អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានជាតិអប់រំជ្រើសរើសនិស្សិត៣0នាក់ ឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី២
× នៅក្នុងឆ្នាំសិក្សា២០២០-២០២១ នេះ វិទ្យាស្ថានជាតិអប់រំ នឹងរៀបការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី២ ចំនួន៣០នាក់ ដោយក្នុងចំណោមនោះ មានអាហារូបករណ៍ចំនួន១០កន្លែង និងនិស្សិត២០រូបផ្សេងទៀត នឹងត្រូវបង់ថ្លៃ។ បន្ទាប់ពីឆ្លងកាត់ការប្រឡងជ្រើសរើសហើយ ការសិក្សានឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០។ គឺជាការសិក្សាក្នុងថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងអាទិត្យ)។
លក្ខខណ្ឌនៃការប្រឡងជ្រើសរើស
ត្រូវជ្រើសរើសក្នុងចំណោមបេក្ខជនដែលកំពុងបម្រើការងារនៅអង្គភាពនានាក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឬជនជាតិបរទេសដែលមាន៖
- បរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូល ឬ
- បរិញ្ញាបត្រមុខជំនាញផ្សេងទៀត តែមានសញ្ញាបត្រភាសាបារាំង ចាប់ពីកម្រិត DELF B2 ឬ
- ជាគ្រូបង្រៀនដែលមានបទពិសោធន៍ក្នុងការបង្រៀនភាសាបារាំង៥ឆ្នាំ និងមានបរិញ្ញាបត្រផ្សេងទៀត ហើយមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B1 ។
ការទទួលពាក្យសុំចុះឈ្មោះប្រឡង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៥ល្ងាច នៅផ្នែកបណ្តុះបណ្តាលគ្រូភាសាបារាំងនៃវិទ្យាស្ថានជាតិអប់រំ។ កាលបរិច្ឆេទនៃសម័យប្រឡង នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។ បេក្ខជនដែលចាប់អារម្មណ៍អាចទាញយកពាក្យសុំពីក្នុងអសយដ្ឋានអេឡីចត្រូកនិកខាងក្រោមនេះបាន៖
www.moeys.gov.kh ឬ
www.nie.edu.kh ។
វិញ្ញាសាប្រឡងរួមមានវិញ្ញាសាភាសាបារាំង និងវិធីសាស្ត្របង្រៀនរយៈពេល៣ម៉ោង មេគុណ២ និងវិញ្ញាសាវប្បធម៌ទូទៅ រយៈពេល១ម៉ោង៣០នាទី មេគុណ១។
សម្រាប់ព័ត៌មានលម្អិតបន្ថែម បេក្ខជនអាចទាក់ទងជាមួយវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈលេខទូរសព្ទ ០១២ ៨៤៧ ៨៤៣ និង ០១២ ៨៣៧ ៧៤៦៕
© រក្សាសិទ្ធិដោយ thmeythmey.com