សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ចិន​ម្នាក់​ត្រូវ​តុលាការ​រកឃើញថា​គ្មាន​ទោស​វិញ ក្រោយ​ជាប់គុក​អស់​២៧​ឆ្នាំ​
06, Aug 2020 , 11:29 pm        
រូបភាព
លោក Zhang Yuhuan (ឆ្វេង) យំឱបកូនប្រុសនៅផ្ទះលោក ក្នុងខេត្ត Jiangxi នៅថ្ងៃទី ៤ ខែសីហា ២០២០ ក្រោយត្រូវបានតុលាការរកឃើញថាគ្មានទោសវិញ បន្ទាប់ជាប់២៧ឆ្នាំក្នុងគុករួច (China Daily)
លោក Zhang Yuhuan (ឆ្វេង) យំឱបកូនប្រុសនៅផ្ទះលោក ក្នុងខេត្ត Jiangxi នៅថ្ងៃទី ៤ ខែសីហា ២០២០ ក្រោយត្រូវបានតុលាការរកឃើញថាគ្មានទោសវិញ បន្ទាប់ជាប់២៧ឆ្នាំក្នុងគុករួច (China Daily)
ដោយ:
​បុរស​ចិន​ម្នាក់ ត្រូវបាន​តុលាការ​ប្រកាសថា​គ្មាន​ទោសកំហុស​ក្នុង​បទឧក្រិដ្ឋ​ឃាតកម្ម​វិញ ក្រោយ​រូបគេ​បាន​ចំណាយពេល​ក្នុង​គុក​អស់​២៧​ឆ្នាំ​រួចហើយនោះ​។ តុលាការ​សុំទោស តែ​បុរស​រូបនេះ​ប្រកាស​ជំហរ​ប្ដឹង​ទារ​សំណង​។

 
​លោក Zhang Yuhuan អាយុ ៥២​ឆ្នាំ ត្រូវបាន​ជាប់គុក​ដោយ​សារ​សម្លាប់​ក្មេងប្រុស​២​នាក់ ក្នុង​ឆ្នាំ​១៩៩៣​។ ក៏ប៉ុន្តែ​លោក​នៅ​បន្ត​អះអាងថា លោក​ត្រូវបានធ្វើ​ទារុណកម្ម​ដោយ​ប៉ូលិស និង​ត្រូវបាន​បង្ខំ​ឲ្យ​សារភាព​ទោសកំហុស​។ 
 
​បន្ទាប់ពី​ជាប់គុក​អស់​ជិត​៣០​ឆ្នាំ តុលាការ​ជាន់ខ្ពស់​ចិន បានប្រកាស​នៅ​ថ្ងៃទី ៤ ខែសីហា ថា លោក Zhang គ្មាន​ទោស ដោយ​លើកឡើងថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការដាក់ទោស​លើ​លោក​។ 
 
«​ក្រោយ​យើង​បាន​សើរើ​ឯកសារ​ឡើងវិញ យើង​បាន​រកឃើញថា គ្មាន​ភស្តុតាង​ដោយផ្ទាល់​ណាមួយ ដែល​អាច​បញ្ជាក់​ពី​ទោសកំហុស​របស់លោក Zhang ឡើយ​»​។ តុលាការ​របស់​ប្រជាជន​ជាន់ខ្ពស់​ខេត្ត​ជាំ​ង​ស៊ី ប្រកាស​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ ដោយ​បន្ថែមថា​៖«​ដូច្នេះ លោក Zhang ស្អាតស្អំ​»​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Zhang គឺជា​អ្នកទោស​ដែល​ត្រូវបាន​តុលាការ​កាត់ទោស​ខុស ហើយ​ជាប់គុក​ច្រើន​ឆ្នាំ​ជាងគេ​របស់​ប្រទេស​ចិន​។ ម្យ៉ាងទៀត ដំបូង​ឡើយ បុរស​ចិន​រូបនេះ ត្រូវបាន​កាត់ទោស​ប្រហារជីវិត ក្នុង​ឆ្នាំ​១៩៩៥ តែ​ត្រូវ​ប្ដូរ​ទៅជា​ជាប់គុក​ពេញ​មួយជីវិត​វិញ ក្រោយ​ជាប់គុក​២​ឆ្នាំ​។ 
 
​ក្រោយ​បណ្ដឹងតវ៉ា​បរាជ័យ​ជាច្រើនលើក ចុងក្រោយ តុលាការខេត្ត​ជាំ​ង​ស៊ី  កាល​ខែមីនា​កន្លងទៅ បាន​យល់ព្រម​សើរើ​សំណុំ​រឿងនេះ​ឡើងវិញ​។ បើតាម Xinhua សេចក្ដីថ្លែងការណ៍​ខាងលើ​បន្តថា តុលាការ​អាច​មិនអាច​បញ្ជាក់ថា បាវ និង​ខ្សែ​ដែល​ត្រូវបាន​រកឃើញ​នៅ​កន្លែង​ឃាតកម្ម ហើយ​កំណត់ថា​ជា​ឧបករណ៍​ក្នុង​ឧក្រិដ្ឋ​កម្មនេះ មាន​ជាប់ទាក់ទង​នឹង​លោក Zhang ឡើយ​។​
 
​តុលាការ​បាន​សុំទោស​លោក Zhang ចំពោះ​ការកាត់ទោស​ខុស​នេះ ខណៈ​មេធាវី​របស់លោក Zhang ប្រាប់​កាសែត​រដ្ឋ​ចិន China Daily ថា កូនក្តី​លោក នឹង​ប្ដឹង​ទាមទារ​សំណង​។ លោក Zhang ថា លោក​ចង់​ឲ្យ​អ្នក​ដាក់ទោស​លោក​ខុស ដើម្បី​ឲ្យ​ពួកគេ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​នេះ​៕ 

Tag:
 ចិន​
  ប្រព័ន្ធតុលាការ​
  Zhang Yuhuan
© រក្សាសិទ្ធិដោយ thmeythmey.com