ជាតិ
ទុរេនមានចំណែកទាក់ទាញទេសចរណ៍ទៅកាន់ខេត្តកំពត
× ក្នុងឆ្នាំ២០២០ តំបន់ទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែក ខេត្តកំពតដែលជាខេត្ត ស្ថិតនៅតំបន់ឆ្នេរ មិនមានការធ្លាក់ចុះភ្ញៀវទេសចរទេ បែរជាកើនឡើងទេសចរទៅកម្សាន្ត ក្នុងនោះដំណាំទុរេនក៏ជាសក្តានុពលដ៏ទាក់ទាញមួយផងដែរ។ នេះបើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទ។
«មូលហេតុដែលភ្ញៀវទេសចរកើនឡើងដោយសារ យើងមានសេវាកម្មទេសចរណ៍សមស្រប មានបឹងកាឡូ មានរមណីយដ្ឋានច្រើនតាមដងព្រែក សេវាកម្មម្ហូបអាហារគ្រឿងសមុទ្រ និងរដូវផ្លែឈើ គឺផ្លែទុរេន ហើយមួយទៀតផ្លូវធ្វើដំណើរបានធ្វើហើយច្រើន ហើយខេត្តកំពតស្ថិតនៅមិនឆ្ងាយពីភ្នំពេញអ៊ីចឹងបានជាភ្ញៀវទេសចរជ្រើសមកលេងកំពតជាងខេត្តដទៃ»។ នេះបើតាមលោក សយ ស៊ីណុល ដោយបន្ថែមថា ខេត្តកំពត មានសក្តានុពលទេសចរណ៍ជាច្រើនខុសប្លែកពីគ្នា បូករួមជាមួយរដូវផ្លែឈើដូចជាផ្លែទុរេន និងសាវម៉ាវ ព្រមជាមួយអាហារបែបគ្រឿងសមុទ្រដ៏សម្បូរបែប។
ប្រធានមន្ទីរទេសចរណ៍រូបនេះ មានសេចក្ដីរីករាយជាខ្លាំងដែលខេត្តកំពតមានការកើនឡើងចំនួនភ្ញៀវទេសចរគួឱ្យកត់សម្គាល់។ ជាមួយគ្នានេះ លោក ស៊ីណុល ក៏មានការព្រួយបារម្ភ ដោយសារចំនួនភ្ញៀវទេសចរកើនច្រើនពេកអាចនឹងមានការពិបាកក្នុងការគ្រប់គ្រង។
គួបញ្ជាក់ផងដែរថាក្នុងរយៈពេល៣ខែចុងក្រោយនេះគឺខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០ខេត្តកំពតទទួលបានភ្ញៀវទេសចរចំនួនជាង៤៣ម៉ឺននាក់ ក្នុងនោះភ្ញៀវក្នុងស្រុកជាង៤២ម៉ឺននាក់ និងភ្ញៀវអន្តរជាតិប្រមាណ៤ពាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com