ជាតិ
សេដ្ឋកិច្ច
អាជីវកម្មទេសចរណ៍ចុះបញ្ជី ទទួលបានការលើកលែងពន្ធគ្រប់ប្រភេទរយៈពេល២ខែទៀត
× ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបន្តការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេលពីរខែបន្តទៀត ចំពោះអាជីវកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅតាមបណ្ដាខេត្តទេសចរណ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា។ ការលើកលែងពន្ធនេះ ជាការចូលរួមរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងផលប៉ះពាល់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទកូវីដ-១៩។ នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី៣១ កក្កដា។
បើតាមការសម្រេចនេះ អាជីវកម្មដែលស្ថិតនៅតាមតំបន់សក្ដានុពលទេសចរណ៍ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត នឹងត្រូវបានលើកលែងពន្ធរយៈពេលពីខែបន្ថែមទៀត ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ។
សម្រាប់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដែលបានព្យួរ ឬនឹងត្រូវព្យួរ ត្រូវដាក់ពាក្យស្នើរសុំព្យួរកិច្ចសន្យាការងារនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬតាមរយៈមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី-ខេត្ត ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ពីសំណាក់រដ្ឋាភិបាល។ នេះបើតាមសេចក្តីសម្រេចដដែល។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងទេសចរណ៍ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រៅតែពីការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ក្រសួងក៏បានរៀបចំសេចក្ដីព្រៀងគោលការណ៍ណែនាំស្ដីពី ការធ្វើដំណើរដោយកន្លែង (Travel Bubble or One way Closed-loop Charted Plane) ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកទស្សនាប្រទេសកម្ពុជាច្រើនជាងមុនផងដែរ។ ក្រសួងទេសចរណ៍ បានពន្យល់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដែលផ្សាយនៅថ្ងៃទី៤ សីហាថា សេចក្ដីព្រៀងគោលការណ៍ណែនាំនេះ គឺជាកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវ ពីបណ្ដាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពីកូវីដ-១៩។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិដោយកន្លែង Travel Bubble នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងថា ត្រូវមានការឯកភាពគាំទ្រ ពីក្រសួងសុខាភិបាល និងការអនុញ្ញាតពីរាជរដ្ឋាភិបាលជាមុនសិន៕
© រក្សាសិទ្ធិដោយ thmeythmey.com