អន្តរជាតិ
អាជ្ញាធរ​ហុងកុង ចោទប្រកាន់​សកម្មជន​២៥​នាក់​ចំពោះ​ការជួបជុំ​ដោយ​គ្មាន​ការអនុញ្ញាត​
07, Aug 2020 , 9:29 pm        
រូបភាព
យុវជនហុងកុងជំនះជួបជុំអុជទៀនរំឭកដល់ការបង្ក្រាបលើបាតុករនៅទីលានធានអានមិន ទោះបីជាមានបម្រាមនៅសួន Victoria។រូបភាព៖ AP
យុវជនហុងកុងជំនះជួបជុំអុជទៀនរំឭកដល់ការបង្ក្រាបលើបាតុករនៅទីលានធានអានមិន ទោះបីជាមានបម្រាមនៅសួន Victoria។រូបភាព៖ AP
ដោយ:
​អាជ្ញាធរ​ហុងកុង បាន​ចោទប្រកាន់​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​២៥​នាក់ ចំពោះ​ការចូលរួម​ជួបជុំ​អុជ​ទៀន​នៅ​ថ្ងៃទី​៤ មិថុនា ដើម្បី​រំឭក​ដល់​ការបង្ក្រាប​លើ​បាតុករ​នៅ​ទីលាន​ធាន​អាន​មិន​ពី​សំណាក់​រដ្ឋាភិបាល​ចិន កាលពី​ឆ្នាំ​១៩៨៩​។ ការជួបជុំ​នេះ ជាការ​បំពាន​បម្រាមរ​បស់​ប៉ូលិស​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ ក្រោម​ហេតុផល​ជំងឺ​រាតត្បាត COVID-19​។

 
​ក្នុងចំណោម​បុគ្គល​២៥​រូប​ដែល​រង​ការចោទប្រកាន់ គេ​ឃើញ​លោក Joshua Wong ដែលជា​សកម្មជន​ដ៏​លេចធ្លោ និង លោក Jimmy Lai ដែលជា​អ្នកដឹកនាំ​សម្ព័ន្ធ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ចិន​។ ពួកគេ​ត្រូវបាន​ចោទប្រកាន់ថា មាន​ចេតនា​ចូលរួម​ក្នុងការ​ជួបជុំ​ដោយ​ពុំមាន​ការអនុញ្ញាត​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ចំណែក ឯ​លោក Lee Cheuk-yan ដែលជា​ប្រធាន​សម្ព័ន្ធ​រង​បទ​ចោទ​ពី​ការរៀបចំ​ជួបជុំ​នៅ​សួន Victoria កាលពី​ថ្ងៃទី​៤ មិថុនា​។ លោក Joshua Wong បា​នស​សេរ​នៅលើ Facebook របស់លោក​ថា ច្បាស់​ណាស់​របប​ទីក្រុង​ប៉េកាំង​កំពុង​រៀបចំ​ផែនការ​បង្ក្រាប​សកម្មជន​នៅក្នុង​ទីក្រុង​។  Wong បន្ថែមថា​៖« សំឡេង​យើង​ប្រហែលជា​មិនលឺ​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។ យើង​សង្ឃឹមថា ពិភពលោក​នឹង​បន្ត​និយាយ​ពី​សេរីភាព និង​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហុងកុង​»​។​
 
​នៅ​ថ្ងៃទី​៤ ខែមិថុនា​រៀងរាល់ឆ្នាំ ពលរដ្ឋ​ហុងកុង​តែងតែ​ប្រមូល​ផ្តុំគ្នា​ជា​ទ្រង់ទ្រាយ​ធំ ដោយ​អុជ​ទៀន ដើម្បី​រំឭក​ដល់​ការបង្ក្រាប​លើ​បាតុករ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​។ ហុងកុង គឺជា​ទីកន្លែង​តែមួយគត់​ក្នុងប្រទេស​ចិន​ដែល​អនុញ្ញាត​ឲ្យ​មានការ​រំឭក​ពី​ព្រឹត្តិការណ៍​នេះ​។​
 
​ប៉ុន្តែ ការបដិសេធ​មិន​ឲ្យ​មានការ​ជួបជុំ​រំឭក​ព្រឹត្តិការណ៍​ដោយ​ប៉ូលិស​ហុងកុង​នៅ​ឆ្នាំ​២០២០​នេះ គឺជា​ការហាម​ប្រាម​លើកដំបូង​បង្អស់​ក្នុង​រយៈពេល​៣០​ឆ្នាំ​។ ដោយ​មិនអាច​ជួបជុំគ្នា​ជា​ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃទី​៤ មិថុនា​បាន សកម្មជន​ហុងកុង​បានរៀបចំ​រំឭក​ព្រឹត្តិការណ៍​នេះ​នៅតាម​កន្លែង​រៀងៗ​ខ្លួន​ជា​ទ្រង់ទ្រាយ​តូច​។​
 
​មួយរយៈ​ពេល​ថ្មីៗ​ចុងក្រោយ​នេះ អាជ្ញាធរ​ហុងកុង​ចាប់ផ្តើម​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​សកម្មជន ប្រជាធិបតេយ្យ និង​អ្នក​ដែល​ចេញមុខ​ប្រឆាំងនឹង​អាជ្ញាធរ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ប៉ូលិស​ហុងកុង​បាន​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ ដោយ​ចេញ​បញ្ជា​ចាប់ខ្លួន​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​៦​រូប ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ដោយ​ចោទប្រកាន់​ពី​ការ​ញុះញង់​ឲ្យ​ធ្វើ​អបគមន៍​ផ្តាច់ខ្លួន និង​គប់គិត​ជាមួយ​កម្លាំង​បរទេស​៕

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com