កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ៖ Bale មិន​ចង់​លេង​នៅក្នុង​ជំនួប Man City នា​ជើង​ទី​២​ឡើយ​
07, Aug 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ គ្រូបង្វឹក​ក្លិប Real Madrid លោក Zinedine Zidane បាន​បកស្រាយ​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​វ៉េ​ល Gareth Bale មិន​ចង់​លេង​នៅក្នុង​ជំនួប​ជើង​ទី​២ ជាមួយ Manchester City នៃ​ពានរង្វាន់ Champions League នា​ម៉ោង​២ រំលង​អ​ធ្រា​ត (​ម៉ោង​នៅ​កម្ពុជា​)​ឈានចូល​ថ្ងៃទី​៨ សីហា​។ ជំនួប​ជើង​ទី​១ Real ចាញ់ Man City ដោយ​លទ្ធផល​២​ទល់​១ ក្នុង​ទឹកដី Santiago Bernabéu Stadium របស់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​BBC​។​


Gareth Bale គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​២៤​នាក់ របស់ Real Madrid ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម​មេឃ​ខៀវ Man City នៅ​ទឹកដី Etihad Stadium នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ​។ អវត្តមាន​របស់ Bale នេះ ត្រូវបាន​គ្រូបង្វឹក​ក្លិប Real Madrid លោក Zidane អះអាងថា ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូបនេះ មិន​ចង់​លេង​តទល់​ជាមួយ​ក្រុម Man City នា​ជំនួប​ជើង​ទី​២​នេះ​។​
 
BBC បាន​ស្រង់​សម្តី​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ដូច្នេះ​ថា​៖«​កិច្ចសន្ទនា​ជា​លក្ខណៈ​បុគ្គល​រវាង​ខ្ញុំ និង​គាត់ (Bale) គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិន​ចង់​លេង​។ នេះ​ជា​មូល​ហេតុតែ​ម្យ៉ាង​គត់ ដែល​ខ្ញុំ​អាច​ប្រាប់​អ្នក​។ ដូច្នេះ​ពួកយើង​ដែល​នៅសល់​ពេលនេះ គឺ​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​ល្អ​សម្រាប់​ការប្រកួត​នេះ​។ រឿង​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង​នោះ គឺ​ផ្ដោតទៅលើ​ការប្រកួត​ជើង​ទី​២​នេះ​»​។​
 
​នៅពេលដែល BBC សួរថា ចុះ​អនាគត Bale ដែល​បន្ត​រស់នៅ Madrid នេះ យ៉ាងម៉េច​ដែរ​? លោក Zidane មិនបាន​បញ្ជាក់​អ្វី​ច្រើន​ឡើយ ដោយ​គ្រាន់តែ​អះអាងថា Bale នៅតែ​ជា​កីឡាករ​របស់ Real Madrid​។ 
 
«​ខ្ញុំ​មិនដឹង​ទេ​! ប៉ុន្តែ​បច្ចុប្បន្នេះ Bale នៅតែ​ជា​កីឡាករ Real Madrid ហើយ​វា​គ្មានអ្វី​ប្រែប្រួល​ឡើយ ព្រោះ​គាត់​នៅតែ​ជា​កីឡាករ​របស់​យើង​។ ខ្ញុំ​គោរព​គ្រប់គ្នា និង​គោរព​គាត់ ដូច​អ្នក​ទាំងអស់គ្នា​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Zidane ដែល​ធ្លាប់​ដឹកនាំ Real លើក​ពានរង្វាន់ Champion League កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ នា​ជំនួប​ជាមួយ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។
​ខ្សែប្រយុទ្ធ Gareth Bale បានបង្ហាញ​ខ្លួន​តិច​ណាស់ ក្នុងការ​ប្រកួត​របស់​Real នាពេល​ចុង​ក្រោយនេះ ។ Bale បានបង្ហាញ​ខ្លួន​តែ​២​ដង​ប៉ុណ្ណោះ ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ​ចាប់តាំងពី​ខែមិថុនា​មក មុននឹង​Real គ្រង​តំណែង​ជើងឯក​ពានរង្វាន់ La Liga រដូវ​កាល ២០១៩-២០២០​នេះ​។ ហើយ​បើ​សរុប​មួយ​រដូវ​កាល​ពេញ​វិញ ខ្សែប្រយុទ្ធ​សញ្ជាតិ​វ៉េ​ល វ័យ​៣១​ឆ្នាំ​រូបនេះ បានបង្ហាញ​ទម្រង់​លេង​តែ​១៤​ប្រកួត​ប៉ុណ្ណោះ​។​
 
​កាលពី​ឆ្នាំមុន Bale ក៏​ធ្លាប់​ត្រូវបាន​ក្លិប​កំពូល​នៅ​លី​គ​ចិន Jiangsu Suning ចរចា​ទិញយក​ទៅលេង​នៅ​ទី​នោះដែរ ប៉ុន្តែ​ការចរចា​នោះ ក៏បាន​បរាជ័យ ដោយសារ​បញ្ហា​លក្ខខណ្ឌ​មួយចំនួន​។  
 
Bale ធ្លាប់បាន​បំបែក​កំណត់ត្រា​ពិភពលោក ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ គឺ​៨៥​លាន​ផោន (​ជាង​១១០​លាន​ដុល្លារ​) ដែល​បាន​ផ្ទេរ​ពី​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ទៅកាន់​ទឹកដី Santiago Bernabéu Stadium របស់ Real Madrid កាលពី​ឆ្នាំ​២០១៣​។ Bale បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ជើងឯក​អេ​ស្ប៉ា​ញ​មួយ​នេះ ឈ្នះ​ជើងឯក Champions League ចំនួន ៤ ដង ដោយ​ក្នុងនោះ​ធ្លាប់​ស៊ុត​បញ្ចូល​ទី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ ២០១៤ និង​ឆ្នាំ​២០១៦ ទល់នឹង Atletico Madrid រួមទាំង​ស៊ុត​បំប៉ោង​សំណាញ់ ២ គ្រាប់ ជួយ​ឱ្យ​Real ឈ្នះ Liverpool នៅ​ឆ្នាំ ២០១៨ ផងដែរ​៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com