស័យ​កីឡា​កម្ពុជា​។ ច្បាប់​នេះ​មាន​៨​ជំពូក​និង​១៥១​មាត្រា ដែល​បង្កើតឡើង ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង​វិស័យ​កីឡា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព​។ លោក ស សុខា អះអាងថា ច្បាប់​នេះ​បង្កើតឡើង​មិនមែន​ដើម្បី​ដាក់​សម្ពាធ ឬ​គាបសង្កត់​ស្ថាប័ន​ណាមួយ​នោះឡើយ​។

 
 
​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ចំបាប់ ហែល​ទឹក និង​គុន​ដាវ យល់ឃើញ​ស្រដៀងៗ​គ្នា​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា ក្នុងការ​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​ទាំងនេះ​បានបង្ហាញ​ការគាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ ហើយ​រំពឹងថា វា​នឹង​ជួយ​ឲ្យ​ការគ្រប់គ្រង​វិស័យ​កីឡា​កាន់​តែមាន​ប្រសិទ្ធិភាព និង​តម្លាភាព​។ 
 
​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​កម្ពុជា ចាត់ទុក​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា​នេះ ជា​របត់​ថ្មី​មួយ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​លើ​វិស័យ​កីឡា​កម្ពុជា​។ លោក​បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុងនាម​សហព័ន្ធ​ខ្ញុំ​ឈរលើ​គោលការណ៍​ពីរ សម្រាប់​ទស្សន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិតថា វា​ជាការ​ចាប់ផ្តើម​មួយ​ដ៏​ល្អ ព្រោះ​ខ្ញុំ​នៅក្នុង​កីឡា​១៤​ឆ្នាំ ទើបតែ​ឃើញ​ការផ្លាស់ប្តូរ​មួយ គឺ​រាជរដ្ឋាភិបាល​ចាប់ផ្តើម​ចេះ​យកចិត្តទុកដាក់​។ ដូច្នេះ​ការបង្កើត​ច្បាប់​នេះ វា​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​»​។ 
 
​អតីត​និស្សិត​ច្បាប់​រូបនេះ អះអាងថា កន្លងមក​កម្ពុជា​ពុំទាន់​មានការ​បែង​ចែង​តួនាទី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ​។ ដូច្នេះ​ច្បាប់​នេះ នឹង​ក្លាយជា​បន្ទាត់​ក្រិត​ពី​តួនាទី​របស់​ស្ថាប័ន​ទាំងបី ជាពិសេស​ធ្វើ​ឲ្យ​ស្ថាប័ន​ទាំងនេះ​ស្គាល់​តួនាទី​កាន់តែច្បាស់​។​
 
«​នៅក្នុង​ច្បាប់​មួយ​នេះ បើសិនជា​គាត់​បង្កើត​ច្បាប់​មក​ក្នុង​គោលការណ៍​មួយ​គ្រាន់តែ​គ្រប់គ្រង​ក្នុង​វិស័យ​កីឡា​ក្នុង​រូប​ភាពជា​ច្បាប់​មួយ ដែល​យើង​មើលឃើញថា គាត់​ចង់​គ្រប់គ្រង​តួនាទី​ឲ្យ​ច្បាស់លាស់​រវាង​ស្ថាប័ន​ទាំងបី គឺ​ល្អ​ជាង​មុន ដោយសារ​បច្ចុប្បន្ន​យើង​មិនទាន់​ដឹងថា​ខាង​ណា​ជា​អ្នក​ជួយ​ដល់​សហព័ន្ធ ហើយ​យើង​ក៏​មិនទាន់​ដឹងថា តើ​តួនាទី​របស់ NOCC, របស់​ក្រសួង​អប់រំ និង​សហព័ន្ធ វា​យ៉ាងម៉េច​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ អាង​។ 
 
​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន ចាត់ទុក​ការបង្កើត​ច្បាប់​នេះ​ហាក់​ដាក់បន្ទុក​លើ​ពួកគេ ។ ប៉ុន្តែ​លោក ធិ​ន វិចិត្រ វិញ មិន​យល់ឃើញ​បែប​នោះឡើយ​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​រូបនេះ យល់ថា ក្រសួង​អប់រំ​តាក់តែង​ច្បាប់​នេះ​ឡើង មិនមែន​ដើម្បី​គាបសង្កត់ ឬ​ដាក់ទណ្ឌកម្ម​លើ​សហព័ន្ធ​ឬ​ស្ថាប័ន​ណាមួយ​នោះទេ ប៉ុន្តែ​វា​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​របស់​សហ​ព័ន្ធ​ទៅវិញ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មី លោក បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា ជា​រឿង​ល្អ​មួយ ព្រោះ​យើង​រស់នៅ​ប្រទេស​ណាក៏ដោយ ត្រូវតែមាន​ច្បាប់​ល​ម្លា​ប់​ច្បាស់លាស់​មួយ​។ បើតាម​ខ្ញុំ​ពិនិត្យ ការ​តាក់​តែ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា មិនមែនជា​ការគាបសង្កត់ ឬ​ដាក់ទណ្ឌកម្ម​នោះទេ តែ​វា​ជាការ​រៀបចំ​ឲ្យ​ការគ្រប់គ្រង​កាន់តែ​មាន​តម្លាភាព និង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​រវាង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​ជាមួយ​ក្រសួង​អប់រំ និង​សហព័ន្ធ​ទៅវិញ​ទេ​»​។ 
 
