សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិកឲ្យ TikTok លក់ប្រតិបត្តិការនៅអាមេរិក បើចង់រកស៊ីទៀត ឬត្រូវបិទតែម្ដង
03, Aug 2020 , 2:04 pm        
រូបភាព
កម្មវិធីវីដេអូកម្សាន្តខ្លីៗ TikTok ក្លាយជាក្រុមហ៊ុនចិនចុងក្រោយគេមួយដែលស្ថិតក្នុងរ៉ាដារបស់រដ្ឋាភិបាលអាមេរិក។ អាមេរិក ចង់បិទកម្មវិធីនេះនៅទឹកដីរបស់ខ្លួនដោយបារម្ភថា ទិន្នន័យអ្នកប្រើប្រាស់អាមេរិកអាចបែកធ្លាយដល់ដៃចិន។ នៅថ្ងៃទី២ ខែសីហា រដ្ឋមន្រ្តីរតនាគារអាមេរិក Steven Mnuchin បានផ្ដល់ជម្រើសពីរឲ្យក្រុមហ៊ុនចិនមួយនេះ គឺលក់ប្រតិបត្តិការនៅអាមេរិកដើម្បីអាចរកស៊ីបន្តទៀត ឬក៏ត្រូវហាមឃាត់តែម្ដង។ ក្រុមហ៊ុន Microsoft កំពុងចរចាជាមួយ TikTok រឿងទិញលក់នេះ។



រដ្ឋាភិបាលអាមេរិក បានផ្ញើសារព្រមានជាថ្មីទៀតដល់ក្រុមហ៊ុនវីដេអូខ្លី TikTok ដែលត្រូវចោទថា អាចក្លាយជាឧបករណ៍របស់ចិនក្នុងការលួចយកព័ត៌មានពីអ្នកប្រើប្រាស់នៅអាមេរិក ដែលបង្កជាគ្រោះថ្នាល់ដល់សន្តិសុខជាតិ។ ម្ដងជាពីរដង កម្មវិធីកម្សាន្តដ៏មានប្រជាប្រិយភាពមួយនេះ បានទាត់ចោលការចោទប្រកាន់ទាំងឡាយ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថែមទាំងគំរាមបិទ TikTok នៅអាមេរិកចោលទៀតផង។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ ABC នៅថ្ងៃទី២ ខែសីហា រដ្ឋមន្រ្តីរតនាគារអាមេរិក Steven Mnuchin និយាយគំរាមថា TikTok ត្រូវតែលក់ប្រតិបត្តិការរបស់ខ្លួននៅអាមេរិក ឬក៏ត្រូវប្រឈមមុខការបិទមិនឲ្យប្រើតែម្ដង។ លោក Mnuchin បន្តថា បណ្ដាញសង្គមដែលមានប្រើប្រាស់ជាងមួយពាន់លាននាក់នេះ មិនអាចបន្តរកស៊ីនៅអាមេរិកក្រោមរូបភាពដូចបច្ចុប្បន្នឡើយ។ លោកក៏បង្ហើបថា គណៈកម្មាធិការវិនិយោគនៅអាមេរិក កំពុងត្រួតពិនិត្យក្រុមហ៊ុននេះ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ រូបនេះ ក៏បានជជែកជាមួយមន្ត្រីជាន់ខ្ពស់បក្សប្រជាធិបតេយ្យមានប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី និងសមាជិកព្រឹទ្ធសភា Chuck Schumer ពីចំណាត់ការលើក្រុមហ៊ុនចិននេះ។ លោក Mnuchin និយាយច្បាស់ៗថា៖ «យើងឯកភាពគ្នាពីភាពចាំបាច់ដែលត្រូវការការផ្លាស់ប្ដូរ។ លក់ ឬក៏ត្រូវបិទ។ គ្រប់គ្នាសុទ្ធតែយល់ដូចគ្នាថា វាមិនអាចបន្តដូចពេលនេះឡើយ។»

និយាយពីរឿងលក់នេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft ប្រកាសថា ខ្លួនបន្តជជែកពីការទិញ TikTok នេះពីក្រុមហ៊ុនធំ ByteDance ហើយរំពឹងថា នឹងបញ្ចប់ការចរចានៅត្រឹមថ្ងៃទី១៥ ខែកញ្ញា។ ការប្រកាសនេះធ្វើឡើងក្រោយការជជែករវាងនាយកប្រតិបត្តិ Microsoft លោក Satya Nadella ជាមួយលោក ត្រាំ ។ Microsoft ធានាថា ទិន្នន័យអ្នកប្រើប្រាស់អាមេរិក នឹងត្រូវផ្ទេរទៅអាមេរិក និងរក្សាទុកនៅទីនោះផងដែរ។

ក្រោមសម្ពាធរបស់អាមេរិក ក្រុមហ៊ុន ByteDance និយាយថា ខ្លួនប្រឈមមុខការលំបាកមិនអាចស្រមៃបាន និងគួរឲ្យស្មុគស្មាញក្នុងការប្រែខ្លួនទៅជាក្រុមហ៊ុនសាកល។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ក្នុងសេចក្ដីថ្លែងការណ៍យប់ថ្ងៃទី២ ខែសីហា ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ប្រកាសដែរថា ខ្លួនប្រកាន់ខ្ជាន់ទស្សនវិស័យសាកលលោករបស់ខ្លួនដដែល៕

Tag:
 អាមេរិក
  ចិន
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com