ភ្នំពេញ៖ ដំណើរកម្សាន្តផ្សងព្រេង ដើរព្រៃ ឡើងភ្នំ មានប្រជាប្រិយភាព នៅក្នុងចំណោមយុវជនកម្ពុជា នាពេលបច្ចុប្បន្ន។ ទោះបីជាដំណើរកម្សាន្តបែបនោះឆ្លងកាត់ឧបសគ្គច្រើន ប៉ុន្តែយុវតី៣រូប ដែលបានផ្តល់បទសម្ភាសឲ្យសាព័ត៌មានThmmeythmey25 បានអះអាងថា ជាដំណើរកម្សាន្តដែលមានតម្លៃ និងផ្តល់គុណប្រយោជន៍ច្រើន។ ក្រៅពីបានគយគន់ទេសភាពធម្មជាតិប្លែកៗហើយ ដំណើរកម្សាន្ត ក៏បានជួយពង្រឹងទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ។
កញ្ញា ទីវ ចាន់រ៉ាដែត បានចាប់ផ្តើមការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង បោះតង់គេងក្នុងព្រៃ ប្រមាណ១ឆ្នាំមកហើយ ដោយបានឡើងភ្នំឱរ៉ាល់ដែលជាភ្នំមានខ្ពស់ជាងគេនៅកម្ពុជា ឡើងភ្នំត្បែង ភ្នំខ្នងផ្សា សហគមន៍ការពារធម្មជាតិ Betreed ក្នុងខេត្តព្រះវិហារ និងបាភ្នំ នាខេត្តព្រៃវែងជាដើម។
កញ្ញា ទីវ ចាន់រ៉ាដែត នៅជើងភ្នំវាលធំ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
កញ្ញា ចាន់រ៉ាដែត ប្រាប់ thmeythmey25 ថា នាងងាកមកធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ព្រោះតែចង់បន្ថយបញ្ហាតានតឹង និងសម្រាកបញ្ជាផ្លូវចិត្តរបស់ខ្លួន។ ឆ្លងកាត់ដំណើរផ្សងព្រេងលើកទី១រួច រ៉ាដែត កត់សម្គាល់ថា សុខភាពផ្លូវចិត្តរបស់ខ្លួនបានប្រសើរ ហើយក៏សម្រេចបន្តបេសកកម្មផ្សងព្រេងនេះជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន។
កញ្ញា ទីវ ចាន់រ៉ាដែត ជាមិត្តភក្ដិ នៅពេលឡើងភ្នំខ្នងផ្សា
យុវតីវ័យ២៨ឆ្នាំរូបនេះ បន្ថែមថា៖«បរិយាកាសធម្មជាតិ បានកាត់បន្ថយបញ្ហាកើតមានក្នុងជីវិតបានច្រើន ស្គាល់ពីខ្លួនឯងបានកាន់តែច្បាស់ ហើយក៏ទទួលបានបទពិសោធន៍ថ្មីៗដែរ។ បានផ្លាស់ប្តូរខ្ញុំបានច្រើន បានព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួន និងធ្វើឲ្យខ្ញុំរឹងមាំជាងមុន»។
កញ្ញា ទីវ ចាន់រ៉ាដែត ជាមួយមិត្តភក្ដិ នៅ Betreed
ដំណើរកម្សាន្តផ្សងព្រេងកាត់ព្រៃភ្នំ ត្រូវស្ពានអីវ៉ាន់ច្រើនគីឡូក្រាមឡើងភ្នំ មិនស្រណុក ដូចការដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ដែលមានកន្លែងគេង និងញាំស្រាប់ ដូចដែលរ៉ាដែតធ្លាប់ទៅកន្លងមកនោះទេ។ តែទោះជាដូច្នោះ រ៉ាដែត ថាខ្លួនពេញចិត្តនឹងឆ្លងកាត់ដំណើរលំបាកៗនោះទាំង ដើម្បីទស្សនាទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាត និងប្លែកៗនៅតំបន់នីមួយៗ។ មិនតែប៉ុណ្ណោះ ការបានស្រូបខ្យល់បរិសុទ្ធ និងការរំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយមិត្តភក្តិដែលធ្វើដំណើរកម្សាន្តជាមួយគ្នានេះ។