​ដ្បិត​សេចក្តីព្រាងច្បាប់​នេះ អាចជា​ចំណុច​ចាប់ផ្ដើម​មួយ​ល្អ ប៉ុន្តែ​ក៏​វា​នៅមាន​ចំណុច​ខ្វះខាត​ដែរ​។​នេះ​ជាការ​មើលឃើញ​របស់​អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក ហែម គី​រី ដែល​ស្នើឱ្យ​គណៈ​កម្ម​សេចក្តីព្រាងច្បាប់ គួរ​ស្វែងរក​នីតិវិធី​សមស្រប​ណាមួយ​បន្ថែមទៀត ក្នុងការ​បំពេញ​ចំណុច​ខ្វះខាត ដើម្បី​បញ្ចៀស​ផលប៉ះពាល់​រវាង​អ្នកអនុវត្ត និង​អ្នកតាក់តែង​ច្បាប់​។​
 
​បើតាម​លោក ហែម គី​រី សហព័ន្ធ​កីឡា​ជាតិ ដែលមាន​ការយល់ដឹង​ផ្នែក​ច្បាប់ គួរ​ចូលរួម​ផ្តល់​គំនិត និង​លើក​ពី​ផលប៉ះពាល់​ដល់​ការងារ​របស់​សហព័ន្ធ​ខ្លួន ទៅកាន់​គណៈ​កម្ម​សេចក្តីព្រាងច្បាប់ ជាជាង​រិះគន់ថា សេចក្តីព្រាងច្បាប់​នេះ​ឡើង​ហាក់​ដាក់បន្ទុក ឬ​គំនាប និង​ប៉ះពាល់​ដល់​ស្វ័យភាព​ខ្លួន​ជាដើម​។ លោក ហែម គី​រី យល់ថា ក្រសួង​តាក់តែង​ច្បាប់​នេះ​ឡើង មិនមែន​ដើម្បី​បន្ទច់បង្អាក់​ដំណើរការ​អភិវឌ្ឍ​របស់​សហព័ន្ធ​នោះឡើយ​។ 
 
«​អ្វីដែល​យើង​គិតថា ជាការ​ប៉ះពាល់​សូម​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ក៏ដូចជា​អ្នកចេះ​ច្បាប់​ជួយផ្តល់​គំនិត ដើម្បី​ឲ្យ​គាត់​មានការ​កែប្រែ ឬ​ពិភាក្សា​បន្ត ជៀសវាង​លើកឡើងថា ក្រសួង​ចង់​ក្តោប​ក្តាប់ ឬ​ប៉ះពាល់​ដល់​ស្វ័យភាព​របស់​សហព័ន្ធ​។ រឿងនេះ​បើ​យើង​គិត​លើ​ចំណុច​វិជ្ជមាន​វិញ គឺ​ក្រសួង​ទទួលយក​អ្វី ដែល​យើង​បានលើកឡើង ហើយ​យើង​គួរតែ​បញ្ចេញ បានន័យថា អ្វីដែល​ប៉ះពាល់​ដល់​ការងារ​របស់​យើង ឬអ្វី​ដែល​មិនអាច​ទៅ​រួម​យើង​ជជែក​គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហែម គី​រី​។ 
 
​សេចក្តីព្រាងច្បាប់​នេះ​មាន​៨​ជំពូក ១៥១​មាត្រា​។ ប៉ុន្តែ​គេ​សង្កេតឃើញថា ត្រង់​មាត្រា​៣​ក្នុង​ជំពូក​ទី​១​នៃ​សេចក្តីព្រាងច្បាប់​នេះ ហាក់​ផ្ទុយ​ពី​ធម្មនុញ្ញ​អូឡាំពិក​ត្រង់ចំណុច​ស្វ័យភាព​រវាង​អង្គការ​កីឡា និង​រដ្ឋអំណាច​សាធ​រណៈ​។ 
 
