កីឡាអន្តរជាតិ
អន្តរជាតិ
FIFA៖ គ្មានហេតុផលណាដែលអាជ្ញាធរស្វ៊ីសត្រូវស៊ើបអង្កេតលើលោក Infantino ទេ
× សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានចេញមុខអះអាងថា គ្មានហេតុផលណាមួយដែលអាជ្ញាធរស្វ៊ីសត្រូវបើកដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងលោក Gianni Infantino ឡើយ។ លោក Infantino ដែលជាប់ឆ្នោតធ្វើប្រធាន FIFA អាណត្តិទី២ដោយគ្មានការជំទាស់ ជាប់ពាក់ព័ន្ធការស៊ើបអង្កេតលើអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់។
រដ្ឋអាជ្ញាសហព័ន្ធនៅប្រទេសស្វីស នៅថ្ងៃទី៣០ ខែកក្កដា បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើលោក Infantino បន្ទាប់ពីមានការសន្និដ្ឋានថា បុរសសញ្ជាតិស្វ៊ីសរូបនេះមានជាប់ពាក់ព័ន្ធអំពីការប្រព្រឹត្តបទឧក្រិដ្ឋ នៅក្នុងការប្រជុំរវាងលោក និងមន្ត្រីត្រួតពិនិត្យការស៊ើបអង្កេតលើអំពើពុករលួយក្នុងកីឡាបាល់ទាត់កាលពីឆ្នាំ២០១៥។
នីតិវិធីខាងលើត្រូវបានធ្វើឡើងប្រឆាំងនឹងប្រធាន FIFA ដោយក្នុងនោះរដ្ឋអាជ្ញាពិសេសកំពុងស្វែងរកការជួបគ្នាមួយជាមួយអតីតអគ្គមេធាវីស្វ៊ីសលោក Michael Lauber ផងដែរ។ លោក Lauber បានលាលែងពីតំណែងអគ្គមេធាវីកាលពីសប្តាហ៍មុន មុនមានការស៊ើបអង្កេតនេះកើតឡើយ ពោលគឺក្រោយពេលតុលាការសហព័ន្ធបានតម្កល់ការចោទប្រកាន់ដែលថា លោកបានកុហកអំពីការជួបជាមួយលោក Infantino។
យ៉ាងណាក៏ដោយ ទាំងលោក Lauber និង Infantino សុទ្ធតែបានបដិសេធរួចមកហើយថា ពួកគេមិនបានធ្វើអ្វីខុសនឹងច្បាប់នោះទេ។
ក្រោយមានករណីនេះកើតឡើង ស្ថាប័ន FIFA បានប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២ ខែសីហាថា៖« វាពិតជាគ្មានហេតុផលណាមួយដែលត្រូវបើកការស៊ើបអង្កេតទេ ពីព្រោះគ្មានអ្វីដែលកើតឡើងទាក់ទងបទឧក្រិដ្ឋណាមួយឡើយ ហើយក៏គ្មានអ្វីដែលត្រូវផ្តល់យោបល់អំពីទម្រង់ណាមួយនៃការប្រព្រឹត្តខុសនឹងបទឧក្រិដ្ឋនោះដែរ»។
FIFA បន្ថែមថាការជួបគ្នារវាងលោក Lauber និង Infantino មិនមានការសម្ងាត់ទេ ហើយធ្វើឡើងនៅតាមទីសាធារណៈដូចជាសណ្ឋាគារដែលបានជ្រើសរើសពីសំណាក់ការិយាល័យអគ្គមេធាវីនៃប្រទេសស្វីសប៉ុណ្ណោះ។
«FIFA និងប្រធាន FIFA បដិសេធរាល់ការចោទប្រកាន់ ឬការលើកឡើងណាមួយដែលថាប្រធានFIFA ធ្លាប់បានព្យាយាមប្រើប្រាស់ឥទ្ធិពលមិនត្រឹមត្រូវលើរដ្ឋអាជ្ញាសហព័ន្ធស្វ៊ីសនោះ។ ប្រធាន FIFA នឹងបន្តបំពេញតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក និងបំពេញភារកិច្ចរបស់ខ្លួនដោយបន្តសហប្រតិបត្តិការជាមួយអាជ្ញាធរនៅក្នុងប្រទេសស្វ៊ីស និងជុំវិញពិភពលោក»។ FIFA អះអាងដូច្នេះ៕
Tag:
FIFA
Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com