មិនខុសពី កញ្ញា រ៉ាដែត ប៉ុន្មានទេ សម្រាប់ កញ្ញា វិបុល សីមា ឯណេះវិញ ក៏ធ្លាប់បានទៅដើរកម្សាន្តបោះតង់ក្នុងព្រៃដែរ។ កញ្ញា សីមា ចំណាយពេលវេលាទំនេរ ពីការសិក្សារបស់ខ្លួន ដើម្បីទៅលំហែកាយ និងកាត់បន្ថយភាពតានតឹង ជាមួយនឹងធម្មជាតិក្នុងស្រុក ដោយទៅគេង១យប់២ថ្ងៃ នៅទីនោះ។ យុវតីវ័យ១៩ឆ្នាំរូបនេះ ធ្លាប់បានទៅបោះតង់ក្នុងតំបន់ព្រៃភ្នំចំនួន៣លើកមកហើយដូចជា ថ្មលយ ជ្រោះមរណៈ និងចម្ការតែ តំបន់ទេសចរណ៍ នៃឧទ្យានជាតិព្រះសុរាម្រិត កុសុមៈ គិរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កញ្ញា វិបុល សីមា បោះតង់នៅចម្ការតែ នៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។
«ផលវិបាកសម្រាប់ខ្ញុំ នៅពេលនៅបោះតង់គឺបន្ទប់ទឹក ព្រោះថាយើងមិនមែនស្រួលដូចមនុស្សប្រុសទេ តាំងពីការស្លៀកពាក់ ហើយងូតទឹកអីហ្នឹង»។ នេះជាការលើកឡើងរបស់កញ្ញា វិបុល សីមា ប្រាប់ ThmeyThmey25 ដោយបន្ថែមថា ដំណើរកម្សាន្តបែបនេះ បានធ្វើឲ្យកញ្ញា សីមា កាត់បន្ថយអារម្មណ៍ធុញថប់ដោយសារការសិក្សា និងការងារផ្សេងៗបានច្រើន។ កញ្ញា ក៏មានពេលវេលាកម្សាន្តជាមួយមិត្តភក្ដិ និងធម្មជាតិយ៉ាងស្រស់បំព្រង រួមទាំងបានទទួលបទពិសោធថ្មីៗថែមទៀតផង។
កញ្ញា វិបុល សីមា នៅថ្មលយ ភ្នំគិរីរម្យ
បទពិសោធ ដែលទទួលបានពីការបោះតង់គេងព្រៃនេះគឺ កញ្ញា សីមា ដឹងពីអ្វីដែលចាំបាច់ត្រូវដាក់តាមខ្លួននៅពេលចេញមកឆ្ងាយបែបនេះ និងដឹងពីទុកធុរៈគ្នាទៅវិញទៅមក ដោយត្រូវរៀបចំកន្លែងគេង និងម្ហូបអាហារដោយខ្លួនឯងដែរ។
ផ្ទុយពីកញ្ញា វិបុល សីមា ចំណែកឯ កញ្ញា ចាន់ ស្រីហ៊ុច វិញធ្លាប់បានទៅដើរលេងបែបផ្សងព្រេងមួយលើកប៉ុណ្ណោះ ដោយចំណាយពេល១យប់២ថ្ងៃ ធ្វើដំណើរឡើងភ្នំខ្នងផ្សា។ យុវតីវ័យ២៥ ឆ្នាំរូបនេះ បានប្រាប់ ThmeyThmey25 ថានាងចូលចិត្តធម្មជាតិ ប៉ុន្តែឱកាសក្នុងការដើរលេងព្រៃ ឡើងភ្នំ ប៉ុន្តែមិនសូវមានឱកាស។
កញ្ញា ចាន់ ស្រីហ៊ុច កំពុងកាន់ទង់ជាតិខ្មែរ នៅលើភ្នំខ្នងផ្សា ស្ថិតនៅចន្លោះខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
ក្នុងដំណើរផ្សងព្រេងលើកទីមួយនេះ កញ្ញា ទទួលបានបទពិសោធជាច្រើន ដូចជា ចម្អិនម្ហូបដោយខ្លួនឯង ស្លៀកពាក់យ៉ាងម៉េចដែលងាយស្រួលសម្រាប់ការឡើងភ្នំ ការរក្សាសុខភាព ត្រៀមខ្លួន និងសម្ភារចាំបាច់សម្រាប់ដាក់យកតាមខ្លួន។ បន្ទាប់ពីបានទៅដើរលេងតំបន់ធម្មជាតិ កញ្ញា ស្រីហ៊ុច ថា ខ្លួនរឹតតែស្រឡាញ់ធម្មជាតិ និងប្តេជ្ញាចំណាយពេលឲ្យច្រើន ក្នុងការដើរលេងបែបផ្សងព្រេង។ ប្រសិនបើខ្ញុំមានឱកាស ដើរផ្សងព្រេង ជាងទៅកន្លែងដែលមានកន្លែងគេងស្រួល ញាំស្រួល ព្រោះការចំណាយពេលដើរកម្សាន្តផ្សងព្រេង ប្រៀបដូចជាការដកបទពិសោធខ្លួនឯង ហើយក៏ជាការចំណាយពេលដ៏ស័ក្តសមបំផុត៕