​មាត្រា​៣​ស្តីពី​វិសាលភាព​អនុវត្ត​របស់​ច្បាប់​ថ្មី​នេះ​ចែងថា ច្បាប់​នេះ​មាន​វិសាលភាព​គ្រប់គ្រង ចាត់ចែង​សកម្មភាព​អប់រំ​កាយ​និង​កីឡា និង​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា ដែល​ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់​អង្គការ​រដ្ឋ អង្គការ​សង្គម​កីឡា អង្គការ​សង្គម​វិជ្ជាជីវៈ​កីឡា និង​ស្ថាប័ន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នៅ​កម្ពុជា​។ ត្រង់​មាត្រា​៨​ក្នុង​ជំពូក​ទី​២​ចែងថា អង្គការ​សង្គម​កីឡា​សំដៅលើ​សហព័ន្ធ​កីឡា​ជាតិ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 
​ត្រង់ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​មានការ​លើកឡើងថា ក្រសួង​អប់រំ​យុវជន និង​កីឡា តាក់តែង​ច្បាប់​នេះ​ឡើង​ដើម្បី​ក្តោប​ក្តាប់​ការងារ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ស្វ័យភាព​របស់​សហព័ន្ធ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជាដើម​។ ឆ្លើយតប​នឹង​ការរិះគន់​នេះ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចេញមក​អះអាងថា ក្រសួង​តាក់តែង​ច្បាប់​នេះ​ឡើង មិនមែន​ដើម្បី​ក្តោប​ក្តាប់​ការងារ ឬ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​ណាមួយ​នោះឡើយ​។ ផ្ទុយទៅវិញ វា​ជា​យន្តការ​មួយ​ក្នុងការ​កំណែទម្រង់​វិស័យ​អប់រំ​កាយ​និង​កីឡា​ឲ្យ​កាន់​តែមាន​ភាពត្រឹមត្រូវ និង​ងាយស្រួល​គ្រប់គ្រង​តែប៉ុណ្ណោះ​។ 
 
​ក្រោយ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ លោក ជឿជាក់ថា វា​នឹង​ក្លាយជា​ប្រទីប​បំភ្លឺ​ផ្លូវ​ក្នុងការ​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។  


 លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាពេលចូលរួមបិទសិក្ខាសាលាស្តីពីការប្រមូលធាតុចូលសម្រាប់តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​វា​ជា​យន្តការ​នៃ​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រុមការងារ​គ្រប់​វិស័យ​អប់រំ​កាយ​និង​កីឡា ក្រោយ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់ នោះ​រចនាសម្ព័ន្ធ​ចាត់តាំង​មួយចំនួន​ត្រូវបាន​បង្កើត ហើយ​រចនាសម្ព័ន្ធ​មួយចំនួនទៀត​ត្រូវបាន​កែលម្អ ធ្វើ​ឲ្យ​ការគ្រប់គ្រង​វិស័យ​កីឡា​កាន់​តែមាន​ភាពត្រឹមត្រូវ និង​ខិត​ទៅ​កាន់តែ​ជិត​និយាម​នៃ​ស្តង់ដា​អន្តរជាតិ​»​។ 
 
​លោក ស សុខា ជឿជាក់ថា នៅពេល​ច្បាប់​នេះ ចូល​ជា​ធរមាន​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​ទម្លាប់​មួយចំនួន​របស់​មន្ត្រី​សហព័ន្ធ​ណាមួយ​ឡើយ ប៉ុន្តែ​វា​នឹង​ពង្រឹងសមត្ថភាព​ពួកគេ​ឲ្យ​ចេះ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ «​សហព័ន្ធ​កីឡា​ជាតិ​ខ្លះ​នៅពេល​ក្រសួង​រឹតបណ្តឹង​នឹង​ការងារ​មួយចំនួន ជាពិសេស​ពាក់ព័ន្ធ​នឹង​របាយការណ៍ រត់ទៅរក​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក ដើម្បី​គាត់​ជួយ ពេលខ្លះ NOCC រឹតបណ្តឹង រត់​មក​ឲ្យ​ក្រសួង​ជួយ​។ ខ្ញុំ​គិតថា ច្បាប់​នេះ​បន្តិចទៀតនេះ យើង​នឹង​បង្ខំ​ឲ្យ​មាន​ភាព​ទទួលខុសត្រូវ​រៀងខ្លួន​។ សហព័ន្ធ​ធ្វើ​អី​? ក្រសួង​អប់រំ​ធ្វើ​អី​? និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ធ្វើ​អី​? បែងចែក​ឲ្យ​ច្បាស់ ការប្រកួត​ក្នុងស្រុក បង្កើត​ធនធាន បង្កើត​ក្រុម​កីឡាករ គឺ​ក្រសួង រីឯ​ការដឹកនាំ​កីឡាករ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស គឺ NOCC»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​។  
 
​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា រដ្ឋាភិបាល​តាក់តែង​ច្បាប់​នេះ​ឡើង ដើម្បី​គ្រប់គ្រង​សកម្មភាព​អប់រំ​កាយ និង​កីឡា ការហាត់​ប្រាណ និង​លេង​កីឡា​នៅ​កម្ពុជា​។ ជាពិសេស​ដើម្បី​ចូលរួម​កំណែទម្រង់ និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​វិស័យ​កីឡា​ឲ្យ​កាន់តែ​រីកចម្រើន ក៏ដូចជា​លើកស្ទួយ​កិត្យានុភាព​កីឡា​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។  ច្បាប់​នេះ ក៏​នឹងចូលរួម​ទប់ស្កាត់​និង​បង្ការ និង​ដោះស្រាយ​បញ្ហា​នានា​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​ផងដែរ​៕ 
 
 

Tag:
 ស សុខា​
  ធិ​ន វិចិត្រ​
  ហែម គី​រី​
  សុខ អាង​
© រក្សាសិទ្ធិដោយ thmeythmey.com