ជាតិ
ពីស្រុកពួក ខេត្តសៀមរាប លោក ហ៊ិម លីហៀង ចែករំលែកបច្ចេកទេសចិញ្ចឹមកន្ធាយក្នុងអាង
× លោក ហ៊ិម លីហៀង ជាកសិករចិញ្ចឹមកន្ធាយដ៏ជោគជ័យម្នាក់ និងជាតំណាងកសិដ្ឋានគ្រួសារកន្ធាយ នៅស្រុកពួក ខេត្តសៀមរាប។ រយៈពេល២ឆ្នាំហើយ ដែលលោកប្រកបរបរចិញ្ចឹមកន្ធាយនេះ។ បច្ចុប្បន្នកសិដ្ឋាននេះ មានមេកន្ធាយពូជប្រមាណ ២ ៥០០ក្បាល និងកូនកន្ធាយប្រមាណ ៣ពាន់ក្បាល ដែលកន្ធាយមួយគីឡូក្រាមអាចលក់បានតម្លៃ ១១- ១៣ដុល្លារ ហើយកូនកន្ធាយ ១ក្បាលលក់បានតម្លៃ ១ដុល្លារ។ កសិដ្ឋានគ្រួសារកន្ធាយ អាចទទួលបានចំណូលប្រមាណ ៥ពាន់ដុល្លារ ក្នុងមួយខែពីការលក់កន្ធាយនេះ។ លោក ហ៊ិម លីហៀង បានចែករំលែកគន្លឹះចិញ្ចឹមកន្ធាយ ជាមួយសារព័ត៌មាន Thmeythmey25។
លោក ហ៊ិម លីហៀង បានចំណាយពេល៣ឆ្នាំហើយ ចិញ្ចឹមកន្ធាយក្នុងអាងស៊ីម៉ងត៍។ កសិករវ័យមានវ័យ២៧ឆ្នាំរូបនេះ ក៏ជាតំណាងកសិដ្ឋានគ្រួសារកន្ធាយ នៅក្នុងភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ លោក លីហៀង បានចែករំលែកពីវិធីសាស្ត្រចិញ្ចឹមកន្ធាយក្នុងអាងស៊ីម៉ងត៍ ThmeyThmey25។
បើតាម លោក ហ៊ិម លីហៀង ការជ្រើសរើសពូជ ការផ្តល់ចំណី និងការរៀបចំអាងចិញ្ចឹម គឺជាចំណុចសំខាន់សម្រាប់កសិករ ដើម្បីទទួលបានផលខ្ពស់ពីការចិញ្ចឹមកន្ធាយរបស់ខ្លួន។ លោក លីហៀង រៀបរាប់ប្រាប់ Thmeythmey25 ថាខែកុម្ភៈ ដល់ខែឧសភា គឺជាពេលវេលាល្អ សម្រាប់ការដាក់ចិញ្ចឹមកន្ធាយ។ ទន្ទឹមនឹងនេះ កសិករត្រូវជ្រើសរើសពូជកូនកន្ធាយដោយប្រុងប្រយ័ត្ន ដោយកូនកន្ធាយត្រូវតែមានសុខភាពល្អ រឹងមាំ និងមានទម្ងន់ពី៥០-២០០ក្រាម។
បន្ទាប់ពីជ្រើសរើសកូនកន្ធាយបានល្អៗហើយ កសិករ ជាទូទៅ គេត្រូវរៀបចំអាងស៊ីម៉ង ត៍ឬជីកស្រះ យ៉ាងហោចណាស់ ទំហំ ៥ម៉ែត្រការ៉េ និងមានជម្រៅពី ១ ម៉ែត្រ ទៅ ១,៥ម៉ែត្រ ដែលអាចដាក់កន្ធាយច្រើនបំផុត ២០០កូន ដើម្បីឲ្យកន្ធាយងាយស្រួលរស់នៅ។ គេក៏អាចរៀបចំអាងចិញ្ចឹមកន្ធាយតាមតម្រូវការជាក់ស្តែង ហើយបរិមាណកូនកន្ធាយ គឺអាស្រ័យលើទំហំអាងនោះ។ ចំណែកនៅបាតអាង ឬស្រះ ត្រូវដាក់ដីខ្សាច់កម្រាស់ ១ទៅ ២តឹក និងបញ្ចូលទឹកឲ្យពេញស្រះ។ បន្ទាប់មកបាចកំបោរប្រមាណ ១គីឡូទុកចោលប្រហែល ៣ អាទិត្យ សឹមបញ្ចូលទឹកបំពេញ មុននឹងដាក់ថ្នាំធ្វើឲ្យទឹកស្អាត ឬអាចត្រាំជាមួយដើមចេក ចំនួន ៣ អាទិត្យទៀត ទើបអាចដាក់កូនកន្ធាយចិញ្ចឹមបាន។ រីឯនៅមាត់អាំង ឬស្រះ ត្រូវក្របស័ង្កសី ឬប្រើសំណាញ់ព័ទ្ធជុំវិញ ដើម្បីកុំឲ្យកន្ធាយវាឡើង ហើយគេអាចដាំត្រកួន កំប្លោក ចកជាដើម ដើម្បីជាម្លប់ដល់កន្ធាយ។ សូមបញ្ជាក់ថា ទីតាំងអាង ឬស្រះចិញ្ចឹមត្រូវមានទីតាំងជិតផ្ទះ និងស្ងប់ស្ងាត់ល្អ ដើមម្បីងាយស្រួលក្នុងការថែទាំ។
ជាទូទៅ កន្ធាយដែលមានតម្រូវការទីផ្សារគឺមានទម្ងន់កន្លះគីឡូក្រាម។ ដើម្បីបានកន្ធាយដែលមានកន្ធាយចាប់ពីកន្លះគីឡូក្រាមឡើង គឺត្រូវចំណាយពេលចិញ្ចឹម ពី ៧ ខែ ទៅ ៩ ខែ។ ប៉ុន្តែបើចិញ្ចឹមទុកធ្វើពូជ គឺត្រូវចិញ្ចឹមចាប់ពី១ឆ្នាំឡើងទៅ។
ដើម្បីឲ្យកន្ធាយធំធាត់ល្អ គេត្រូវផ្តល់ចំណីឲ្យវាមួយថ្ងៃ ២ដង ហើយចំណីរបស់កន្ធាយ គឺមានទាំង
ចំណីឧស្សាហកម្មដែលកែច្នៃពីក្រុមហ៊ុន និងចំណីធម្មជាតិ ដែលមានដូចជាសាច់ត្រី,កូនត្រី,ឬដំឡូងជ្វា។ ប៉ុន្តែសម្រាប់ចំណីកូនកន្ធាយ ដែលទើបដាក់ក្នុងអាងដំបូង ត្រូវស្ងោរដំឡូងជ្វាឲ្យផុយល្មម កិនឲ្យបែកតូចៗ ឬសាច់ត្រីកិន យកទៅចាក់លើក្ដាមាត់ស្រះឲ្យវាស៊ី រហូតបានមួយខែទើបអាចចិញ្ច្រាំដំឡូងឆៅល្អិតៗ ឲ្យវាស៊ីបាន។
© រក្សាសិទ្ធិដោយ thmeythmey.com